ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ម្នាក់​អាយុ​១០​ឆ្នាំ​ចង់​បន្ត​ការ​សិក្សា តែ​គ្មាន​លទ្ធភាព​ព្រោះ​រាល់ថ្ងៃ​បាន​ត្រឹម​លក់​ម្ជូរ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ដោយសារ​កត្តា​ជីវភាព បុរស​ជា​ឪពុក​បាន​ឲ្យ​កូនប្រុស អាយុ​១០​ឆ្នាំ​ឈប់​រៀន ហើយ​ឲ្យ​កូន​ដើរ​លក់ ស្វាយ ម្កាក់ ម្នាស់ និង​ទន្ទឹម…

ខេត្តស្វាយរៀង ៖ ដោយសារ​កត្តា​ជីវភាព បុរស​ជា​ឪពុក​បាន​ឲ្យ​កូនប្រុស អាយុ​១០​ឆ្នាំ​ឈប់​រៀន ហើយ​ឲ្យ​កូន​ដើរ​លក់ ស្វាយ ម្កាក់ ម្នាស់ និង​ទន្ទឹម ដោយ​ចេញ​លក់ ចាប់ពី​ពេល​ព្រឹក​រហូត​ទល់​ល្ងាច​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​កង់​ចម្ងាយ​ដី​រាប់​សិប​គីឡូម៉ែត្រ ក្នុង​មួយ​ថ្ងៃ មិន​បាន​ចូល​រៀន​ដូច​ក្មេង​ដ៏​ទៃ ។

បើ​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា លន់ ឆៃ​លី​ន ភេទ​ប្រុស អាយ​១០​ឆ្នាំ អតីត​ជា​សិស្ស​ថ្នាក់​ទី​២ រស់នៅ​ភូមិ​ប្រ​សូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប មាន​ឪពុក​ឈ្មោះ លន់ អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ ណៃ អាយុ​៣២​ឆ្នាំ មានកូន​បី​នាក់ លន់ ឆៃ​លី​ន ជា​កូនប្រុស​ច្បង ។

ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ លន់ ឆៃ​លី​ន បាន​រៀន​ត្រឹមតែ​ចប់​ថ្នាក់​ទី​១ ចូល​រៀន​ថ្នាក់​ទី​២​បាន​បី​បួន​ខែ ក៏​ត្រូវ​ឪពុក​ឲ្យ​ឈប់​រៀន ហើយ​ឲ្យ​រកស៊ី​លក់ដូរ ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ។ ជា​ធម្មតា លន់​ឆៃ​លី​ន ចេញ​ទៅ​លក់​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ដោយ​ដាក់​ស្វាយ​ខ្ចី ម្នាស់ ម្ជូរអំពិល និង​ទន្ទឹម ដាក់​ក្នុង​ធុង​ទឹកកក និង​ប្យួ​នៅ​ដៃ​កង់ ដឹក​កង់ ឬ​បណ្តើរ​លក់​គ្រប់​ច្រកល្ហក នៅ​តាម​ទីផ្សារ តាម​ផ្ទះ តូប នៅ​តាម​ខាង​មុខ​សាលារៀន ចាប់ពី​ផ្សារ​ប្រ​សូត្រ រហូត​មក​ដល់​ក្រុង​ស្វាយ​រៀង បើ​គិត​ចម្ងាយ​ដី​ប្រមាណ​១៥​គីឡូម៉ែត្រ ហើយ​បើ​គិត​ទាំង​ជិះ​កង់ និង​បណ្តើរ​កង់​ដើរ​លក់​តាម​ដងផ្លូវ ក្នុងភូមិ និង​ក្នុង​ក្រុង​ស្វាយ​រៀង​ពេញ​មួយ​ថ្ងៃ គឺ​មិន​តិច​ទេ រាប់​សិប​គីឡូម៉ែត្រ រហូត​ថ្ងៃបាក់រសៀល​ទើប​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លន់​ឆៃ​លី​ន បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​រសៀល ថ្ងៃ​ទី​២៨ មក​រា ២០២១​ថា ក្នុង​មួយ​ថ្ងៃ បើ​លក់​អស់​បាន​ប្រាក់​១០​ម៉ឺន​រៀល ក៏​ប៉ុន្តែ​មិនដឹង​ចំណេញ​ប៉ុន្មាន​ទេ ដោយ​ឪពុក​ម្តាយ​ជា​អ្នកទិញ និង​ចិត​ច្រក​ថង់​ឲ្យ​ដើរ​លក់ ។ ហើយ​បើ​លក់​មិន​អស់ គឺ​ក្នុង​មួយ​ថ្ងៃ​បាន​ត្រឹម​៥​ម៉ឺន ទៅ​៦​ម៉ឺន​រៀល ។ ហើយ​លក់​រាល់ថ្ងៃ​ដល់​ថ្ងៃត្រង់​ឃ្លានបាយ គឺ​ទិញ​បាយ​កញ្ចប់​ញ៉ាំ រួច​បន្ត​ដើរ​លក់​ទៀត​រហូត​ដល់​ល្ងាច​ទើប​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

លន់​ឆៃ​លី​ន និយាយ​ទាំង​ទឹកមុខ​ស្រ​ង៉ូ​ត​ថា សព្វថ្ងៃ​ចង់ទៅ​រៀន​បន្ត​ដូច​កូន​អ្នក​ដ៏​ទៃ​ដែរ ដើម្បី​ធំ​ឡើង មានចំណេះ​ដឹង​រក​ការងារ​ល្អ​បាន​ធ្វើ មាន​ប្រាក់ខែ​ច្រើន មិន​ពិបាក​ដូច​គ្រួសារ​ឪពុក​ម្តាយ​សព្វថ្ងៃ ហើយ​លន់ ឆៃ​លី​ន និយាយ​ថា ខ្ញុំ​ស្តាយ​រៀន​ណាស់ តែ​មិន​យល់ចិត្ត​ឪពុក​ម្តាយ ជីវភាព​ក្រីក្រ​ហើយ​មិន​ឲ្យ​កូន​ៗ​ទៅ​រៀន ពេល​សួរ​ថា ឪពុក​ម្តាយ​ក្មួយ​សព្វថ្ងៃ មាន​ជម្ងឺ​ឬ? ថា អត់​ឈឺ​អី​ផង ចុះ​គាត់​ធ្វើការ ឬ​រកស៊ី​លក់ដូរ​អី​ដែរ លន់​ឆៃ​លី​ន ប្រាប់​ថា ម្តាយ​ចិត​ស្វាយ ចិត​ម្នាស់ ត្រាំ​ម្ជូរ ច្រក​ឲ្យ​ខ្ញុំ​មក​លក់ ក្រៅពី​នេះ​មិនដឹង​ទេ ។

សូម​មហាជន មេត្តា​សាក​គិត​ទៅ​មើល តើ​ក្មេង​អាយុ​១០​ឆ្នាំ គួរ​លះបង់​ការ​សិក្សារ​មក​រកស៊ី​រ៉ាប់រង​ជីវភាព​គ្រួសារ តើ​គួរ​ឲ្យ​អាណិតអាសូរ​ដែរ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ