ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី30 ខែមករា ឆ្នាំ2021 នៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ103 និងលេខ 104 ស្ថិតនៅក្នុងភូមិឈឺនាគ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខណៈដែលអ្នកបើកបរម៉ូតូជាជនរងគ្រោះ បើកវ៉ាជែងមិនបានប្រយ័ត្ន ។

សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករលាប្អៀរ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ណឹក សុភត្រា អាយុ២០ឆ្នាំ មានទីលំនៅភូមិពន្លែ ឃុំពន្លៃ ស្រុកបរិបូរណ៍ ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីពណ៌ ព្រីងទុំ ពាក់ស្លាកលេខភ្នំពេញ 1bl.02 03 ក្នុងដំណើរពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានបើកវ៉ារថយន្តមួយគ្រឿងមិនបានប្រយ័ត្នជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតក្នុងដំណើរច្រាស់ទិសគ្នា ជាប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ កំពង់ឆ្នាំង 3អា 1207 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែង ក្រោយពេលកើតអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ ។

ប្រភពពីសមត្ថកិច្ចបន្តថា សពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ