ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរឿនឆ្នាំ២០១៩៖ ស្រ្តីមានចំនួន​ច្រើន​​ជាងបុរស

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​សរុប​មាន​១៥.៥៥២.២២១​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៧.៥៧១.៨៣៧​នាក់ ស្មើ​នឹង​៤៨.៧% ដោយឡែក​ស្រី​ចំនួន​៧.៩៨០.៣៧៤​នាក់ ស្មើនឹង​៥១.៣% ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​សរុប​មាន​១៥.៥៥២.២២១​នាក់ ក្នុង​នោះ​ប្រុស​ចំនួន​៧.៥៧១.៨៣៧​នាក់ ស្មើ​នឹង​៤៨.៧% ដោយឡែក​ស្រី​ចំនួន​៧.៩៨០.៣៧៤​នាក់ ស្មើនឹង​៥១.៣% ។ ជាង​នេះ​ទៅ​ទៀត អត្រាកំណើន​ប្រជាជន​មធ្យម​ប្រចាំឆ្នាំ​គឺ​១.៤% ។ ដូច​គ្នា​នេះ​ដែរ លទ្ធផល​ជំរឿន​នៅ​ឆ្នាំ​២០០៨ ចំនួន​ប្រជាជន​សរុប​មាន​១៣.៤​លាន​នាក់ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៩ ចំនួន​ប្រជាជន​បាន​កើនឡើង​២,២​លាន​នាក់ ។

ក្នុង​ពិធី​ប្រកាស​​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុង​ក្រោយ ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ នា​ថ្ងៃ​២៦ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ជំរឿន​ទូទៅ ប្រជាជន​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជំរឿន​ជា​ផ្នែក​ប្រជាសាស្ត្រ និង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ជា​ពិសេស គឺ​ផ្នែក​កំណើន​ប្រជាជន ដែល​ទាមទារ​យកចិត្តទុកដាក់​សម្រាប់​សកម្មភាព​ចាំបាច់​ទាំងឡាយ។សម្ដ​ច​ក្រឡាហោម​បញ្ជាក់​ថា «​ជំរឿន​ទូទៅ​ប្រជាជន​នៅ​ព្រះរា​ជាណាចក្រ​កម្ពុជា​ឆ្នាំ​២០១៩ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​ឆ្នាំ​កន្លង​មកនេះ ។

លទ្ធផល​ចុង​ក្រោយ ជា​លទ្ធផល​នៃ​ការ​ខិតខំ​របស់​មន្ត្រី​ត្រួតពិនិត្យ និង​មន្ត្រី​សម្ភាសន៍​ចំនួន​ប្រមាណ​ជាង​៥​ម៉ឺន​នាក់ ដែល​បាន​សម្ភាសន៍​ប្រមាណ​៣,៥​លាន​គ្រួសារ​ក្នុង​ទូ​ទាំង​ប្រទេស ដើម្បី​ប្រមូល​ព័ត៌មាន ហើយ​មន្ត្រី​វិទ្យាស្ថាន ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ បាន​កែ​ច្នៃ និង​វិភាគ​ទិន្នន័យ ដោយ​សហការ​ជាមួយ​មន្ត្រី បច្ចេកទេស និង​អ្នក​ជំនាញការ​អន្តរជាតិ បាន​បញ្ចប់​ទាន់​ពេលវេលា ទោះជា​យើង​ស្ថិត​ក្នុង​បរិ​ការ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ជាស​កល​ក៏​ដោយ​» ។ សម្ដេច​ក្រឡាហោម​បន្ដ​ថា «​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ជំរឿន​ប្រជាជន និង​លំនៅ​ឋាន ជា​ប្រភព​តែ​មួយ​គត់ នៃ​ទិន្នន័យ​ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​រហូត​ដល់​កំរិត​ភូមិ ។

របាយការណ៍​ជំរឿន​ផ្តល់​លទ្ធផល​ចុង​ក្រោយ​កម្រិត​ជាតិ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃនេះ មាន​សារៈ​ប្រយោជន៍​ចំពោះ​រាជរដ្ឋាភិបាល ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​ដាក់​ចេញ ។ អ្វី​ដែល​មាននៅ ពេល​នេះ គឺជា​ជំហាន​មួយ​នៃ​ការ​វិភាគ ទិន្នន័យ​ជំរឿន​» ។ សម្ដេច​ក្រឡាហោម បញ្ជាក់​ថា​ដង់ស៊ីតេ​ប្រជាជន​ក្នុង​មួយ​គីឡូម៉ែត្រ​ក្រឡា​បាន​កើនឡើង​ពី​៧៥​នាក់ នៅ​ឆ្នាំ​២០០៨ ទៅ​៨៧​នាក់ នៅ​ឆ្នាំ​២០១៩​។ ដង់ស៊ីតេ​នេះ​ប្រជាជន​កម្ពុជា​នៅ​ទាប​ជាង​ច្រើន បើ​ធៀប​នឹង​ដង់ស៊ីតេ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ។

ឯកឧត្តម ឆាយ ថន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនការ បាន​លើក​ឡើង​ថា កាលពី​ឆ្នាំ​២០១៩​កន្លង​ទៅ កម្ពុជា​បាន​អនុវត្ត​ការ​ធ្វើ​ជំរឿន​ប្រជាជន​ទូ​ទាំង​ប្រទេស ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ថ្មី​មួយទៀត​ក្នុង​រយៈពេល​១០​ឆ្នាំ​ម្ដង បន្ទាប់​ពី​កម្ពុជា​បាន​ធ្វើ​ជំរឿន​ប្រជាជន​លើក​ដំបូង​កាលពី​ឆ្នាំ​១៩៦២ និង​ខកខាន​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍ ដោយសារ​វិបត្តិ​ផ្ទៃក្នុង រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប​ជំរឿន​លើក​ទី​២ ត្រូវ​បាន​ធ្វើ​ឡើងជា​ថ្មី​ទៀត ។

ឯកឧត្តម​បាន​រំលឹក​ថា នៅ​ឆ្នាំ​២០០៨ កម្ពុជា​មាន​ផែនការ​ធ្វើ​ជំរឿន​លើក​ទី​៣ ប៉ុន្តែ​ការងារ​នេះ​ត្រូវ​បាន​ខកខាន​ទៅ​វិញ ដោយសារ​ពេល​នោះ​កម្ពុជា ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោតជាតិ ទើប​មានការ​សម្រេច​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ​២០១៩​វិញ ដោយ​ប្រើប្រាស់​ថវិកាជាតិ ចំណាយ​អស់​ថវិកា​ប្រមាណ​៩​លាន​៩​សែន​ដុល្លារ​អា​មេ​រិ​ក ។ ឯកឧត្តម​ក៏​បាន​ថ្លែង​អំរ​ណរ​គុណ​ដៃគូ​ជាតិ និង​អន្តរជាតិ​ដែល​តែងតែបាន​ចូលរួម សហការ និង​គាំទ្រ​ក្នុង​ការងារ​ធ្វើ​ជំរឿន​នេះ​ដែរ ។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​បន្ត​ថា ជំរឿន​ឆ្នាំ​២០១៩ មាន​វិសាលភាព​គ្របដណ្ដប់ លើ​គ្រួសារ​ប្រជាជន​សរុប​ចំនួន​៣,៥​លាន​គ្រួសារ ស្ថិត​ក្នុង​តំបន់​ផ្សេង​ៗ​គ្នា​ទូ​ទាំង​ប្រទេស ទាំង​អ្នក​រស់​ក្នុង​លំនៅ​ដ្ឋា​ន ស្ថាប័ន ផ្ទះសំណាក់ វត្ត​អារាម មន្ទីរពេទ្យ ពន្ធនាគារ ជាដើម លើកលែងតែ​ប្រជាជន​ធ្វើការ រៀនសូត្រ ឬ​រស់នៅ​ក្រៅប្រទេស គ្រួសារ​អង្គទូត​ក្រៅប្រទេស​ប៉ុណ្ណោះ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី បាន​ចាត់​ទុក​ពិធី​ប្រកាស​ផ្សព្វផ្សាយ របាយការណ៍​ជាតិ​នៃ​លទ្ធផល​ចុង​ក្រោយ ជំរឿន​ទូទៅ ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩​នេះ​ថា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់ ដែល​បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ជោគជ័យ និង​ស្រប​តាម​ច្បាប់​ជា​ធរមាន និង​បាន​សម្ដែង​ការ​កោតសរសើរ​ចំពោះ​គណៈកម្មការ​ជំរឿន ក្រសួងផែនការ វិទ្យាស្ថាន​ជាតិ​ស្ថិតិ ព្រមទាំង​មន្ត្រី​ជំរឿន​រាប់​ម៉ឺន​នាក់ និង​ប្រជាជន​កម្ពុជា​ដែល​បាន​បំពេញ​កិច្ចការ​នេះ​ប្រកបដោយ​ជោគជ័យ ។

របាយការណ៍​ក៏​បាន​លើក​ឡើង​ថា​ភាគរយ​នៃ​ប្រជាជន​រស់នៅ​ទី​តំបន់​ទីប្រជុំជន​មាន​ចំនួន ៣៩,៤​ភាគរយ និង​នៅ​ជនបទ​មាន ៦០,៦​ភាគរយ ។ ខេត្ត​ចំនួន​៤ ដែល​មាន​ប្រជាជន ច្រើន​ជាង​១​លាន​នាក់ គឺ​រាជធានី​ភ្នំពេញ (២,៣ លាន​នាក់​), ខេត្តកណ្តាល (១,២ លាន​នាក់​), ខេត្តព្រៃវែង (១,១​លាន​នាក់​) និង​ខេត្តសៀមរាប (១,០​លាន​នាក់​)​។ គ្រួសារ​សរុប​នៅ​ទូ​ទាំង ប្រទេស​មាន​ចំនួន ៣.៥៥៣.០២១​គ្រួសារ ។ មានការ​ផ្លាស់​ប្តូរ​សំខាន់​ៗ​នៅ​ក្នុង​រចនាសម្ព័ន្ធ​អាយុ​របស់​ប្រជាជន ។

រវាង​ជំរឿន​ទាំង​ពីរ​លើក ប្រជាជន​វ័យ ក្មេង (០-១៤​ឆ្នាំ​) បាន​ធ្លាក់​ចុះ​ពី​៣៣,០% ទៅ ២៩,៤%, ប្រជាជន​វ័យ​កណ្តាល (១៥-៥៩ ឆ្នាំ​) បាន​កើនឡើង ពី​៦០,០% ទៅ​៦១,៧ និង​មនុស្ស​ចាស់ (៦០​ឆ្នាំ​ឡើង​ទៅ​) បាន​កើនឡើង​ពី ៦,៣% ទៅ ៨,៩% ។ មេ​ដ្យា​ន​អាយុ របស់​ប្រជាជន​បាន​កើនឡើង​ពី​អាយុ​២២​ទៅ​២៧​ឆ្នាំ ។ ប្រភព​បន្ត​ថា​តួលេខ​ទាំងនេះ​បង្ហាញ​ថា ប្រជាជន​កម្ពុជា​កំពុង​ចាប់ផ្តើម​វិវត្តន៍​ទៅ​តាម​អាយុ គឺ​មាន​ន័យ​ថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាជន​វ័យចាស់​ច្រើន​នៅ​ពេល​អនាគត ។ កត្តា​កំណត់​សំខាន់​នៃ​វ័យចាស់​របស់​ប្រជាជន​គឺ​ការ​ធ្លាក់​ចុះ​នៃ​អត្រា​លទ្ធភាព​បង្កើតកូន និង​ការ​ធ្លាក់​ចុះ​នៃ​អត្រា​មរណភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ