លោក ថោង ខុន ណែនាំប្រធាន​មន្ទីរទេសចរណ៍ ខេត្តក្រចេះ រួមសហការគ្នា ក្នុងការការពារ និងអភិរក្សសត្វផ្សោត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ថោង ខុន ណែនាំប្រធាន​មន្ទីរទេសចរណ៍ ខេត្តក្រចេះ រួមសហការគ្នា ក្នុងការការពារ និងអភិរក្សសត្វផ្សោត

4 ខែ មុន
  • Kratié

ខេត្តក្រចេះ៖ ដោយបានលើកឡើងអំពីការយកចិត្តក្នុងការអូសទាញវិនិយោគ និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលមានស្រាប់ ក្នុងខេត្តក្រចេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ណែនាំបន្ថែមដល់ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ…

ខេត្តក្រចេះ៖ ដោយបានលើកឡើងអំពីការយកចិត្តក្នុងការអូសទាញវិនិយោគ និងការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលមានស្រាប់ ក្នុងខេត្តក្រចេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ណែនាំបន្ថែមដល់ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលទើបតែងតាំងថ្មី ត្រូវរួមសហការការពារ និងអភិរក្សសត្វផ្សោត និងធនធានធម្មជាតិ ឲ្យបានគង់វង្ស ដូចពាក្យស្លោកខ្មែរយើង បានដាក់ថា «មានផ្សោត ទើបមានទេសចរណ៍ គ្មានផ្សោតគឺគ្មានទេសចរណ៍»។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានចូលរួមជាអធិបតី ក្នុងពិធីផ្ទេរតំណែង​ប្រធានមន្ទីរខេត្តក្រចេះ។ ​នោះគឺលោក ចាន់ សុគន្ធី ត្រូវបានតែងតាំងជាប្រធានមន្ទីរទេសចរណ៍ថ្មី នៃខេត្តក្រចេះ ខណៈដែលលោក ជួប រតនា អតីតប្រធានមន្ទីរ ត្រូវបានតែងតាំង ជាប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍ក្រសួងទេសចរណ៍​។

លោករដ្ឋមន្ត្រី បានថ្លែង នាឱកាសនោះ ដោយបានរម្លឹក​ថា ខេត្តក្រចេះ មានរមណីយ​ដ្ឋាន​ទេសចរណ៍ទាំងអស់ ១៨កន្លែង។ ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួន ៥កន្លែង ដូចជា វត្តសរសរ ១០០, ភ្នំសំបុក, វត្តវិហារបុរាណរការកណ្តាល, ភ្នំសុពណ៌កាឡី និងប្រាសាទប្រាំ ដែលសុទ្ធសឹងជារមណីយដ្ឋាន​ប្រវត្តិសាស្ត្រដ៏គួរឲ្យទាក់ទាញ​។

ចំណែករមណីយដ្ឋានធម្មជាតិ ១២កន្លែងទៀត រួមមានទាំង​អន្លង់ផ្សោតគឺ រមណីយដ្ឋានទឹកជួរទន្លេមេគង្គកាំពី, កោះសុក្រម, ព្រែកជ្រៃមុំាង ឆ្នេរខ្សាច់​រការកណ្តាល, តាព្រហ្ម, សហគមន៍អេកូទេសចរណ៍កោះទ្រង់, សហគមន៍​អេកូទេសចរណ៍កោះផ្តៅ, សហគមន៍អេកូទេសចរណ៍កោះសាមសិប, សហគមន៍អេកូទេសចរណ៍ព្រហ្មចារីយ៍ជ្រោយបន្ទាយ និងរមណីយដ្ឋាន​វប្បធម៌ធម្មជាតិព្រៃគគីរភ្នំព្រះ ខណៈដែលតំបន់រមណីយដ្ឋានទាំងអស់នោះ មានសក្តានុពលបំផុតសម្រាប់ខេត្តក្រចេះ​។

លោកបន្តថា អ្វីដែលពិសេស និងជាភាពទោល ( Unigue ) សម្រាប់ខេត្តក្រចេះនោះ គឺសត្វផ្សោតទន្លេមេគង្គ ដែលកំពុងទាក់ទាញភ្ញៀវទេសចរ​ទាំងជាតិ និងអន្តរជាតិ​។

លោកបញ្ជាក់ថា មកដល់ពេលនេះ តំបន់នោះ មានសត្វផ្សោតវ័យជំទង់ចំនួន ៨៩ក្បាល ដែលរស់នៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ខណៈដែលខេត្តក្រចេះ មានប្រមាណពី ៦៥ ទៅ ៧០%ឯណោះ​។

លោក ថោង ខុន បានក្រើនរម្លឹកម្តងទៀត ដល់ប្រធានមន្ទីរទេសចរណ៍ថ្មី ត្រូវធ្វើយ៉ាងណាខិតខំសហការគ្នា ក្នុងការការពារ និងអភិរក្សសត្វផ្សោត និងធនធានធម្មជាតិដ៏មានតម្លៃទាំងអស់ ឲ្យបានគង់វង្ស​សំខាន់ការពារសត្វផ្សោត ដូចពាក្យស្លោក ដែលយើងបានដាក់ចេញ គឺ «មានសត្វផ្សោត ទើបមានទេសចរណ៍ គ្មានសត្វផ្សោត គឺគ្មានទេសចរណ៍»។

ទន្ទឹមនោះ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងផងដែរថា ក្រៅពីសត្វផ្សោត ខេត្តក្រចេះ ក៏នៅមានផ្លែឈើ និងផលិតផលដ៏ទាក់ទាញច្រើនទៀត ដូចជា ផ្លែក្រូចថ្លុងកោះទ្រុង ក្រឡានថ្មគ្រែ កោះ ឆ្នេរខ្សាច់ រួមទាំងសក្តានុពលអេកូទេសចរណ៍ តាមដងទន្លេមេគង្គថែមទៀត​។

ក្នុងនោះអ្វីគួរឲ្យកត់សម្គាល់ គឺខេត្តក្រចេះ ធ្លាប់រៀបចំពិធីបុណ្យទន្លេ លើកទី១ ហើយទទួលបានភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ ប្រមាណ ២០ម៉ឺននាក់​។

លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បន្ថែមថា ការរីកចម្រើននៃវិស័យទេសចរណ៍ ក្នុងខេត្តក្រចេះ កន្លងមក គឺមានការចូលរួមចំណែកយ៉ាងសំខាន់ ពីអតីតប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទ ដែលបានជួយជំរុញការអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ឲ្យមានការរីកចម្រើនជាលំដាប់ និងបានបន្សល់ទុកនូវស្នាដៃ គួរឲ្យកត់សម្គាល់មួយចំនួនធំផងដែរ​។

លោកបន្តថា ការផ្លាស់ប្តូរមុខតំណែងប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ នាពេលនេះ គឺដោយសារភាពចំាបាច់ និងឆ្លើយតបទៅនឹងសភាពការណ៍ថ្មី ពិសេស​ដើម្បីបន្តប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ខេត្តក្រចេះ ឲ្យមានគុណភាពប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានផ្តល់អនុសាសន៍មួយចំនួន សម្រាប់ប្រធានមន្ទីរទេសចរណ៍ថ្មី ខេត្តក្រចេះ បន្តការងារដឹកនាំគ្រប់គ្រង។ ក្នុងនោះ ត្រូវចេះរួមសាមគ្គីសហការគ្នា ក្នុងមន្ទីរ និងសហការជាមួយរដ្ឋបាលខេត្តវិស័យឯកជន ជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្ត សំដៅទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ​៕ ដោយ៖ សុខ សារ៉ាយ

Picture
Picture
Picture
Picture