ខេត្តសៀមរាប ៖ ក្រសួងបរិស្ថាននៅរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២១ បានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប ។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជា ខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ ។

លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា UNDP បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ចាត់ទុកថា៖ «ស្ថានីយផលិតថាមពល ពីពន្លឺព្រះអាទិត្យនេះគឺជាមជ្ឈមណ្ឌលទី១ នៅក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្ររ និងប្រភេទជិតផុតពូជ សំដៅធានាដល់និរន្តភាពនៃធនធានជីវៈចម្រុះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបានចាត់ទុកសមិទ្ធផលនៅថ្ងៃនេះ គឺជាការបោះជំហានថ្មីមួយបន្ថែមទៀត សម្រាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដទៃទៀតនាពេលអនាគត សំដៅអភិវឌ្ឍមជ្ឈមណ្ឌលនេះឱ្យដើរតួនាទីជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ការផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា ការលើកកម្ពស់ការយល់ដឹងអំពីសារៈប្រយោជន៍នៃធនធានជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ការអភិវឌ្ឍដោយនិរន្តរភាព និងការរស់នៅដោយចីរភាពនៅកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងផងដែរថា៖ «មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នឹងរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសទេសចរណ៍ផ្សារភ្ជាប់នឹងវប្បធម៌-ធម្មជាតិ និងជួយបង្កើនជម្រើសមុខរបរ ប្រភពចំណូលបន្ថែម និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះបានមួយកម្រិតបន្ថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការដំឡើងប្រព័ន្ធថាមពលសូឡាសម្រាប់ក្រសួងបរិស្ថាន ទទួលបានការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍមួយចំនួន។ ប្រព័ន្ធស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ អាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម៉ោងក្នុងមួយថ្ងៃ។ ប្រព័ន្ធអគ្គិសនីនេះបានផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបូមទឹកបានរៀងរាល់ថ្ងៃ។

គួរបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពបាននឹងកំពុងបន្តប្រមូលប្រភេទកេសរកូលព្រៃពីតំបន់ភ្នំគូលែន និងតំបន់ដទៃទៀតដើម្បីកត់ត្រា និងកំណត់អត្តសញ្ញាណបន្ថែមទៀត។

លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបានឱ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បង្កើតឡើងដើម្បី ៖
១. ការសិក្សាស្រាវជ្រាវ៖ កំណត់អត្តសញ្ញាណ ធ្វើសារពើភណ្ឌ និងកំណត់លក្ខណៈវិនិច្ឆ័យ និងមុខងារពិសេសនៃប្រភេទនីមួយៗ តាមបែបវិទ្យាសាស្ត្រ។
២. ការអភិរក្ស៖ សង្គ្រោះ បង្កាត់ បណ្តុះ បន្សុទ្ធពូជ និងស្តារ ប្រភេទកេសរកូលព្រៃដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិឡើងវិញ ជាពិសេសសម្រាប់រក្សាពូជកេសរកូលព្រៃ។
៣. ការអប់រំផ្សព្វផ្សាយ៖ ជាកន្លែងអប់រំ និងផ្សព្វផ្សាយ ស្តីពីប្រភេទ និងចំនួន នៃកេសរកូលព្រៃនៅកម្ពុជា។
៤. ការកំសាន្ត៖ ផ្តល់ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ ទីកន្លែងលំហែរកាយ ទស្សនាធម្មជាតិ និង កំសាន្តនានា៕
ចែករំលែកព័តមាននេះ