រាជធានីភ្នំពេញ ៖ កម្មករលើកថ្មម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយត្រូវថ្មម៉ាបធំមួយផ្ទាំង ធ្លាក់ពីលើរថយន្តសង្កត់ពីលើ នៅក្នុងទីតាំងឃ្លាំងសិប្បកម្មថ្មម៉ាបធំមួយកន្លែង ស្ថិតក្នុងភូមិទ្រា៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ កើតឡើងតាំងពីវេលាម៉ោង១៤រសៀលមកម្លេះ ប៉ុន្តែទើបតែបង្កអោយមានការភ្ញាក់ផ្អើលខ្លាំងនៅវេលាម៉ោង១៧ និង០០នាទីរសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១នេះ ។
ជនរងគ្រោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណ ខណៈសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ កំពុងពិនិត្យសាកសពនៅខាងក្នុងទីតាំង ដោយពុំអនុញ្ញាត្តិអោយមានការចូលទៅសួរនាំ ឬផ្តិតយករូបភាពឡើយ ។
តាមប្រភពព័ត៌មាន អោយដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ រថយន្តកុងតឺន័រដឹកថ្មម៉ាបធុនធំមួយគ្រឿង បានរ៉ឺយ៉ែ ចូលក្នុងទីតាំងសិប្បកម្ម ដើម្បីទម្លាប់ថ្មម៉ាប ។ ពេលនោះក្រុមកម្មករដែលមានតួនាទីលើកថ្ម ក៏បាននាំគ្នាលើកថ្មចុះជាបន្តបន្ទាប់ ប៉ុន្តែដោយសារការលើកមានភាពធ្វែសប្រហែស ក៏បណ្តាលអោយថ្មម៉ាបនៅលើរថយន្តមួយផ្ទាំង ធ្លាក់ចុះទៅសង្កត់កម្មករម្នាក់ដែលនៅខាងក្រោម បណ្តាលអោយស្លាប់តែម្តង ព្រោះតែរងនូវទម្ងន់ដ៏ធ្ងន់របស់ថ្មម៉ាប ។
ប្រភពបន្តថា បន្ទាប់ពីកើតហេតុ មានការដឹកសាកសពតាមរ៉ឺម៉កម៉ូតូយកទៅមន្ទីរពេទ្យ ដោយគិតថា ជនរងគ្រោះមិនទាន់ស្លាប់ លុះដល់ពេទ្យ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ស្លាប់ ក៏បានដឹកបន្តទៅវត្តមួយ « មិនមានការបញ្ជាក់ឈ្មោះ » ដើម្បីធ្វើបុណ្យ ប៉ុន្តែពេលនោះ ត្រូវបានកម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលផ្នែកកោសល្យវិច្ច័យ បានតម្រូវអោយមានការដឹកសាកសពយកទៅកាន់ទីតាំងកើតហេតុវិញ ដើម្បីពិនិត្យវិច្ច័យ អំពីមូលហេតុ នៃការស្លាប់ ។
បច្ចុប្បន្ន មន្ត្រីជំនាញ កំពុងធ្វើកោសល្យវិច្ច័យពិនិត្យ ដោយពុំទាន់មានលទ្ធិផលយ៉ាងណាទាំងអស់ ។ ដោយឡែកចំពោះ ទិដ្ឋភាពនៅជុំវិញទីតាំងកើតហេតុ គឺមានបងប្អូនពលរដ្ឋ និងអ្នកដំណើរនាំគ្នាចោមរោមមើលច្រើន ៕
ចែករំលែកព័តមាននេះ