ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​២៨​លាន​ដុល្លារ​សម្រាប់​​វ៉ាក់​សាំង​​កូ​វី​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥,៧ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង​ប្រមាណ ២៨ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ចូលរួម​ចំណែក​​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥,៧ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង​ប្រមាណ ២៨ លាន​ដុល្លារ​អា​មេ​រិ​ក​) សម្រាប់​ចូលរួម​ចំណែក​​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្តី​ពី​ការ​គាំទ្រ​របស់​អូស្ត្រាលី​លើ​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា របស់​ស្ថានទូត​អូស្ត្រាលី​នៅ​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​អូស្ត្រាលី​ចុះ​ថ្ងៃ​ទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា «​ហិរញ្ញប្បទាន​ឥត​សំណង​របស់​អូស្ត្រាលី​នេះ អាច​នឹង​រួមចំណែក​ក្នុង​​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាជន​កម្ពុជា​ប្រមាណ ១,៥ លាន នាក់​។ ការ​រួម​ចំណែក​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បាន​កាន់តែ​ឆាប់រហ័ស​នូវ​គោល​ដៅ​​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាជន​កម្ពុជា​ឱ្យ​បាន ៨០% នៃ​ចំនួន​ប្រជាជន​សរុប»។

ប្រកាស​ព័ត៌មាន​រួម​បាន​បន្ត​ទៀ​ថា ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ភាគច្រើន​សម្រាប់​​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ផ្តល់​ជូន​ប្រជាជន​កម្ពុជា និង​មួយ​ចំនួន​តូច​នឹង​ត្រូវ​ប្រើ​ប្រាស់​​សម្រាប់​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បែងចែក និង​គ្រប់គ្រង​វ៉ាក់សាំង​, ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​, និង​ដើម្បី​ធានា​ថា ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​នេះ​។

ឯកឧត្តម ផា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​ជា​អ្នក​ជិត​ខាង និង​ជា​មិត្ត​ដ៏​យូរអង្វែង​របស់​កម្ពុជា អូស្ត្រាលី​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​គាំទ្រ​កម្ពុជា​ក្នុង​គ្រា​លំបាក​នេះ​។ អូស្ត្រាលី​ទទួលស្គាល់​ថា គ្មាន​នរណា​ម្នាក់​មាន​សុវត្ថិភាព​ទេ ប្រសិន​បើ​​គ្រប់​គ្នា​មិន​ទាន់​មាន​សុវត្ថិភាព ហើយ​ការ​គាំទ្រ​របស់​អូស្ត្រាលី​នឹង​ការ​ជួយ​ដល់​កម្មវិធី​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​-១៩ ជូន​ប្រជាជន​កម្ពុជា​បាន​យ៉ាង​ហោច​ណាស់​ចំនួន ១,៥ លាន​នាក់ និង​ការ​ចាក់​​វ៉ាក់សាំង​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា​។

ដ្បិត​កម្ពុជា​បាន​ចៀស​ផុត​នូវ​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ការ​ផ្តល់​វ៉ាក់​សាំង​បង្ការ​កូ​វី​ដ​-១៩ ជូន​ប្រជា​ជាន​កម្ពុជា​ឱ្យ​បាន​ទូ​ទាំង​ប្រទេស នៅ​តែ​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ការ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នា​ពេល​អនាគត និង​ការ​ស្តារ​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​របស់​កម្ពុជា​។

ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់​អូស្ត្រាលី ដែល​ឆ្លើយ​តប​នឹង​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាជន និង​សេដ្ឋកិច្ច​កម្ពុជា​។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា យើងខ្ញុំ​សូម​សារ​ទរ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី​ចំពោះ​ស្មារតី​​សាមគ្គីភាព និង​ការ​ប្តេជ្ញា​ចិត្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ​រួម​គ្នា ដែល​នាំ​ឱ្យ​យើង​អាច​ស្តារ​សេដ្ឋកិច្ច និង​វិបុលភាព​របស់​យើង​ទាំងអស់​គ្នា​ឡើង​វិញ ។

ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ជំនួយ​ដែល​បន្ថែម​លើ​ជំនួយ​អភិវឌ្ឍន៍​ចំនួន ៦៦ លាន​ដុល្លារ​អូស្ត្រាលី (​ស្មើនឹង​ប្រមាណ ៥០ លាន​ដុល្លារ​អា​មេ​រិ​ក​) ដែល​រដ្ឋាភិបាល​អូស្ត្រាលី នឹង​ផ្តល់​ជូន​កម្ពុជា​ក្នុង​ឆ្នាំ ២០២១ ស្ថិត​ក្រោម ​ផែនការ​អភិ​វឌ្ឍន៍​​សម្រាប់​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩ កម្ពុជា​-​អូស្ត្រាលី ដែល​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ការ​ជា​ផ្លូវការ កាលពី​ខែធ្នូ ឆ្នាំ​២០២០ កន្លង​ទៅ​។

ឯកឧត្តម​ឯកអគ្គរាជទូត បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​មូលនិធិ​សហប្រតិបត្តិការ​សម្រាប់​ការ​អភិវឌ្ឍ​ជា​ប្រចាំ​របស់​យើង នឹង​ផ្តោត​លើ​ការ​គាំទ្រ​ដល់​ការ​ឆ្លើយ​តប​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅ​នឹង​ជំងឺ​រាតត្បាត ហើយ​ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ នឹង​បំពេញបន្ថែម​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​តំបន់​ឡើង​វិញ​។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ការ​បង្ហាញ​ជា​ថ្មី អំពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​​យូរអង្វែង និង​ការ​គាំទ្រ​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​អនាគត​ដ៏​រុងរឿង​របស់​កម្ពុជា​។

ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ ជា​ការ​បំពេញ​បន្ថែម​លើ​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កម្ពុជា​នឹង​ទទួល​បាន​ពី COVAX ដែល​គ្រោង​​សម្រាប់ ២០% នៃ​ប្រជាជន​កម្ពុជា ដោយ​ឥត​គិតថ្លៃ​។ រដ្ឋាភិបាល​អូស្ត្រាលី ក៏​បាន​រួម​ចំណែក​ផ្តល់​មូលនិធិ​ដល់ COVAX ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង