ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ភូមា​ម្នាក់ កំពុង​ថត​វី​ដេ​អូ​រាំ​ហាត់ប្រាណ មិនដឹង​ថា មាន​រដ្ឋប្រហារ​នៅ​ខាងក្រោយ​នាង​ទេ​(​មាន​វី​ដេ​អូ​)

3 ឆ្នាំ មុន

ទីក្រុងណៃ​ពិដោ ៖ ឃ្លី​ប​វី​ដេ​អូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​លេច​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បង្ហាញ​ពី​ពេល​ដែល​យោធា​កំពុង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ត្រូវ​បាន​ថត​នៅ​ក្នុង​ការ​រាំ​ធ្វើលំហាត់ប្រាណ​ តាម​ចង្វាក់​បទ​ភ្លេង​របស់​នារី​ភូមា​ម្នាក់ ។ នាង Khing…

ទីក្រុងណៃ​ពិដោ ៖ ឃ្លី​ប​វី​ដេ​អូ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​លេច​ចេញពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​បង្ហាញ​ពី​ពេល​ដែល​យោធា​កំពុង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល ​ត្រូវ​បាន​ថត​នៅ​ក្នុង​ការ​រាំ​ធ្វើលំហាត់ប្រាណ​ តាម​ចង្វាក់​បទ​ភ្លេង​របស់​នារី​ភូមា​ម្នាក់ ។

នាង Khing Hnin Wai ជា​គ្រូបង្រៀន​ហ្វឹកហាត់​រាង​កាយ រស់នៅក្នុងរដ្ឋធានី​ណៃ​ពិដោ បាន​ថត​វី​ដេ​អូ នៅ​ខាងក្រៅ​អគារ​សភា របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា កាលពី​ថ្ងៃ​ចន្ទ ទី​០១ កុម្ភៈ ២០២១ ដោយ​មិន​បានដឹង​ថា រដ្ឋាភិបាល​ត្រូវ​បាន​ផ្តួលរំលំ និង​កងទ័ព​កំពុង​ធ្វើ​រដ្ឋប្រហារ នៅ​ពី​ខាងក្រោយ​ខ្នង​របស់​នាង​ឡើយ ។

ខ្សែ​វី​ដេ​អូ បាន​បង្ហាញ​ពី​នាង Khing Hnin Wai កំពុងរាំ ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សម្រួល​ដល់​រាង​កាយ​តាម​តន្ត្រី ខណៈ​រថពាសដែក និង​ទាហាន បាន​បិទផ្លូវ នៅ​ពីក្រោយ​នាង មុន​ពេល​ក្បួន​រថយន្ត​ប៉ូ​លី​ស និង​រថយន្ត​យោធា​ ឆ្ពោះទៅកាន់​សភា ។

នាង Wai បាន​បង្ហោះ​វី​ដេ​អូ​នេះ ទៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​នាង​តែងតែ​បង្ហោះ​វី​ដេ​អូ​ បង្រៀន​រាំ ដើម្បី​ចែករំលែក​ដល់​អ្នកគាំទ្រ​របស់​នាង ។ ខណៈ​ពេល​ដែល​អ្នក​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​មួយ​ចំនួន បាន​ហៅ​វី​ដេ​អូ​នេះ​ថា ជា​ការ​ក្លែងបន្លំ​ឲ្យ​មើលទៅ​ដូច​ជា​ការ​ពិត ។

ក្រោយ​ពី​មាន​មតិ​ថា ជា​វី​ដេ​អូ​ក្លែងបន្លំ រូប​នាង​បាន​ពន្យល់​ថា កន្លង​មក រូប​នាង​បាន​ប្រើប្រាស់​អគារ​សភា ជាទី​កន្លែង​សម្រាប់​ថត​វី​ដេ​អូ​ បង្រៀន​រាំ​ហាត់ប្រាណ អស់​រយៈពេល​១១​ខែ មក​ហើយ ។

នៅ​ក្នុង​ការ​បង្ហោះ​នោះ Wai បាន​លើក​ឡើង​ថា នាង​ដឹង​ថា មាន​អ្វីមួយ​កំពុង​កើតឡើង​នៅ​ពីក្រោយ​ខ្នង​នាង ប៉ុន្តែ​នាង​មិនប្រាកដទេ ទើបតែ​ដឹង​អត្ថន័យ​ច្បាស់​ថា​មាន​រដ្ឋប្រហារ នៅ​ពេល​ដែល​នាង​ចាក់​មើល​ឡើង​វិញ​នៅ​ពេល​ក្រោយប៉ុណ្ណោះ ។

អ្នកខ្លះ បាន​ចង្អុលបង្ហាញ​ថា បទ​ចម្រៀង​ដែល​នាង​កំពុង​រាំ គឺ​ហៅ​ថា AMPUN BANG JAGO ដែល​ជា​ឃ្លា​ឥណ្ឌូ​នេ​ស៊ី ជា​រឿយ​ៗ​ត្រូវ​បាន​គេ​ប្រើ​ ដើម្បី​ចំអក​ដល់​មេដឹកនាំ​យោធា​ណា​ ដែល​ក្រអឺតក្រទម ។

អ្នក​ប្រើប្រាស់ បាន​លើក​ឡើង​ទៀត​ថា Wai ប្រហែលជា​សង្ស័យ​អ្វី​ដែល​កំពុង​កើតឡើង​ហើយ ទើប​នាង​រាំ​ធ្វើ​លំ​ហាត់ប្រាណ ជាមួយ​ជម្រើស​បទ​មួយ​នេះ ។

ប៉ុន្តែ​នាង បាន​បដិសេធ​យ៉ាង​ដាច់ខាត ចំពោះ​ការ​លើក​ឡើង​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​នាង​អះអាង​ថា រូប​នាង​មិន​បាន​បង្ហោះ​វី​ដេ​អូ ជា​ការ​សើចចំអក ឬ​ដើម្បី​ក្លាយជា​តារា​ល្បី​នោះ​ទេ ។

នាង​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា “​ខ្ញុំ​បាន​បង្ហោះ​វី​ដេ​អូ​នេះ ពីព្រោះ​ខ្ញុំ​គិតតែ​ពី​ជំនួញ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​” ។

ជា​ការ​កត់សម្គាល់ កាលពីមុន យោធា​របស់​មី​យ៉ា​ន់​ម៉ា​បាន​គ្រប់គ្រង​ប្រទេស​នេះ ដោយ​ប្រើ​កម្លាំង​បង្ក្រាប​យ៉ាង​ឃោរឃៅ ទៅ​លើ​អ្នកប្រឆាំង និង​អ្នក​ដែល​មើលងាយ​របប​នេះ ។

ប្រទេស​នេះ បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ក្នុង​ឆ្នាំ​២០១០ ដោយ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​របស់​ខ្លួន ដោយ​មានការ​បោះ​ឆ្នោត​ជា​បន្ត​ទៀត នៅ​ឆ្នាំ​២០១៥ និង​បន្ថែម​ទៀត នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០ ។

ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ទី​០១ កុម្ភៈ រដ្ឋាភិបាល​ថ្មី​ចូល​ស្បថ​ចូល​កាន់​តំណែង មេដឹកនាំ​យោធា​បាន​ប្រើ​ប្រយោគ​មួយ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ពួក​គេ​បាន​ព្រាង ដើម្បី​ទម្លាក់​រដ្ឋាភិបាល និង​ដណ្តើម​អំណាច ។

ឧត្តមសេនីយ៍ បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​នេះ គឺ​ចាំបាច់ ដោយសារ​តែ​មាន “​ការ​លួច​បន្លំ​ការ​បោះ​ឆ្នោត​” ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី បាន​ឈ្នះ​ឆ្នោត ៨៣​ភាគរយ ដែល​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ថា លោកស្រី អាច​ព្យាយាម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ និង​ដក​អំណាច​ផ្តាច់​ការ​របស់​យោធា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ