លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បាននិយាយថាមនុស្សជោគជ័យមើលឃើញឧបសគ្គជាឱកាសចំណែកមនុស្សបរាជ័យឧបសគ្គជាការភ័យក្លាច។ និយាយដូច្នេះ លោកបានលើកឧទាហរណ៍ដូចជានៅក្នុងពេលកូវីដ១៩រាតត្បាតនេះ សម្រាប់លោក លោកបានមើលឃើញនេះជាឱកាសនៅពេលមនុស្សជាច្រើនភ័យក្លាច។ លោកបានបង្កើតអាជីវកម្មថ្មីចំនួនពីរនៅពេលនេះ ក្រៅពីអាជីវកម្មចាស់របស់លោកមិនបានកាត់បន្ថយបុគ្គលិក កាត់បន្ថយចំណាយ ដូចស្ថាប័នជាច្រើននោះ។

លោក សោម សម្បត្តិ ដែលគេតែងតែហៅឲ្យទៅចែករំលែកបទពិសោធន៍លើការងារអាជីវកម្មនិយាយ អ្វីដែលជំរុញឲ្យលោកមើលឃើញពេលនេះជាឱកាសដោយសារលោកបានស្គាល់ជំងឺកូវីដ១៩ ថាវាចេញពីណាហើយទៅណា លោកបានដឹងថាគេអាចការពារកូវីដ១៩បាន ដូច្នេះលោកសម្រេចចិត្តបង្កើតអាជីវកម្មថ្មីនៅក្នុងឱកាសនេះ។ លោកសោម សម្បុត្ត មិនបាន និយាយថាអាជីវកម្មថ្មីពីររបស់លោកដែលបានបង្កើតនោះថាជាអ្វីទេ ប៉ុន្តែលោកថា “អ្វីដែលយើងបានធ្វើនៅពេលនេះគឺយើងបានបង្កើតការងារថ្មីដល់មនុស្ស ឲ្យមានការងារធ្វើមានប្រាក់ខែសមរម្យ។ ចំណែកបុគ្គលិកចាស់របស់យើង យើងមិនត្រឹមមិនកាត់បន្ថយប្រាកខែ ឬចំនួនបុគ្គលិកនោះទេ យើងបានលើកទឹកចិត្តពួកគេ បន្ថែមប្រាក់ខែឲ្យពូកគេនៅពេលស្ថាប័នជាច្រើនកាត់បន្ថយបុគ្គលិក។ នេះជាចំនុចជោគជ័យរបស់យើង” លោក សោម សម្បត្តិនិយាយនៅលើបណ្តាញសង្គម។
ពាណិជ្ជកររូបនេះបានបញ្ជាក់ថា “នៅពេលមនុស្សជាច្រើនមានការភ័យក្លាចជាមួយជំងឺកូវីដ១៩ ហើយយើងម្នាក់ឬពីរនាក់ក្លាយហ៊ាននោះ នោះឱកាសនឹងនៅក្នុងកណ្តាប់ដៃរបស់យើង”។

ចំណែកបុគ្គលកម្នាក់ទៀតដែលឲ្យតម្លៃលើឱកាសដែលនោះ គឺ លោកច្រឹក សុខនីម។ លោកសុខនីម ជាវិនិយោគិនអចលនទ្រព្យម្នាក់នៅកម្ពុជាហើយលោកក៍ជាជាប្រធានសមាគមវាយតម្លៃនិងភា្នល់ងារអចលនទប្រព្យកម្ពុជា។ សម្រាប់បុគ្គលដែលបានជ័យជោគលើការងារជាច្រើនមកនេះបានលើកឡើងថា មានកក្តាបីដែលឲ្យនាំមនុស្សជោគជ័យ នៅក្នុងនោះមានសមត្ថភាព ឱកាស ហើយកក្តាមួយទៀតលោកថាអាចជាភ័ព្វសំណាង។

លោក ច្រឹក សុខនីម បាននិយាយអ្វីដែលគេគួរធ្វើដំបូងមុខឈានទៅរកភាពជោគជ័យគឺការសិក្សា ស្វែងរកចំណេះដឹង ជំនាញដាក់ខ្លួន បន្ទាប់ទៅត្រូវរងចំាឱកាស។ នៅក្នុងការរងចំាឱកាសនេះ បើគ្មានឱកាសគេអាចបង្កើតឱកាសបាន។ “ដើម្បីបង្កើតឱកាស ខ្ញុំធ្វើការច្រើនជាងអ្នកដទៃ។ ខ្ញុំធ្វើការងារដែលអ្នកដទៃមិនចូលចិត្តធ្វើ។ កាលខ្ញុំធ្វើឲ្យការឲ្យគេខ្ញុំចូលចិត្តធ្វើការងារច្រើន លុះយើងធ្វើការងារច្រើន ថ្នាក់លើនឹងទុកចិត្ត គេបន្ថែមការងារឲ្យយើងធ្វើ យើងធ្វើរហូតទៅបានលទ្ធផលល្អរហូត នៅពេលណាមួយដែលគេត្រូវការមនុស្សក្នុងមុខតំណែងខ្ពស់គេនឹងផ្តល់ឱកាសឲ្យ យើង”។

លោក កឹម អឿន ជាសហគ្រិនចេះមើលឱកាសម្នាក់ទៀត។ លោក កឹម អឿនថានៅពេលមនុស្សមានបញ្ហាដោយសារកូវីដ១៩នេះ លោកបានបង្កើតអាជីវកម្មថ្មីមួយ ដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ។ លោកបានបង្កើតក្រុមហ៊ុនHOME DUCATION ដែលផ្តល់ឱកាសឲ្យម្ចាស់សហគ្រាសធនតូចនិងមធ្យមជួបគ្នានៅលើវេទិការបស់លោក ដើម្បីចែករំលែកបទពិសោធន៍និងទទួលបានចំណេះដឹង ពីគ្រូឧទ្ទេសដែលមានបទពិសោធន៍សម្រាប់ការគ្រប់គ្រងនិងដោះស្រាយបញ្ហាអាជីវកម្មនៅពេលកូវីដ១៩នេះ។

លោកកឹម អឿនថា កូវីដ១៩បានផ្តល់ឱកាសឲ្យលោករកឃើញមុខជំនួញដែលចូលចិត្តហើយបានកំពុងលូតលាស់ទៅមុខនៅក្នុងបរិបទនេះ។ “ខ្ញុំមើលឃើញថាមហាសេដ្ឋីជេកម៉ា គាត់ល្បីកាលពីសម័យជំងឺសាល ក្រុមហ៊ុនAlibaba របស់គាត់បង្កើតឡើង។ ខ្ញុំចង់ឲ្យ HOME DUCATIONរបស់ខ្ញុំលូតលាស់ទៅមុខដូចគាត់ដែរ។ ខ្ញុំបានមើលឃើញថានៅពេលមានការលំបាកតែងតែមានអាជីវកម្មលេចធ្លោកើតមាន”៕
ចែករំលែកព័តមាននេះ