ខេត្តកំពង់ចាម ៖ តាំងពីបុរាណកាលរហូតមក ដល់បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរប្រុស-ស្រី នៅតែប្រតិបត្តិគោរពព្រះពុទ្ធសាសនា ដោយមិនដែលអខាននោះទេ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៨ មករា ២០២១ ព្រះសង្ឃចំនួនជាង១០០អង្គ បាននិមន្តគោចរតាមដងផ្លូវនានាក្នុងក្រុងកំពង់ចាម បិណ្ឌបាត្រក្នុងពិធីបុណ្យមាឃបូជា គេសង្កេតឃើញប្រជាពលរដ្ឋ ភាគច្រើនសស្រាក់សស្រាំគោរពប្រតិបត្តិ ដោយបះងសួងសុំសេចក្តីសុខនៅក្នុងក្រុមគ្រួសាររាងៗខ្លួន។

ឧបាសិកា ស៊ាង អាយុ ៦៧ឆ្នាំ រស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម បានរៀបរាប់ឲ្យដឹងថា គាត់បានប្រតិបត្តិគោរពព្រះពុទ្ធសាសនា តាំងតែពីនៅកុមារភាពតាមឪពុកម្ដាយ ហើយរហូតមកដល់សព្វថ្ងៃក៏គាត់នៅតែគោរព មិនដែលអាក់ខានម្តងណានោះទេ។ ហើយនៅថ្ងៃបុណ្យមាខបូជា រូបគាត់ក៏ដូចជាអ្នកភូមិដទៃទៀតបាននាំគ្នាឈរនៅពីមុខផ្ទះដើម្បីរងចាំដាក់ចង្ហាន់ឬក៏បច្ច័យ ប្រគេនព្រះសង្ឃជាច្រើនអង្គដែលនិមន្តកាត់តាមមុខផ្ទះ។

ឧបាសិកា ស៊ាង រៀបរាប់ឲ្យដឹងទៀតថា ដោយឡែក សម្រាប់ថ្ងៃសីលវិញគាត់តែងតែទៅវត្តបឹងកុក ទៀងទាត់ហើយថ្ងៃណាដែលមិនស្រួលខ្លួនគេមិនបានទៅនោះទេ។ ហើយបុណ្យមិនបាច់ទៅវត្តក៏បានដែរ ឱ្យតែចិត្តរបស់យើងស្មោះសរខិតខំធ្វើល្អ នោះផលដែលបានមកក៏ល្អ ។ ក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តបឹងកុកព្រះនាមខាន់ ខាត់ បានធ្វើឱ្យទីអារាម មានការរីកចម្រើនជាមួយនោះតែងតែមាន ព្រះពុទ្ធសាសនិកឆ្ងាយចិត្តតែងតែនាំគ្នាមកវត្តធ្វើបុណ្យដាក់ទាន។

ព្រះលិខិតរង្សី បណ្ឌិតខាន់ ខាត់ ព្រះចៅអធិការវត្តជោតនារាម(បឹងកុក) មានថេរដិកាឱ្យដឹងដែរថា ពិធីបុណ្យមាឃបូជាគឺចាត់ទុកជាបុណ្យធំមួយភ្ជាប់ជាមួយនឹងពិសាខបូជា បុណ្យនេះធ្វើឡើងក្នុងបុព្វហេតុមហាមង្គល ២ប្រការក្នុងនោះ ៖

១-ថ្ងៃព្រះសង្ឃប្រកាសពុទ្ធធម្មនុញ្ញដល់សាវកទាំងអស់ដែលមានចំនួន១.២៥០ព្រះអង្គ ដែលជាព្រះអរហន្ត ដែលជាធនធានសង្ឃនៅក្នុងពុទ្ធមណ្ឌល ព្រះផលិតបាននឹងប្រកាសនៅធម្មនុញ្ញឲ្យប្រើប្រាស់ឈ្មោះថាឱវាទបាដិមោក្ខ ជាគោលការដឹកនាំជីវិតឱ្យមានសេចក្តីសុខចម្រើន។២-ប្រកាសចំពោះថ្ងៃដែលព្រះអង្គ ដាក់អាយុសង្ខារចំពោះមុខមា ដែលព្រះអង្គបានពិចារណាថាសាវកដែលព្រះអង្គបានសំដែងធម៌ប្រាប់បានពរជ្រួតជ្រាប ទទួលបានរតនាពីមា ព្រះអង្គដែលមានវ័យល្មមចូលនិវត្តន៍…។

ព្រះចៅអធិការវត្តបឹងកុក មានថេរដីកាបន្តថា ពិធីបុណ្យមាឃបូជានេះបានធ្វើឲ្យពុទ្ធសាសនិកទូទាំងពិភពលោកកំណត់យកថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រ។ដោយបានធ្វើឲ្យពុទ្ធបរិស័ទបាននាំគ្នាមកវត្ត យកចង្ហាន់ប្រគេនព្រះសង្ឃហ្នឹងស្ដាប់ការសម្ដែងធម៌ទេសនាជាដើម។ការប្រតិបត្តិធ្វើអំពើល្អគឺនាំមកនូវសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ៕



ចែករំលែកព័តមាននេះ