ការស្តារវិស័យទេសចរណ៍ឡើងវិញ នៅក្នុងដំណាក់កាលនេះ គឺការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុកមានន័យថាជាការជំរុញឲ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តផ្ទៃក្នុងប្រទេស ប៉ុន្តែមានការមើលឃើញថាគេគួរបង្កើនការទាក់ទាញជនជាតិបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាឲ្យចេញដើរកម្សាន្តដូចពលរដ្ឋខ្មែរដែរ។
ជនបរទេសប្រមាណ១៦ម៉ឺននាក់បានចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីស្នាក់នៅនិងធ្វើការនៅកម្ពុជា គិតត្រឹមតែរយៈពេល៦ខែកាលពីដើមឆ្នាំ២០២០ នេះបើតាមការឲ្យដឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងក្រសួងមហាផ្ទៃកាលពីឆ្នាំកន្លងទៅ។
ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលដាច់ឆ្នាំ២០២០ចូលឆ្នាំ២០២១រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែធ្នូ ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ មុននេះ មានភ្ញៀវទេសចរក្នុងស្រុកចំនួន ១,២៧៩,១២៨ នាក់ បានដើរក្សាមន្តនៅក្នុងប្រទេស ក្នុងនោះមានភ្ញៀវជាតិមានចំនួន ១,២៦៨,០២៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១១,១០៣ នាក់។ភ្ញៀវបរទេសត្រឹមជាងមួយម៉ឺននេះ ត្រូវគេមើលឃើញថានៅមានចំនួនតិចបើធៀបចំនួនដែលពួកគាត់កំពុងស្នាក់នៅក្នុងកម្ពុជា។
គេបានមើលឃើញថាកាលពីប៉ុន្មានឆ្នាំមុននេះ មានជនជាតិបរទេសជាច្រើនបានចូលចិត្តទៅស្នាក់នៅ លំហែអារម្មណ៍នៅលើឆ្នេរខ្សាច់នាខេត្តព្រះសីហនុ ប៉ុន្តែជាប់តំាងពីខេត្តដ៍មានសក្តានុពលវិស័យទេសចរណ៍នេះត្រូវបានអភិវឌ្ឍន៍ សាធារណជនបានមើលឃើញថាអ្នកទេសចរជាជនជាតិបរទេស ពិសេសអ្នកមកពីអាមេរិក អឺរ៉ុប ពុំសូវបានធ្វើដំណើរកម្សាន្តឬទៅស្នាក់លំហែកាយនៅលើឆ្នេរខ្សាច់នាខេត្តព្រះសីហនុ ដូចមុនទៀតនោះទេ។
ក្នុងពេលកម្ពុជាកំពុងរៀបចំសហគមន៍ទេសចរណ៍បែបធម្មជាតិនេះ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុកនេះ គេមិនគួរណាភ្លេចសក្តានុពលជនជាតិបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជានោះទេ។ គេគួរបង្កើតយុទ្ធសាស្រ្តក្នុងការទាក់ទាញអ្នកទេសចរបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ឲ្យដើរកម្សាន្តឲ្យបានច្រើនឡើង។
ភ្ញៀវទេសចរមកពីអឺរ៉ុប គេបានដឹងថាពួកគាត់ចូលចិត្តទេសចរណ៍បែបធម្មជាតិ មានបរិស្ថានល្អ ហើយមានភាពស្ងប់ស្ងាត់។ នៅតាមសហគមន៍ទេសចរណ៍ជាច្រើនបានបម្រើសេវាទេចរណ៍ជាពិសេសតែជនជាតិខ្មែរ នៅទីនោះមានការខ្វះអ្នកបងប្រែភាសា ខ្វះម្ហូបអាហារដែលបរទេសចូលចិត្ត ដែលបញ្ហាទំាងនេះអាចជាឧបសគ្គក្នុងការទាក់ទាញភ្ញៀវបររទេស។
កាលពីប៉ុន្មានថ្ងៃមុនស្ថានទូតអាមេរិកបានប្រារព្ធកម្មវិធី ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរឆ្នាំ ២០២០ ប៉ុន្តែដោយសារកូវីដ១៩ ព្រឹត្តិការណ៍នោះ បានបង្ខំធ្វើតាមអ៊ិនធ័រណែតវិញ តែអ្នករៀបចំបានស្វាគមន៍អ្នករត់មួយចំនួនតូចដែលសប្បាយនឹងចូលរួមខ្លាំង ឲ្យចូលរួមរត់នៅកន្លែងរត់ផ្ទាល់ នៅថ្ងៃ ២៤ មករា។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានចូលរួមកម្មវិធីនោះ ស្ថាតទូតអាមេរិកនៅភ្នំពេញ បានលើកឡើងថា W. Patrick Murphy មានចិត្តរីករាយក្នុងការចូលរួម ហើយបានជួយបន្តិចបន្តួច ដល់សេដ្ឋកិច្ចក្នុងមូលដ្ឋាននៃប្រទេសកម្ពុជា។ ព្រឹត្តិការណ៍បែបនេះ ត្រូវគេឲ្យតម្លៃថាអាចជាផ្នែកមួយក្នុងការជំរុញឲ្យជនជាតិបរទេសចេញកម្សាន្តនៅកម្ពុជាក្នុងកាលៈទេសៈកូវីដ១៩នេះ៕
ចែករំលែកព័តមាននេះ