រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់បន្ទប់ជួលមួយកន្លែងរួចចូលលួចយកកាបូបលុយ១បានសម្រេច ខណៈដែលម្ចាស់មិននៅ រួចហើយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ប៉ុន្តែក្រោយពីដឹងបាត់ទ្រព្យសម្បត្តិ ម្ចាស់បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញជនសង្ស័យគឺជាអ្នកលួចក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនក្រោយពេលកើតហេតុបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យនោះបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះទ្រី ចនី្ន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិឃុំខាងលើ ចំណែកជនរងគ្រោះឈ្មោះ អ៊ុយ កុសលភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិខាងលើនោះដែរ បានបាត់បង់សម្ភារៈមួយចំនួនរួមមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសម្គាល់ទោចក្រយានយន្ត ប័ណ្ណសំគាល់រថយន្ត និងលុយចំនួន500ដុល្លារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើចោរកម្មខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ខណៈជនរងគ្រោះមិននៅផ្ទះ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពគាស់បន្ទប់ចូលលួចយកកាបូបដាក់ទ្រព្យសម្បត្តិខាងលើដែលទុកនៅលើកៅអីក្នុងផ្ទះបានសម្រេច បន្ទាប់មកបានរត់គេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះ ក្រោយពេលដឹងថា បាត់កាបូបក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយឃើញភិនភាគជនសង្ស័យខាងលើជាអ្នកលួច ទើបដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ឲ្យជួយស្រាវជ្រាវចាប់ខ្លួន។
តាមប្រភពព័ត៌មានបានបន្តថា រហូតមកដល់វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែមករា ជនរងគ្រោះបានឃើញប្រទះឃើញជនសង្ស័យនៅក្នុងបន្ទប់ជួលមួយស្ថិតនៅភូមិជម្ពូវ័នពីចម្ងាយពីផ្ទះរបស់ខ្លួនប្រហែល១០០ម៉ែត្រ ក៏បានរាយការណ៍ទៅកាន់នគរបាលរដ្ឋបាលចោមចៅទី៣ ឲ្យចុះធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។ បន្ទាប់មកនគរបាលបាននាំជននោះទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចជាការចោទប្រកាន់ខាងលើនោះពិតប្រាកដមែន។
ក្រោយមកនគរបាលបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ