ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មតាមដងផ្លូវ៖ គ្រប់គ្នា ត្រូវរួមគ្នា កំចាត់អោយបាន

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​ការ​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅ បានទទួល​លទ្ធផល​ល្អ​ប្រសើរច្រើន។ នោះគឺ​អត្រាគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងទាំងចំនួន​អ្នក​រងរបួស បាន ថយចុះច្រើន…

ភ្នំពេញ៖ ​ការ​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅ បានទទួល​លទ្ធផល​ល្អ​ប្រសើរច្រើន។ នោះគឺ​អត្រាគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងទាំងចំនួន​អ្នក​រងរបួស បាន ថយចុះច្រើន ធៀបនឹងឆ្នាំ២០១៩។ ប៉ុន្តែឃាតកម្មតាមដងផ្លូវនេះគឺជាបញ្ហាធ្ងន់ធ្ងរ សម្រាប់​កម្ពុជា ហើយមនុស្សគ្រប់គ្នា ត្រូវតែរួមគ្នាកំចាត់អោយបាន។

ក្នុងពិធីរំលឹកវិញាណក្ខន្ធជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅក្រុងតាខ្មៅ ខេត្តកណ្តាល​ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាពផ្លូវគោក បានលើក​ឡើងថា លទ្ធផលល្អប្រសើរ​លើការ​ងារ​​សុវត្ថិភាព​ចរាចរណ៍ កាលពីឆ្នាំ២០២០ កន្លងមក ដោយសារតែ​ការខិតខំបំពេញភារកិច្ច​ដោយស្មារតីទទួលខុសត្រូវរបស់​យន្តការដឹកនាំ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណៈការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ​។

តាមរបាយការណ៍ កាលពី​ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ បានថយចុះចំនួន ៩៤២លើក ស្មើ២៣% ក្នុងនោះ កាត់បន្ថយអ្នកស្លាប់ចំនួន ៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយ អ្នករបួសចំនួន១​៤៥៥នាក់​ ស្មើ២៤% បើធៀបនឹងឆ្នាំ២០១៩​។

យ៉ាងណាក៏ដោយ ​​បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែ​ជាបញ្ហា ដែលអូសបន្លាយ និងគួរអោយបារម្ភខ្លាំង ប្រសិនបើប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មើលរំលងការ​អនុវត្តច្បាប់ និងមិនគិតគូពីសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃទេនោះ។

​ក្រុមអ្នកជំនាញ ក៏បានលើកឡើងពី​អត្រាខុសគ្នារវាងអ្នកពាក់មួកសុវត្ថិភាពពេលថ្ងៃ និង ពេលយប់។ នៅពេលថ្ងៃ មានអ្នកដំណើរតាមម៉ូតូ ប្រើប្រាស់មួកសុវត្ថិភាព​ច្រើន ប៉ុន្តែ​ពេល​យប់ ភាគច្រើនអ្នកជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនោះទេ។ ការពាក់មួកសុវត្ថិភាព ភាគច្រើន ខ្លាចប៉ូលិសផាក​ប៉ុណ្ណោះ។​

ដូច្នេះ​សូម​​អ្នកដំណើរតាមម៉ូតូ ពិសេសអ្នកធ្វើដំណើរពេលយប់ សូមជួយអាយុ​ជីវិតខ្លួនឯង កុំធ្វេសប្រហែសឱ្យសោះ ពីគ្រោះគ្រោះថ្នាក់ពេលយប់ កើតឡើង​ច្រើន។ ក្នុងនោះ ដោយ ច្រើនទៀត កើតលើអ្នកដំណើរ​តាមម៉ូតូ និងអ្នកជិះម៉ូតូ ដែល​មិនពាក់​មួកសុវត្ថិភាពតែម្ដង។

​ចូរកុំភ្លេចថា ជាមធ្យម នៅប្រទេស​កម្ពុជាយើង ​មានអ្នកស្លាប់ពី ៤ ទៅ ៥នាក់ ដោយ សារតែគ្រោះថ្នាក់ចរាចរណ៍ រៀងរាល់ថ្ងៃ​។ ចំណែកអ្នករបួសវិញ ជា​មធ្យម មិន​តិច​ជាង ១០​នាក់​ឡើយ ក្នុង ១ថ្ងៃៗ។

​ចំនួនអ្នកស្លាប់ និងអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្វីត្បិតតែបាន​ថយចុះ កាលពីឆ្នាំ២០២០ ក៏ប៉ុន្តែ​ក្នុងរយៈពេល ១ខែ​ក្នុងឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ នៅតែកើតឡើងរៀងរាល់ថ្ងៃ ហើយបានសម្លាប់មនុស្ស​មិនលោះថ្ងៃទេ​។ ដូច្នេះការងារ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក៏​មិនអាចដកដៃបានឡើយ​។

ប៉ូលិស​ចរាចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ សូម​បន្ត​អប់រំណែនាំ​ផ្សព្វផ្សាយ រួមទាំង​វិធានការ ត្រួតពិនិត្យ​ការអនុវត្តច្បាប់ ដោយចាប់ផាកពិន័យ​អ្នកមិនគោរពច្បាប់ ពិសេស​អ្នកធ្វើ​ដំណើរ តាមម៉ូតូ មិនពាក់មួកសុវត្ថិភាព​។ រីឯ​អ្នកធ្វើដំណើរ​ ពិសេស​អ្នកបើកបរ​ម៉ូតូ និងយានយន្តគ្រប់ ប្រទេស សូមបន្ត​គោរពច្បាប់ តាមរយៈវិធីសាមញ្ញៗ គឺ​ពាក់មួក​សុវត្ថិភាព​គ្រប់ពេល នៅពេល​ធ្វើដំណើរតាមម៉ូតូ មិនថា ជិត ឬឆ្ងាយ ហើយ​បើកបរ​កុំលឿនៗពេក ជាដើម។​

សូមចងចាំថា មួកសុវត្ថិភាព​ ១ ជីវិត ១ ព្រោះថា នៅពេលមានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ដោយចៃដន្យណាមួយ គឺ​មួកសុវត្ថិភាពនេះហើយ​ ​អាច​ការពារក្បាល​របស់​អ្នកបើកបរ​ និងអ្នកធ្វើ​ដំណើរ​តាមម៉ូតូ​។ ការចេះច្បាប់ចរាចរណ៍ និងចេះបើកបរត្រឹមត្រូវ រួមទាំង​ការគោរពច្បាប់ ក៏ជា​កត្តា​មិនអាចខ្វះបាន ក្នុង​ការបង្ការ និងកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំថ្ងៃ​ផងដែរ៕