រាជធានីភ្នំពេញ ៖ កម្ពុជាគ្មានជម្រើសអ្វី ក្រៅពីតបតចំពោះថៃ ធ្វើមកលើកម្ពុជានោះឡើយ ដោយកម្ពុជាបានជូនដំណឹងត្រឹមត្រូវទៅថៃ អំពីការទម្លាក់កម្រិតទំនាក់ទំនងនៅត្រឹម លេខាការទូតទី២ ខុសពីថៃ ដែលមិនបានជូនដំណឹងកម្ពុជាឡើយនេះបើតាមឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើសន្និសីទសារព័ត៌មានជុំវិញហេតុការណ៍ផ្ទុះអាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ខណៈថៃ ជាអ្នកបើកការបាញ់ប្រហារ ឈ្លានពានមុនមកលើកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះ «ការប្រព្រឹត្តការអនុវត្តរបស់រដ្ឋាភិបាលថៃ ក្នុងការទម្លាក់កម្រិតទំនាក់ទំនងទាំងពីរនេះ ក៏មិនបានធ្វើឲ្យបានសមស្របទៅតាមទម្លាប់អនុវត្តជាអន្តរជាតិ ដែលមានកំណត់នៅក្នុងសន្ធិសញ្ញាទីក្រុងវ្យែន ស្តីពីទំនាក់ទំនងការទូត។ ពោលគឺ រដ្ឋាភិបាលថៃ បានធ្វើការប្រកាសជាសាធារណៈ អំពីការទម្លាក់កម្រិតទំនាក់ទំនងការទូតនេះ ក៏ប៉ុន្តែពុំបានជូនព័ត៌មានជាផ្លូវការតាមរយៈកំណត់ទូតមកក្រសួងការបរទេស កម្ពុជានោះទេ។ គោលដៅ ដែលគាត់ធ្វើក៏មិនមានអង្គហេតុ និងអង្គច្បាប់ ហើយរបៀបអនុវត្តក៏មិនស្របតាមគោលការណ៍អន្តរជាតិដែរ» ។
ឯកឧត្តមបានបន្តថា ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចទំនាក់ទំនងកម្រិតការទូត រវាងប្រទេសទាំងពីរ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ ។ យើងពុំមានជម្រើសអ្វីក្រៅពីឆ្លើយតបនូវអ្វី ដែលរដ្ឋាភិបាលថៃ បានប្រព្រឹត្តចំពោះយើងឡើយ ក៏ប៉ុន្តែយើងបានជូនព័ត៌មាន ដែលត្រឹមត្រូវតាមរយៈកំណត់ទូតរបស់ក្រសួងការបរទេស ទៅកាន់ភាគីថៃ» ។
សូមជម្រាបដែរថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងបន្ទាប់ពីមានការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់ ។
គួរំលឹកថា ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃ ដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេច ចិត្តទម្លាក់កម្រិតការទូតជាមួយកម្ពុជាដោយ កោះហៅ ឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក» ។
ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា ។
ការប្រកាសបណ្តេញមន្ត្រីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន ។
ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថា ជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ចសន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ ៕
ចែករំលែកព័តមាននេះ