រាជធានីភ្នំពេញ៖ ដើម្បីជួយរំដោះទឹកភាគខាងលិចរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញគ្រោងកសាងស្ថានីយបូមទឹកថ្មីមួយកន្លែងទៀត នៅទួលពង្រ ដែលមានឈ្មោះថា “ស្ថានីយបូមទឹកទួលពង្រ” ដោយជីកស្តារប្រឡាយបង្ហូរទឹក ដាក់លូជ្រុង ឱ្យបានទំហំទទឹង ៨ម៉ែត្រ។ ស្ថានីយបូមទឹកទួលពង្រ ដើម្បីរំដោះទឹកនៅតំបន់ជាយក្រុងពិសេស នៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។
គម្រោងនេះ ត្រូវបានលើកឡើង នៅក្នុងអង្គប្រជុំពិភាក្សាមួយ ដើម្បីរំដោះទឹក នៅរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង៣ និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី០២កុម្ភៈនេះ នៅសាលារាជធានី ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង បានលើកឡើងថា ចំពោះការងារពាក់ព័ន្ធនឹងការរំដោះទឹក យើងត្រូវតែធ្វើហើយ ទាំងការស្តារប្រឡាយឱ្យបានធំ រហូតដល់ ៨ម៉ែត្រ និងការងារស្ថាបនាស្ថានីយបូមទឹកទួលពង្រ ជាដើម។ អ្វីដែលសំខាន់នោះ គឺបញ្ហាថវិកា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវតែប្រឹងប្រែងជាមួយនឹងការគៀងគរពីបងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់បុរីធំៗ ឱ្យចូលរួម។
លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីឱ្យការងារខាងលើនេះ ដំណើរការទៅដោយរលូន និងលឿនទាន់ពេលវេលានោះ នៅថ្ងៃសៅរ៍នាចុងសប្តាហ៍នេះ លោកនឹងអញ្ជើញចុះទៅពិនិត្យប្រឡាយ និងទីតាំងដោយផ្ទាល់តែម្តង ដើម្បីជំរុញការងារនេះ អោយបានលឿនទាន់រដូវប្រាំង ងាយស្រួលធ្វើការ ដើម្បីបញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ នារដូវវស្សាខាងមុខ៕ ដោយ៖ ចន ណារិទ្ធ





ចែករំលែកព័តមាននេះ