រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្រោយពីបិទទ្វារផ្ទះចាក់សោរ ហើយរួចរាល់ក៏បានធ្វើដំណើរចាកចេញទៅបុណ្យសពបងប្អូនដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅឯខេត្តតាកែវ ដោយពុំមានអ្នកនៅចាំមើលផ្ទះឲ្យគាត់ឡើយ ។

ក្រោយមកក៏ស្រាប់តែជនសង្ស័យម្នាក់បានទៅធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះលួចយកកាបូបស្ពាយ១ ដែលមានលិខិត ឆ្លងដែនជាច្រើនក្បាល និងកុំព្យូទ័រនៅក្នុងនោះផងដែរ ។ បន្ទាប់ពីលួចបានសម្រេចហើយ ជនសង្ស័យខាងលើបានឡើងផ្លោះរបងចេញពីក្នុងបរិវេណផ្ទះខាងលើប្រុងរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់គេចអត់រួច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួសល្បាតប្រទះឃើញក៏ធ្វើការឃាត់ខ្លួនតែម្ដង ។

ហេតុការណ៍នោះបានកើតឡើង កាលពីកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវKS ០៣ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បុរសដែលជាម្ចាស់ផ្ទះខាងលើនោះឈ្មោះ អ៊ុក គន្ធា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុននាំពលករចេញទៅធ្វើការនៅក្រៅប្រទេស និងស្នាក់នៅក្នុងផ្ទះនោះតែម្ដង ។ ចំណែកសម្ភារៈនៅក្នុងកាបូបរួមមានលិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល និងកុំព្យូទ័រម៉ាក ASUS ១គ្រឿង ។ រីឯជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ សាន សៀម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលដកហូតបានលិខិតឆ្លងដែន (កម្ពុជា) ចំនួន៣១ក្បាល , កុំព្យូទ័រម៉ាក ASUS ១ គ្រឿង ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ កូនសោចំនួន៥ , ទួនណាវីសចំនួន១,កាបូបស្ពាយពណ៌ខ្មៅ១,ដែកជ្រុងចុងសំប៉ែតស្រួច១ ,កាបូបតូចចំនួន២,ទូរស័ព្ទដៃម៉ាកOPPO ពណ៌ទឹកមាស១គ្រឿង សម្ភារៈទាំងនេះ គឺជារបស់ជនសង្ស័យ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី៣១ ខែមករា មុនពេលកើតហេតុជនរងគ្រោះបានបិទទ្វារផ្ទះចាក់សោ រួចត្រឹមត្រូវក៏បានធ្វើដំណើរចាកចេញទៅចូលរួមបុណ្យសពបងប្អូនដែលស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តតាកែវ ដោយពុំមានអ្នកចាំផ្ទះឲ្យឡើយ ។ រហូតដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានទៅធ្វើសកម្មភាពគាស់ចម្រឹងបង្អួចផ្ទះនេះផ្នែកខាងក្រោយ រួចលូនចូលទៅក្នុងផ្ទះលួចយកកាបូបស្ពាយពណ៌ខ្មៅដាក់លិខិតឆ្លងដែន និងកុំព្យូទ័របានសម្រេច រួចហើយក៏បានឡើងផ្លោះរបងចេញមកខាងក្រៅវិញបម្រុងគេចខ្លួន ។
ប្រភពដដែលបានបន្តថា ពេលនោះជាសំណាងអាក្រក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលួសល្បាតទៅដល់ ឃើញជនសង្ស័យកំពុងផ្លោះរបងបែបនេះ មានការសង្ស័យក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យ ហើយបានឃើញសម្ភារៈទាំងនោះទើបឃាត់ខ្លួនតែម្ដង ។ បន្ទាប់មកបាននាំទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគាស់ចំរឹងបង្អួចផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិប្រាកដមែន ។
ក្រោយពីការឃាត់ខ្លួនបានជាក់ស្ដែង និងទទួលបានចម្លើយសារភាពពីជននេះ ព្រមទាំងវត្ថុតាងផងនោះ កម្លាំងនគរបាលបានកសាងសណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ