ខេត្តរតនគិរី ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា ស្ថាប័នដៃគូសមាគមបណ្តុះកុមារ (BK) ក្រសួងពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ (ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងអភិវឌ្ឍន៍ជនបទ) និងសហគមន៍ រួមគ្នាសម្ពោធគម្រោង ១០០០ថ្ងៃដំបូង នៅខេត្តរតនគិរី នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។
គោលបំណងរួមរបស់គម្រោង គឺដើម្បីលើកកម្ពស់ស្ថានភាពសុខភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ នៅក្នុងខេត្តរតនគិរី និងដើម្បីឱ្យពួកគេអាចលូតលាស់ និងអភិវឌ្ឍបានត្រឹមត្រូវតាមរយៈការកាត់បន្ថយភាពខ្វះស្បៀងអាហារ និងកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងចំណោមក្មេងស្រី និងក្មេងប្រុសងាយរងគ្រោះអាយុក្រោម ៥ឆ្នាំ ជាពិសេស ក្រុមជនជាតិដើមភាគតិច។
គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយ ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការ ភ្លែនអន្តរជាតិអាល្លឺម៉ង់ ទៅសមាគមបណ្តុះកុមារ ដើម្បីដំណើរការគម្រោងរយៈពេល ៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងភូមិចំនួន ៥៤ នៃ ស្រុកតាវែង និងស្រុកវឺនសៃ ក្នុង ខេត្តរតនគិរី។
លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ «អត្រានៃកង្វះ អាហារូបត្ថម្ភក្នុងចំណោមក្មេងស្រី និងក្មេងប្រុសអាយុក្រោម ៥ឆ្នាំ ជាពិសេស ក្នុងចំណោមក្រុមជនជាតិដើមភាគតិចនៅតែមានកម្រិតខ្ពស់នៅក្នុងខេត្តរតនគិរី បើប្រៀបធៀបនឹងអត្រាថ្នាក់ជាតិ។ កង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ រួមចំណែកដល់អត្រានៃការមានជម្ងឺ និងមរណភាពរបស់កុមារ ហើយប៉ះពាល់ដល់ការអភិវឌ្ឍរាងកាយ និងបញ្ញាស្មារតីនៅក្នុងវ័យកុមារភាពរបស់កុមារ»។
ដើម្បីដោះស្រាយបញ្ហាដែលបានគូសបញ្ជាក់ គម្រោងនេះនឹងត្រូវបានធ្វើឱ្យប្រសើរឡើងនូវវិធីសាស្ត្រអនុវត្ត រៀនសូត្រពី បទពិសោធន៍មុនៗ នៃការអនុវត្ត ជាពិសេស ការលើកកម្ពស់សមភាពយេនឌ័ររដោយផ្តោតលើវិធីសាស្ត្រដូចខាងក្រោម៖
(១) កែលម្អការទទួលបានសេវាសុខភាពសម្រាប់កុមារកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងមធ្យមមានអាយុក្រោម ៥ឆ្នាំ
(២) កែលម្អការអនុវត្តនៃភាពចម្រុះនៃរបបអាហារសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
(៣) បង្កើនឥរិយាបថប្រើប្រាស់ទឹកស្អាត និងអនាម័យក្នុងគ្រួសារសម្រាប់ការបំបៅទារក និងការផ្តល់អាហារបន្ថែមដល់កុមារ
(៤) បង្កើនផលិតផល ចំណីអាហារដែលមានលក្ខណៈចម្រុះបែបក្នុងរបបអាហារ រួមមាន ការដាំបន្លែនៅផ្ទះ ការរៀបចំ ការរក្សាទុកនិងលក់
និង (៥) លើកកម្ពស់សហគ្រាសខ្នាតតូចសម្រាប់បង្កើតប្រាក់ចំណូល។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីមានផ្ទៃពោះចំនួន ២៨០០នាក់ កុមារអាយុក្រោម ៥ឆ្នាំ ចំនួន ៤១៤៦នាក់ (ក្មេងស្រី ២១១៥ នាក់) ក្នុងនោះកុមារ ១៦៧៣នាក់ (ក្មេងស្រី ៨៥៣នាក់) មានអាយុក្រោម ២ឆ្នាំ។ ស្ត្រីចំនួន ៣៧២០នាក់ ដែលស្ថិតនៅវ័យបន្តពូជចន្លោះពី ១៥ ដល់ ៤៤ឆ្នាំ។ កុមារដែលកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរចំនួន ៣៨៣នាក់ និងកុមារខ្វះអាហារូបត្ថម្ភស្រួចស្រាល់កម្រិតមធ្យមចំនួន ៨០០នាក់ និងបុរស ឬ ឪពុក ចំនួន ២៧៦៤នាក់ ដែលមានកូនពីអាយុ ០ ដល់ ៥៩ខែ។
អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី។ យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកមួយដោយធ្វើការរួមគ្នាជាមួយ កុមារ យុវជន អ្នកគាំទ្រ និងស្ថាប័នដៃគូរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាង ៨០ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិ មានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។ យើងបានចាប់ផ្តើមបេសកកម្មរបស់យើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ៕
ចែករំលែកព័តមាននេះ