រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា ក្រុមគ្រូពេទ្យកម្ពុជាគឺជា ”កងទ័ពស្ងប់ស្ងាត់” ដែលតែងតែត្រៀមខ្លួនជាស្រេចនៅជាមួយកងទ័ពជានិច្ច។ ការថ្លែងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ នៅថ្ងៃទី២៤ ខែកក្កដា ដើម្បីពិនិត្យមើលវឌ្ឍនភាព និងផែនការយុទ្ធសាស្ត្រក្នុងការគាំទ្រសេវាសុខភាព និងសង្គ្រោះបន្ទាន់នៅតំបន់ព្រំដែន ជាពិសេសតំបន់ដែលមានការផ្ទុះអាវុធ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានប្រកាសថា មន្ទីរពេទ្យថ្នាក់ជាតិដែលជាសម្ព័ន្ធមេត្រីភាពជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបចំចាត់ចែងក្រុមគ្រូពេទ្យ សម្ភារៈ និងបរិក្ខារ រួចជាស្រេច ហើយកំពុងចេញដំណើរទៅកាន់ខេត្តគោលដៅរៀងៗខ្លួន។
ក្នុងគ្រានោះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានដាក់ចេញនូវចំណុចអាទិភាពជាច្រើនសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលរួមមាន៖ មន្ទីរពេទ្យថ្នាក់ជាតិទាំងអស់ ត្រូវត្រៀមក្រុមគ្រូពេទ្យ សម្ភារៈ និងបរិក្ខារជានិច្ច ដើម្បីចេញទៅជួយគាំទ្របន្ថែមនៅតាមតំបន់ព្រំដែន។ រៀបចំ វិធីសាស្ត្រទំនាក់ទំនងជាប់ជានិច្ច ដើម្បីបញ្ជូន និងទទួលព័ត៌មានអំពីស្ថានភាពនៅសមរភូមិជួរមុខបានឆាប់រហ័ស។ ពង្រឹងការឆ្លើយតបបន្ទាន់ទាំងការសង្គ្រោះបឋម និងការបញ្ជូនអ្នកជំងឺ។ ពង្រឹងយន្តការគាំពារសុខភាព និងសុវត្ថិភាព ប្រជាពលរដ្ឋ និងបុគ្គលិកសុខាភិបាលទាំងផ្លូវកាយ និងផ្លូវចិត្ត។ ពង្រឹងគុណភាពសេវាសង្គ្រោះ និងរក្សាអនាម័យ តាមស្តង់ដា ទោះបីស្ថិតក្នុងស្ថានភាពអាសន្ន។ ក្នុងនោះត្រូវមានយន្តការផ្តល់ព័ត៌មាន និងរបាយការណ៍ច្បាស់លាស់ជូនក្រសួងសុខាភិបាល។ ចំណែកឃ្លាំងឱសថកណ្តាល និងខេត្ត ត្រូវត្រៀមសម្ភារៈ បរិក្ខារ និងឱសថចាំបាច់សម្រាប់ផ្គត់ផ្គង់ដល់មូលដ្ឋានសុខាភិបាលនៅតាមព្រំដែន។
ចំណែកមន្ទីរសុខាភិបាលរាជធានី-ខេត្តត្រូវរៀបចំក្រុមគ្រូពេទ្យត្រៀមផ្លាស់ប្តូរវេនជាមួយក្រុមគ្រូពេទ្យប្រចាំការតាមតំបន់ព្រំដែន។ រីឯមន្ទីរពេទ្យគ្រប់ថ្នាក់ត្រូវរៀបចំបែងចែកក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋជាធម្មតា និងរង់ចាំទទួលជួយសង្គ្រោះ៕
ចែករំលែកព័តមាននេះ