ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន និងខ្មែរ ជិតមកដល់ នាយករដ្ឋមន្ត្រី ជំរុញឲ្យទប់ស្កាត់​ការ​ឆ្លង​កូវីដ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្នុងពិធី​បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី…

ភ្នំពេញ៖ ក្នុងពិធី​បើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ចំការមន នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានប្រកាសបន្តរឹតបន្តឹងការធ្វើចត្ត័ឡីស័ក ពិសេសចំពោះពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ រួមទាំង​ការឆ្លងដែនពីប្រទេស វៀតណាម ចូលមកកម្ពុជា។

វិធានការរឹតបន្តឹង នៅតាមព្រំដែននេះ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាលពីជំងឺកូវីដ១៩ ចូល មក​​ក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ការធ្វើចត្តាឡីស័ក គឺតម្រូវឱ្យធ្វើរយៈពេល ១៤ ថ្ងៃ ជាកំហិត គ្មានការលើកលែង និងបន្ធូរបន្ថយឡើយ ហើយវិធានការនានា ដែលបានដាក់ចេញ នាពេលកន្លងមក រួមទាំងការរក្សាគម្លាតសុវត្ថិភាពសង្គម ការអនុវត្តវិធានការអនាម័យរបស់ ក្រសួងសុខាភិបាល ក៏ត្រូវតែធ្វើឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវពិសេសនៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខផងដែរ។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល ក៏បានចេញលិខិត ណែនាំ ពីការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំ​ និងពិធីសែន​ផ្សេងៗ។ ការណែនាំ រម្លឹក​ពីវិធានការការ​ពារ​ការចម្លងវីរុសកូវីដ​នេះ ខណៈដែល​ប្រទេសជិត​ខាងយើង ពិសេសប្រទេសថៃ និងវៀតណាម កំពុង​ឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍​ជាថ្មីទៀត​។

​​​ក្រសួងសុខាភិបាល លើកឡើងថា​ ទោះបីជាប្រទេសកម្ពុជា បាន និងកំពុងខិតខំ​ទប់ស្កាត់ កុំឲ្យមានការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាពល្អ​ហើយក៏ដោយ ក៏ជំងឺដ៏កាចសាហាវនេះ នៅ​តែជាការគំរាមកំហែងសុខភាពសាធារណៈ ហើយលទ្ធភាព នៃការចម្លងវីរុសនេះ នៅក្នុងប្រទេស ក៏នៅខ្ពស់​នៅឡើយ ដោយសារប្រទេសជិតខាងយើង មាន​ប្រទេសថៃ និងប្រទេសវៀតណាម កំពុង​ផ្ទុះឡើងនូវ​ការចម្លងវីរុសកូវីដ-១៩ ជាថ្មីទៀត នៅក្នុងសហគមន៍។

ក្រសួងសុខាភិបាល បានប្រកាស​អំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ទាំង​អស់ បន្តអនុវត្តការការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុង ពិធីបុណ្យចូល​ឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នាពេលខាងមុខនេះ។

ក្រសួងសុខាភិបាល ក៏បាន​ប្រកាសណែនាំដល់​អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការ​​ឯកភាពឃុំ/សង្កាត់​ខណ្ឌ ជាពិសេសខេត្តជាប់ព្រំប្រទល់ សូម​យកចិត្តទុកដាក់គ្រប់គ្រង ចរាចរណ៍​ពលករ ឬ​អ្នកដំណើរ និងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរ ឲ្យបាន​ហ្មត់ចត់​បំផុត តាមការណែនាំរបស់ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​​ឲ្យបាននូវការចម្លង​វីរុស​កូវីដ -១៩ ចូលមកកម្ពុជា។

ក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋ បន្ត​ចូលរួមអនុវត្តកិច្ចការពារខ្លួន កុំឲ្យ​មាន​ការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តនូវ​វិធានការ ៣​ការពារ និង ៣កុំ។ ៣​ការពារ​ ​រួមមាន៖ ១-ត្រូវពាក់ម៉ាស់គ្រប់ៗគ្នា នៅពេលធ្វើដំណើរ និងពេលចូលទៅកាន់ ទីកន្លែង​ណាមួយ។ នៅតាមទីកន្លែង នីមួយៗ ត្រូវមានការឆែកមើល តើមានការប្រើ​ប្រាស់​ម៉ាស់ដែរទេ មុននឹង អនុញ្ញាតឲ្យចូលទៅទីកន្លែងណា​មួយ។ ២-ធ្វើការវាស់កំដៅ និង​បាញ់ទឹកអាល់កុលលាងដៃ ឬទឹកដែលលាងដៃ សម្រាប់រាល់បុគ្គល កុំឲ្យមានការ​ធ្វេស​ប្រហែសនៅមុខច្រក​ចេញ-ចូល​ក្លោងទ្វារនីមួយៗ។ ៣-ត្រូវរៀបចំឲ្យ​មានកន្លែង​លាង​ដៃ​នៅច្រកចេញ-ចូល និងលាង សម្អាតដៃ ឲ្យបានញឹកញាប់​ ចាត់ចែង​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល ដោយមានគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ (១.៥ម៉ែត្រ)។

រីឯវិធានការ ៣កុំ មាន​៖ ១-កុំទៅកន្លែងដែលមានមនុស្សម្នាច្រើនកុះករ។ ២-កុំចូល​ទៅ​កន្លែង ដែលបិទជិតឈឹង មិនមានខ្យល់ចេញចូល និងប្រើប្រាស់ម៉ាស៊ីនត្រជាក់​​ច្រើន​ពេក។ ៣-កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឬឱបគ្នា នៅពេលជួបគ្នា ដោយប្រើការសំពះ ការងក់ក្បាល ឬគ្រវីដៃ បង្ហាញជា ការធ្វើគាវរកិច្ចឲ្យគ្នាទៅវិញទៅមក ជាដើម។

ដូច្នេះ ក្នុងអំឡុងបុណ្យ​ឈប់សម្រាកខាងមុខនេះ ពិសេស​​បុណ្យចូលឆ្នាំចិន នៅអាទិត្យក្រោយ និងបុណ្យចូលឆ្នាំខ្មែរ នៅខែមេសា ​សូមបងប្អូ​នប្រជាពលរដ្ឋ បន្តអនុវត្តតាមការ​ណែនាំរបស់ ក្រសួងសុខាភិបបាល ដោយ​បន្ត​ពាក់ម៉ាស់ រក្សាអនាម័យដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ជ្រើសរើសការជួបជុំគ្រួសារ ឬដំណើរកំសាន្តប្រកប​ដោយ​​សុវត្ថិភាព មិនមានការចម្លង ជំងឺកូវីដ-១៩​។

​ការជួបជុំ ដែលមានមនុស្សម្នាច្រើន ដូចជា ការធ្វើដំណើរកំសាន្ត ប្រមូលផ្តុំច្រើន បរិភោគ អាហារជាមួយមិត្តភក្តិច្រើនខាងក្រៅផ្ទះ ការជប់លៀងទ្រង់ទ្រាយធំ ជាដើម គួរតែបន្តផ្អាកសិន​។ ​ក្នុងនោះ ការជួបជុំគ្នាលេងល្បែងស៊ីសង ការច្រៀងរាំ ដែលមិន​មានគម្លាតសុវត្ថិភាព ឬការជួបជុំគ្នាស៊ី​ផឹកគគ្រឹកគគ្រេង ក៏គួរតែជៀសវាងសិន​ដែរ​។

​ក្នុងអំឡុងពេលបុណ្យឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋយើង ក៏ត្រូវតែជ្រើសរើស​មធ្យោបាយធ្វើដំណើរមានសុវត្ថិភាព កាត់បន្ថយជាអតិបរិមា នូវការចម្លង​ជំងឺ​កូវីដ១៩ផង និងជៀសវាង​គ្រោះថ្នាក់ចរាចរណ៍ផង។

ចូរ​យើងកុំ​ភ្លេចថា កូវីដ១៩ នៅកម្ពុជាយើង ចាប់តាំងពីកើតដំបូង កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០​ មកដល់ពេល​នេះ នៅទូទាំងប្រទេស មិនទាន់មានអ្នកស្លាប់​ ដោយសារជំងឺ​កូវីដ១៩​ នៅ​ឡើយ​ទេ​​។ ប៉ុន្តែ​គ្រោះ​ថ្នាក់​​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​រៀង​រាល់​​ថ្ងៃ​ នៅក្នុងប្រទេស​យើង ជា​ពិសេស​​នៅ​អំឡុង​ពេល​​ថ្ងៃ​​បុណ្យ​​​​ឈប់​​​សម្រាក​ ដែល​មានការធ្វើដំណើរ​ច្រើន៕