ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ដាំ ម៉ៅ ភេទស្រី អាយុ៥៣ឆ្នាំ ស្ដីពីករណីហិង្សាក្នុងគ្រួសារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ។ នេះបើតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានផ្សាយនារសៀលថ្ងៃទី៣០ ខែមករានេះ ។

ភ្លាមៗនោះ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ ក្រុងប៉ោយប៉ែតបានចាត់តាំងឱ្យកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ភ័ណនិត ហៅជ្រូក ភេទប្រុស អាយុ២២ឆ្នាំ យកមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសួរនាំ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភ័ណ និត ក្រោយពីសមត្ថកិច្ចសួរនាំរួច ជនសង្ស័យបានរៀបរាប់ថា កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្រោយពេលរូបគេហូបបាយរួច រូបគេបានប្រមូលខោអាវរបស់ខ្លួន និងខោអាវរបស់ប្អូនខ្លួន យកដុតចោល ដោយគ្មានមូលហេតុ ហើយពេលនោះម្ដាយរបស់ខ្លួនបានស្ដីបន្ទោស និងជេមកលើរូបគេទើបឱ្យរូបគេផ្ទុះកំហឹង ហើយរូបគេក៏យកគម្របធុងទឹកគប់ទៅលើម្ដាយរបស់ខ្លួន បណ្ដាលឱ្យរងរបួសលើផ្ទៃមុខ ហើយជាំភ្នែកខាងឆ្វេងទៀតផង មិនត្រឹមតែប៉ុណ្ណោះរូបគេក៏បានស្ទុះទៅច្របាច់.កម្ដាយថែមទៀត ។

ដោយផ្អែកលើចម្លើយសារភាព និងយោងតាមពាក្យបណ្ដឹង ព្រមទាំងមានស្នាកស្នាមជាំលើមុខជនរងគ្រោះ ទើបកម្លាំងមូលដ្ឋាន អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្តចាត់ការបន្ត បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ