ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ស្វាគមន៍​ការ​បង្កើត​គណ​បក្ស​របស់​អតីតមន្ត្រី​គណ​បក្ស​ប្រឆាំង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់​ក្រុម​អតីត​គណបក្ស​ឈ្មោះ​ថា គណបក្ស​កែទម្រង់​កម្ពុជា​។ លោក​អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ប្រធាន ក្រុម…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​របស់​ក្រុម​អតីត​គណបក្ស​ឈ្មោះ​ថា គណបក្ស​កែទម្រង់​កម្ពុជា​។

លោក​អ៊ា ឃី​ម៉េ​ង ឧបការី​សម្តេចព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច និង​ជា​ប្រធាន ក្រុម ការងារ​ខេត្តពោធិ៍សាត់ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព​នា​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០ ២១​ថា គណ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​ជា​រាជា​និយម​ស្វាគមន៍​ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​នៅ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​នយោបាយ​តាម​រយៈ​ការ​បោះ​ឆ្នោត ដោយ​ត្រឹមត្រូវ និង​យុត្តិ​ធម៌។

លោក​បញ្ជាក់​ថា ៖ «​ចំពោះ​ការ​បង្កើត​គណបក្ស​នយោបាយ​ឈ្មោះ​ថា គណបក្ស​កែទម្រង់​កម្ពុជា របស់​មន្ត្រី​អតីត​គណបក្សប្រឆាំង​ហៅ​កាត់​ថា CRP នេះ ខ្ញុំ​យល់​ឃើញ​ថា ការ​បង្កើត​គណបក្ស​នយោបាយ​ជា​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​មាន​ចែង​ក្នុង​ធម្មនុញ្ញ​កម្ពុជា ហើយ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស អ៊ីចឹង​ខ្ញុំ​ស្វាគមន៍ និង​សាទរ​នូវ​ការ​បង្កើត​គណ​បក្ស​នយោបាយ​ថ្មី​នេះ​»​។

ជាមួយ​គ្នា​នោះ​ដែរ លោក អ៊ា ឃី​ម៉េ​ង បាន​លើក​ឡើង​ថា ការ​បង្កើត​គណបក្ស​នយោបាយ ថ្មី​របស់​ក្រុម​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មាន​លោក​អ៊ូ ច័ន្ទ​រ័​ត្ន នេះ ដោយសារ​ពួក​គេ​មិន​អាច​រង់ចាំ​វត្តមាន​របស់​ខ្មោច​អតីត​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើង​វិញ​ទេ​។

លោក​គូសបញ្ជាក់​ថា ៖ «​គាត់​មិន​អាច​រង់ចាំ​បាន​ទេ ព្រោះ​អី​ជាង​២​ឆ្នាំ​ជាង​ហើយ គាត់​អស់​សង្ឃឹមថា បក្ស​ប្រឆាំង​នឹង​រស់​ឡើង​វិញ​នោះ​ទេ ហើយ​ធ្វើ​នយោបាយ​ជា​សិទ្ធិ​អី​ញ្ចឹ​ង គ្នា​ត្រូវការ​បន្ត​អាជីព​ជា​អ្នកនយោបាយ​បាន​ទេ ដូច្នេះ​គេ​អស់សង្ឃឹម​»​។

ទាក់ទិន​នឹង​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ លោក អ៊ា ឃី​ម៉េ​ង​បាន​ឲ្យ​ដឹង​គណបក្ស​របស់​លោក​បាន​រៀបចំ​រួច​ហើយ​នូវ​រចនាសម្ព័ន្ធ​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ក្នុង​នោះ​រចនាសម្ព័ន្ធ​នៅ​តាម​ឃុំ​សង្កាត់​បាន​កំពុង​រៀបចំ​បណ្តើរ​ៗ​។ អ្វី ដែល​កំពុង​ធ្វើ​សង្ឃឹមថានឹង​រួចរាល់​នៅ​ពេល​កំណត់ ។

ក្នុង​កិច្ច​សម្ភាសន៍​នោះ​ដែរ លោក​ឃីម៉េ​ង ក៏​បាន​អះអាង​ថា អ្វី​ដែល​ថ្នាក់ដឹកនាំ​សំខាន់​ៗ កំពុង​រង់ចាំ​នោះ គឺ វត្តមាន​របស់​សម្តេចក្រុមព្រះ យាង​មក​ដឹកនាំ​គណបក្ស​នយោបាយ​។

លោក​បញ្ជាក់​ថា ៖ «​អ្វី​ដែល​កូនចៅ​រង់ចាំ​នោះ គឺ​រង់ចាំ​សម្តេចក្រុមព្រះ មក​ដឹកនាំ​គណបក្ស ពោល​គឺ​តាំងពី​ព្រះ​អង្គ​ប្រឈួន​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មក គឺ​ងារ​ធំ​ៗ​មួយ​ចំនួន​មិន​អាច​សម្រេច​បាន​នោះ​ទេ គឺ​រង់ចាំ​ព្រះ​អង្គ​សម្រេច ដោយសារ​នៅ​ក្នុង​គណបក្ស មិនមែន​អ្នក​ណា​មាន​សិទ្ធិ​សម្រេច​បាន​នោះ​ទេ​»​។

លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យឹ​ង​ថា ពេល​នេះ លោក​មិន​បាន ដាក់​ឯកសារ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​នយោបាយ​នយោបាយ​ថ្មី​ឈ្មោះ​ថា «​គណ​បក្ស​កែទម្រង់​កម្ពុជា​» ព្រោះថា នៅ​ខ្វះ​ឯកសារ​តិចតួច ដូច​ជា​អាសយដ្ឋាន​ស្នាក់​ការ​គណបក្ស​ជាដើម​។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​គណបក្ស​ន​យោ​បា​ថ្មី​នេះ ដោយសារ​មើលឃើញ​ថា កម្ពុជា​ដល់​ពេលធ្វើការ​ទម្រង់​ហើយ ហើយ​វា​មិនមែន​តែ​កម្ពុជា​នោះ​ទេ គឺ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ទេ អស់​រយៈពេល​៣០​ឆ្នាំ​គេ​ធ្វើការ​ទម្រង់​ម្តង​។ លោក​ថា ការ​បង្កើត​គណបក្ស​នេះ ក៏​មិន​អាច​រង់ចាំ​ការ​វិល​ត្រឡប់​ពី​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ព្រោះថា​ទាំង​លោក កឹ​ម សុខា និង​ថ្នាក់ដឹកនាំ​នៅ​ក្រៅប្រទេស​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​រស់​ឡើង​វិញ​បាន​នោះ​ទេ​។

លោក​បន្ត​ថា គណបក្ស​របស់​លោក គឺជា​ការ​រៀបចំ​រចនាសម្ព័ន្ធ​ថ្មី ដែល​មានការ​ចួ​ល​រួម​ពី អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក្រុម​បញ្ញវន្ត​ក្តី ប្រហែលជា​មានការ​គាំទ្រ ហើយ​អាច​នឹង​កសាង​សន្ទុះ​ការ​គាំទ្រ​ច្រើន​ជាង​។

ទោះ​យ៉ាងណា​ក្តី លោក អ៊ូរ ច័ន្ទ​រ័​ត្ន ដែល​ទទួល​បាន​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​កាល ពេល​កន្លង​មក មិន​ទាន់​ហាន​អះអាង​ថា កម្លាំង​គាំទ្រ​ពី​សកម្មជន អតីត​គណបក្សប្រឆាំង​ក៏​ដូច​ជា មហាជន​ផ្សេង​ទៀត​ប៉ុន្មាន​ភាគរយ​នោះ​ទេ​។ ប៉ុន្តែ​លោក អះអាង​ថា ការ​គាំទ្រ​តិច ឬ​ច្រើន​នោះ វា​អាស្រ័យ​លើ​រចនាសម្ព័ន្ធ និង​គោលនយោបាយ​។

លោក​គូសបញ្ជាក់​ថា ៖ «​សម្រាប់​អ្នកគាំទ្រ​ប៉ុន្មាន​ភាគរយ​យើង​មិន​ទាន់​អាច​ទស្ស​ទាយ​បាន​នោះ​ទេ ព្រោះ​យើង​មិន​ទាន់​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​និង​ធ្វើការ​បង្ហាញ​ឲ្យ​មហាជន​បាន​ដឹង»​។

លោក​ច័ន្ទ រ័​ត្ន បាន​លើក​ឡើង​ទៀត​ថា បើសិនជា​ក្រុម​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ថ្មី​នេះ ចុះ​តាម​មូលដ្ឋាន ដើម្បី​ស្ទាបស្ទង់​នោះ​នឹង​ដឹង​ពី​កម្លាំង​គាំទ្រ​បាន ប៉ុន្តែ​បើ​មិន​ទាន់​ចុះ មូលដ្ឋាន​ផង​នោះ មិន​អាច​វាយតម្លៃ​បាន​នោះ​ទេ​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​វាយ​តម្លៃ​របស់​អ្នកវិភាគ​មួយ​ចំនួន​ក៏​ដូច​ជា សកម្មជន​អតីត​គណបក្សប្រឆាំង​មិន​ទាន់​អាច​យក​ការ​ពិត​នោះ​ទេ ព្រោះ​បុគ្គល​ម្នាក់​ៗ​ដែល​លើក​ឡើង​គ្មាន​ហេតុផល​ច្បាស់លាស់ គឺ​មិនមែន​ជា​តំណាង​សម្លេង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ