ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើលោកអ្នក​បានដឹងអ្វីពី​​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​កាំ​រស្មី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​និង​យល់​ដឹង​ពី​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី លោក​វេជ្ជបណ្ឌិត លឹ​ម ឧស្សាហ៍ ឯកទេស​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ការ​ព្យាបាល​ដោយ​កាំរស្មី​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ កំរិត​កាំរស្មី​ខ្ពស់ (high…

រាជធានី​ភ្នំពេញ ៖ ទាក់ទិន​និង​យល់​ដឹង​ពី​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី លោក​វេជ្ជបណ្ឌិត លឹ​ម ឧស្សាហ៍ ឯកទេស​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ឲ្យ​ដឹង​ថា​៖ ការ​ព្យាបាល​ដោយ​កាំរស្មី​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ កំរិត​កាំរស្មី​ខ្ពស់ (high doses of radiation) ដើម្បី​ស.ម្លា.ប់​កោសិកា​មហារីក ។ កាំរស្មី​ដែល​គេ​ប្រើ​ជា​ញឹកញាប់ គឺ​កាំរស្មីអ៊ិច (X-rays) ឬ​ហ្វូ​តុង​អ៊ិ​ច (Photon X) ដែល​មាន​លទ្ធភាព​អាច​បំផ្លាញ DNA របស់​កោសិកា​មហារីក​បាន ហើយ​ដែល​ជា​លទ្ធផល​កោសិការ​មហារីក​នឹង​មិន​អាច​រីក​លូតលាស់​បាន ។

ការ​ព្យាបាល​ដោយ​កាំរស្មី គឺ​មាន​គោលដៅ​ស.ម្លា.ប់​ ឬ​បំផ្លាញ​កោសិកា​មហារីក ដោយ​រក្សា​នូវ​ការ​ប៉ះពាល់​ទៅ​លើ​សរីរាង្គ​ជិតខាង​ឲ្យ​បាន​តិចតួច​បំផុត ។

១-​ប្រភេទ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី​យោង​តាម​បច្ចេកទេស​(Technique)​នៃ​ការ​ប្រើ​កាំរស្មី ការ​ព្យាបាល​នេះ​ត្រូវ​បាន​បែងចែក​ជា​២​ធំ​ៗ​រួម​មាន​៖

• ការ​បញ្ចាំង​កាំរស្មី (External Beam Radiotherapy) ៖
វិធីសាស្ត្រ​នេះ​គឺ ប្រភព​កាំរស្មី​ត្រូវ​បាន​បញ្ចេញ​ពី​ម៉ាស៊ីន​មាន​លក្ខណៈ​ជា​បាច់​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ដទៃ​ទៀត​រហូត​ទៅ​ដល់​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​។

• ការ​ស្អំ​ដោយ​កាំរស្មី (Brachytherapy)៖
ជា​ការ​ដាក់​បញ្ចូល​ប្រភព​កាំរស្មី​ទៅ​ក្នុង​ខ្លួន​របស់​អ្នកជំងឺ​ឲ្យ​ជិត ឬ​ក្នុង​ដុំ​សាច់​ដែល​ត្រូវ​ព្យាបាល​តែ​ម្តង ដោយ​កាំរស្មី​មិន​ឆ្លងកាត់​ស្បែក និង​សរីរាង្គ​ផ្សេង​ៗ ដូច​ការ​បញ្ចាំង​កាំរស្មី​ពី​ខាងក្រៅ​នោះ​ទេ។ ករណី​យោង​តាម​គោលដៅ​វេជ្ជសាស្ត្រ ( Radiation therapy intents) ការ​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​ត្រូវ​បាន​បែងចែក​ជា​២​ធំ​ៗ​ផង​ដែរ​ដូច​ជា​៖

ការ​ព្យាបាល​ក្នុង​គោលបំណង​ឲ្យ​ជា​សះស្បើយ (Curative intent)៖ ជា​ការ​ព្យាបាល​ដោយ​កាំរស្មី​ច្រើន​បូក​រួម​ជាមួយនឹង​ការ​ព្យាបាល​ដទៃ​ទៀត ទាំង​ការ​ចាក់​ថ្នាំ​គីមី និង​ការ​វះកាត់ (​មុន ឬ​ក្រោយ​ការ​វះកាត់​)​ដើម្បី​ឲ្យ​អត្រា​នៃ​ការ​ជា​សះស្បើយ​ខ្ពស់ និង​កាត់​បន្ថយ​ការ​លាប់​ឡើង​វិញ ។

ការ​ព្យាបាល​ក្នុង​គោលបំណង​ពន្យារ ឬ​សម្រន់​(Palliative intent)៖
វិធី​នេះ​សម្រាប់​ព្យាបាល​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់ បន្ថយ​ពិការ​ភាព​ឬ​ទប់​មិន​ឲ្យ​មានការ​ហូរ​ឈាម​ភ្លាម​ៗ ដែល​ជា​ហេតុ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​បន្ទាន់ និង​គុណភាព​ជីវិត​ចុង​ក្រោយ​របស់​គាត់ ។

២-​ដំណើរការ​នៃ​ការ​ព្យាបាល​ដោយ​កាំរស្មី ដើម្បី​សន្មត់​ថា អ្នកជំងឺ​ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ដោយ​ថ្នាំ​គីមី ឬ​ការ​វះកាត់ ត្រូវ​ឆ្លងកាត់​ការ​ប្រជុំ​ពិភាក្សា​រវាង​ក្រុម​គ្រូពេទ្យ​ឯកទេស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺមហារីក (MDT= Multidisciplinary Team) ដូច​ជា​គ្រូពេទ្យ​ឯកទេស​ខាង​រូបភាព​វេជ្ជសាស្ត្រ គ្រូពេទ្យ​ឯកទេស​ខាង​ថ្នាំ​គីមី គ្រូពេទ្យ​ឯកទេស​បញ្ចាំង​កាំរស្មី និង​គ្រូពេទ្យ​ឯកទេស​វះកាត់​មហារីក ដើម្បី​កំណត់​យុទ្ធសាស្ត្រ​ក្នុង​ការ​ព្យាបាល​ជា​មុន​សិន ។

នៅ​ពេល​អ្នកជំងឺ​ត្រូវ​បាន​កំណត់​ថា ត្រូវ​ព្យាបាល​ដោយ​កាំរស្មី ចលនា​នៃ​ការ​ព្យាបាល​នេះ​ចែក​ចេញ​ជា​៥​ដំណាក់កាល​ដូច​ខាងក្រោម​៖

ការ​ណាត់ជួប​អ្នកជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី​៖ ដើម្បី​ឲ្យ​អ្នកជំងឺ​ត្រៀមលក្ខណៈ​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ដំណើរការ​ព្យាបាល​ដោយ​កាំរស្មី ផលវិបាក​មួយ​ចំនួន​ដែល​កើតឡើង​ក្នុងអំឡុងពេល និង​ក្រោយ​ពេល​ព្យាបាល ។

ការ​ថត​ប្លង់​កាំរស្មី (CT Simulation)៖ ជា​ការ​ថត​ស្កែ​ន​សម្រាប់​ការ​ព្យាបាល​ដោយ​កាំរស្មី រូបភាព​ដែល​ទទួល​បាន​គឺ​ប្រើ​សម្រាប់​ធ្វើការ​សិក្សា​ប្លង់ ។

ការ​សិក្សា​ប្លង់ (Dosimetry)៖ ដើម្បី​កំណត់​ទីតាំង​ទិស​ដៅ​បញ្ចាំង និង​កម្រិត​កាំរស្មី​ដែល​ត្រូវ​ប្រើ ត្រូវ​មានការ​ចូលរួម​សម្រេច​ដោយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី និង​អ្នកឯកទេស​ខាង​រូបភាព​វេជ្ជ​សាស្ត្រ រួច​ទើប​បញ្ជូន​ទិន្នន័យ​ទាំងនោះ​ទៅ​កាន់​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី (Linear Accelerator) ដោយ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ទំនើប ។

ការ​ព្យាបាល​ដោយ​កាំរស្មី​៖
ការ​ព្យាបាល​ធ្វើ​តាម ទិន្នន័យ​ដែល​រក្សា​ទុក​ក្នុង​ម៉ាស៊ីន​បញ្ចាំង​កាំរស្មី​សម្រាប់​អ្នកជំងឺ​ម្នាក់​ៗ ។

ការ​តាមដាន​៖
ចាប់តាំងពី​ថ្ងៃ​ដំបូង​ដែល​អ្នកជំងឺ​ទទួល​ការ​ព្យាបាល​ដោយ​កាំរស្មី រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ការ​ព្យា​បាល និង​ក្រោយ​បញ្ចប់​ការ​ព្យាបាល​។ អ្នកជំងឺ​តម្រូវ​ឱ្យ​ជួប​គ្រូពេទ្យ​ឯកទេស​កាំរស្មី​ជា​ប្រចាំ ។

៣-​ការ​ត្រៀមខ្លួន​របស់​អ្នកជំងឺ​៣​ដំណាក់​កាលដែល​អ្នកជំងឺ​ត្រូវ​ត្រៀមខ្លួន សម្រាប់​ការ​ព្យាបាល​ដោយ​កាំរស្មី ៖

នៅ​ពេល​មុន​ទទួល​ការ​ព្យាបាល​ដោយ​កាំរស្មី​៖ អ្នកជំងឺ​នឹង​តម្រូវ​ឲ្យ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ផ្នែក​កាំរស្មី ដើម្បី​ស្វែង​យល់​ឬ​ទទួល​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​គោលបំណង​ដំណើរការ និង​ផលវិបាក​កំឡុង​ពេល និង​ក្រោយ​ពេល​ព្យាបាល ។

អំឡុង​ពេល​ព្យាបាល​ដោយ​កាំរស្មី​៖
អ្នកជំងឺ​ត្រូវ​ជួប​គ្រូពេទ្យ​យ៉ាង​ហោច​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ និង​ក្នុង​ករណី​មាន​ផលវិបាក​ដោយ​កាំរស្មី អ្នកជំងឺ​តម្រូវ​ឱ្យ​ជួប​គ្រូពេទ្យ​ញឹកញាប់ (​លើស​ពី​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍​) ដើម្បី​ប្រឹក្សា​បន្ថែម​ដើម្បី​បន្ថយ​ផលវិបាក​ទាំងនោះ ។

ក្រោយ​ការ​បញ្ចាំង​កាំរស្មី​៖
អ្នកជំងឺ​ត្រូវ​បន្ត​ការ​តាមដាន​ជា​រឿយ​ៗ ជាមួយ​គ្រូពេទ្យ​ឯកទេស​កាំរស្មី ដើម្បី​វាយតម្លៃ​ឡើង​វិញ​នូវ​ផលវិបាក នឹង​ការ​វិវត្តន៍​នៃ​ជំងឺ ។

លោក​វេជ្ជបណ្ឌិត លឹ​ម ឧស្សាហ៍ ឯកទេស​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បញ្ជាក់​ថា ៖សូម​ប្រជាពលរដ្ឋ​មេត្តា​មក​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​យល់​ដឹង​បន្ថែម​ពី​ការ​ព្យាបាល​ជំងឺមហារីក​ដោយ​កាំរស្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ