លក់ជ្រូកខ្វៃអាចជារបរដែលមានឱកាសមិនច្រើនទេក្នុងមួយឆ្នាំ។ ក្នុង១ឆ្នាំការលក់ជ្រូកខ្វៃដែលដាច់បំផុត ទំនងមានទៅពេលចូលឆ្នាំចិន។ ដូច្នេះហើយបានជាឱកាសបុណ្យនេះម្តងៗជ្រូកខ្វៃបានឡើងថ្លៃខ្ពស់ នៅឆ្នាំនេះជ្រូកខ្វៃបានឡើងថ្លៃច្រើនដង បើធៀបថ្ងៃធម្មតា។

ពលរដ្ឋខ្មែរដែលមានទម្លាប់សែនព្រេនបែបជនជាតិចិ បានកំពុងត្រៀមលក្ខណៈក្នុងការចូលរួមកម្មវិធីចូលឆ្នាំចិនដែលនឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ជ្រូវខ្វៃជារបស់មួយដែលមិនអាចខ្វះបាននៅក្នុងពិធីនោះ។ ដោយសារតម្រូវការច្រើននៅក្នុងឱកាសចូលឆ្នាំប្រពៃណីចិននោះ ទើបជ្រូកខ្វៃបានឡើងថ្លៃខ្ពស់ពីថ្ងៃធម្មតា។
អ្នកលក់ជ្រូកខ្វៃបានប្រកាសពីតម្លៃលក់តាមបណ្តាញសង្គម ហើយពលរដ្ឋជាច្រើនបានផ្តើមកក់ជ្រូកខ្វៃសម្រាប់ពិធីចូលឆ្នាំប្រចពៃណីចិន ដែលនឹងមកដល់ឆាប់ៗនោះ។ បើតាមតារាងគេផ្សព្វផ្សាយ គឺតំម្លៃជ្រូកខ្វៃ ប្រភេទជ្រូកកណ្តុរធម្មជាតិ ខ្វៃឆ្អិនក្នុងមួយក្បាល ដែលមានទម្ងន់ ៤ទៅ៥គីឡូក្រាម អាចថ្លៃចន្លោះពី ៦០ទៅ៩០ម៉ឺនរៀល ប្រមាណ២០០ដុល្លារ ជ្រូកប្រភេទដដែលបើមានទម្ងន់ពី៦ទៅ៩គីឡូក្រាម អាចមានតម្លៃចន្លោះពី ៩០ម៉ឺនទៅមួយលានរៀល អាចជិតស្មើរ៣០០ដុល្លារ។ ចំណែកជ្រូកធម្មតា ក្នុងទម្ងន់៤ទៅ៥គីឡូក្រាមមានតម្លៃប្រមាណ៨០ម៉ឺនរៀល។

ថៅកែលក់ជ្រូកខ្វៃជាច្រើននៅភ្នំពេញអះអាងថាពលរដ្ឋបានផ្តើមកុម្ម៉ង់ទិញជ្រូកខ្វៃពីពួកគេ បបណ្តើរៗហើយនៅពេលនេះ។ អ្នកលក់ទទួលស្គាល់ថាជ្រូកខ្វៃនៅឆ្នាំនេះបានឡើងបីបួននៅឆ្នាំនេះ ដោយសារតែតម្រូវការខ្ពស់ ហើយជ្រូករស់ខ្សត់។ កាលពីឆ្នាំទៅ ជ្រូកខ្វៃទំហំតូចទម្ងន់៥គីឡូ មានតម្លៃតែ ៥ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម តែឥឡូវឡើងដល់ ១០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ បើទោះបីជាជ្រូកខ្វៃឡើងថ្លៃយ៉ាងណាក្ដី អ្នកទិញនៅតែសម្រុកមកកុម្ម៉ង់ទិញជាហូរហែ។
បើតាមអ្នកលក់ថាថ្ងៃធម្មតាគេអាចលក់ជ្រូកខ្វៃពី២០ទៅ៣០ក្បាល ប៉ុន្តែសម្រាប់ចូលឆ្នាំចិនកន្លែងខ្វះលក់ដល់៥០០ក្បាល ខ្លះថាលក់បាន៣០០ក្បាល។ នៅឆ្នាំនេះថៅកែលក់ជ្រូកខ្វៃថាពលរដ្ឋនិយមទិញជ្រូកខ្វៃប្រភេទជ្រូកកណ្តុរ ដែលយកមកពីខេត្តមណ្ឌលគិរី ពលរដ្ឋជនជាតិភាគតិចចិញ្ចឹមបែបធម្មជាតិ។

ជាការកត់សម្គាល់នៅកម្ពុជារបស់ខ្លះមិនថាជាទំនិញ ឬសេវាកម្មទេ ឲ្យតែនៅពេលមានតម្រូវការច្រើន ឬក្នុងឱកាសបុណ្យទាន ឈ្មួញតែងតែតម្លើងថ្លៃខ្ពស់ហួសហេតុពីព្រោះនោះជាឱកាស។ ឱកាសដែលអាចមានម្តងឬពីរដងក្នុងមួយឆ្នាំ ដូចជាថ្លៃសេវាដឹកជញ្ជួញត្រូវគេតម្លើងថ្លៃពេលចូលឆ្នាំប្រពៃណីជាតិ ហើយជ្រូកខ្វៃត្រូវគេលក់ក្នុងតម្លៃខ្ពស់ពេលចូលឆ្នាំចិននេះជាដើម។

នៅឆ្នាំនេះពលរដ្ឋជាច្រើនបានត្អូញត្អែរពីការរកចំណូល នៅក្នុងនោះទំនងអាចមានពលរដ្ឋខ្មែរជាប់សែស្រឡាយជនជាតិចិន ដែលត្រូវសែនព្រឹននាពេលខាងមុខនេះផងដែរ៕
ចែករំលែកព័តមាននេះ