ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹកស្អែក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បើ​មិន​មានការ​កែប្រែ​ទេ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លើកយក​សំណុំរឿង រ៉ុ​ង ឈុ​ន…


រាជធានី​ភ្នំពេញ ៖ ព្រឹកស្អែក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បើ​មិន​មានការ​កែប្រែ​ទេ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​លើកយក​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពាក់ព័ន្ធ​ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ជា​បទល្មើស​មាន​ចែង​តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ សូម​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ កន្លង​មក សាលាដំបូង​រាជធានី​ភ្នំពេញ បាន​លើកយក​សំណុំរឿង​ពាក់​ពន្ធ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម មក​បើក​សវនាការ​ជំនុំជម្រះ​ម្តង​រួច​ហើយ និង​ក្រោយ​ពី​ការ​សាកសួរ​ដេញដោល​អស់​ពេល​ជា​ច្រើន​ម៉ោង នឹង​ចប់​ម៉ោង​រដ្ឋបាល ប្រធាន​ក្រុមប្រឹក្សា​បាន​លើក​ពេល​បន្ត​សវនាការ​មក​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២១ ស្អែ​នេះ ។

សវនាការ​លើ​មុន​នោះ​មាន​ជន​ត្រូវ​ចោទ​ចំនួន​៤​នាក់ ត្រូវ​បាន​នាំ​មក​ឈរ​មុខ​រង្វង់​ក្រចកសេះ ដើម្បី​ឲ្យ​អង្គ​សវនាការ​ធ្វើការ​សាកសួរ​ដេញដោល​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក លិ សុខា ចៅក្រម​ជំនុំជម្រះ និង​តំណាង​អយ្យការ​គឺ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ជន​ត្រូវ​ចោទ​៤ នាក់​នោះ​មាន ១.​លោក រ៉ុ​ង ឈុ​ន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ២.​លោក សួង សុ​ភណ្ឌ ប្រធាន​គណៈបក្ស​ខ្មែរ​, ៣.​លោក តុល និមល និង​៤.​អ្នកស្រី ស កណិការ​។

ដែល​ជន​ត្រូវ​ចោទ​សុទ្ធតែ​មាន​មេធាវី​ការពារ​ក្តី​រៀងខ្លួន ហើយ​ក៏​មានការ​ចូល រួម​តាមដាន​ពី​សំណាក់​តំណាង​អង្គទូត និង​អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​១៥​នាក់ និង​អ្នក​សារព័ត៌មាន​៥ នាក់ ផង​ដែរ​។ សូម​បញ្ជក់​ទៀត​ថា លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក កាលពី​យប់​ថ្ងៃ​សុក្រ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់​ពី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ជា​សាធារណៈ​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ លោក រ៉ុ​ង ឈុ​ន ដែល​បាន​អត្ថាធិប្បាយ​ជុំវិញ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០​។

លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ផ្ដល់​បទ​សម្ភាសន៍​តាម​វិទ្យុ​មួយ នៅ​មុន​ពេល​មានការ​ចាប់ខ្លួន​លោក​ប៉ុន្មាន​ម៉ោង ដោយ​បាន​បដិសេធ​លើ​ការ​ចោទប្រកាន់​នេះ​ថា រូប​លោក​បាន​ចែករំលែក​ព័ត៌មាន​មិន​ពិត តាម​រយៈ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​មួយ កាលពី​ស​ប្ដា​ហ៍​មុន​ពាក់ព័ន្ធ​នឹង​ករណី​ប្រជាពលរដ្ឋ​លើក​ឡើង​ពី​ការ​បាត់បង់​ដី​សហគមន៍​នៅ​តាម​បណ្ដោយ​ព្រំដែន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ