រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនក៏បានធ្វើការឃាត់ខ្លួននាំយកទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់តែម្ដង។
ការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនោះបានធ្វើឡើងកាលពីវេលាម៉ោង១និង១៥នាទីយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចតាមផ្លូវលំ ស្ថិតនៅខាងក្រោយវត្តព្រះបាទជាន់ឯង ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនខាងលើនោះឈ្មោះ ទិត្យ ស្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិ សង្កាត់ខាងលើ ហើយតាមការពិនិត្យទឹកនោមរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន ។ កងរាជអាវុធហត្ថបានដកហូវត្ថុតាងរួមមាន៖គ្រឿងញៀនចំនួន០៤កញ្ចប់ថង់តូច, កាំភ្លើងច្នៃបាញ់គ្រាប់កង់១ដើម, ទូរស័ព្ទដៃ១គ្រឿង ពណ៍ខ្មៅ, ម៉ូតូ១គ្រឿងម៉ាកគុប ពណ៍ទឹកប៊ិច គ្មានស្លាកលេខ ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោបានចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូគួរឲ្យសង្ស័យ កម្លាំងក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យឃើញមានថ្នាំញៀន១កញ្ចប់នៅជាប់ខ្លួន បន្ទាប់មកក៏បាននាំយកទៅធ្វើការសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ។
តាមប្រភពព័ត៌មានដដែលបានបន្តទៀតថា លុះដល់វេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី២ ខែកុម្ភៈ ដដែលនោះ កម្លាំងបានចុះទៅធ្វើការឆែកឆេរបន្ទប់ដែលជនសង្ស័យស្នាក់នៅ ហើយបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច ព្រមទាំងអាវុធច្នៃបាញ់គ្រាប់កង់១ដើម។
ក្រោយពេលចាប់ខ្លួននិងប្រមូលបានវត្ថុតាងហើយ កងរាជអាវុធហត្ថខណ្ឌដង្កោបានកសាងសំណុំរឿងជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានកងអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ