ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់មិនចេះអស់! ស្លាបមាន់ ៣០០គីឡូក្រាម ខូចគុណភាព នាំចូលពីថៃ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់៥ ចាប់បានស្លាប​មាន់ ៣០០គីឡូក្រាម ដែល​ខូចគុណភាព ត្រូវ​ឈ្មួញនាំចូលពីថៃ។ ស្លាបមាន់ទាំងនោះ ត្រូវបាន​យកទៅដុតចោល នៅថ្ងៃទី២៥…

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករតំបន់៥ ចាប់បានស្លាប​មាន់ ៣០០គីឡូក្រាម ដែល​ខូចគុណភាព ត្រូវ​ឈ្មួញនាំចូលពីថៃ។ ស្លាបមាន់ទាំងនោះ ត្រូវបាន​យកទៅដុតចោល នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅជាយក្រុងសិរីសោភ័ណ។

មន្ត្រីគយ និងរដ្ឋាករ​ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធ តំបន់៥ ក្នុង​ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ក្រោយពេលទទួលព័ត៌មានថា មានរថយន្តតាក់ស៊ី ១គ្រឿង បានលួចដឹកទំនិញល្មើស​ច្បាប់ គឺ​មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានស្ទាក់ចាប់ ដោយ​ឆែកឆេររកឃើញមានកេសស្នោរដាក់បង្កប់ខាងក្រោយរថយន្ត។ រថយន្តនោះ ត្រូវបាននាំយកមកការិយាល័យ ដើម្បីទម្លាក់មើល ក៏​ឃើញមានកេសស្នោរ ចំនួន ៣០កេស ដែលក្នុង ១កេសទំងន់ ១០គីឡូក្រាម ដាក់ស្លាបមាន់ រឺផលិតផលមានដើមកំណើតពីសត្វមាន់ មានទំងន់ស្មើ៣០០ គីឡូក្រាម។

មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា ក្រោយពេលដែលឃាត់រថយន្ត​ដឹកស្លាបមាន់មានទម្ងន់ ៣០០គីឡូក្រាម ដែលឈ្មួញលួចលាក់ នាំចូលគ្មានលិខិត​អនុញ្ញាត ដឹកល្មើសច្បាប់ ដែលដឹកគ្មានលក្ខណៈបច្ចេកទេស បណ្តាលឲ្យ​ខូចគុណភាព មានក្លិនស្អុយ ដែលត្រូវបានឃាត់ នៅវេលាម៉ោង ២រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុង​ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

មន្ត្រីគយ និងរដ្ឋាករតំបន់៥ បានបញ្ជាក់ថា ស្លាបមាន់ខូចគុណនេះ ឈ្មួញនាំចូលពីថៃ ហើយ​ម្ចាស់ឡាន ស៊ីឈ្នួលដឹកពីតំបន់ប៉ោយប៉ែត ​ទៅដាក់អោយម៉ូយ នៅខេត្ត​សៀមរាប។

​ប្រជាពលរដ្ឋ មើលឃើញថា ​សមត្តកិច្ចចាប់បានតែទំនិញខូចគុណភាពជាញឹកញាប់ តែឈ្មួញមិនដែលឃើញ​ចាប់បានម្ចាស់ទំនិញឡើយ​។ ខ្លះទៀត ក៏លើកឡើងថា ទំនិញ ដែលសមត្ថកិច្ច ចាប់បាន ដោយសារតែម្ចាស់​ មិនបង់លុយ​ ទើបក្លាយជាទំនិញ​ខុសច្បាប់ ខូចគុណភាព​ដូច្នេះ​។

ប៉ុន្តែ​យ៉ាងណាក៏ដោយ សមត្ថកិច្ចជំនាញ បានច្រានចោល​នូវការលើកឡើងដូច្នេះ ហើយសូម​ឲ្យប្រជាពលរដ្ឋ ប្រាប់​ពី​ទំនិញ ដែលនាំចូលខុសច្បាប់ ខូចគុណភាព និងម្ចាស់ទំនិញឲ្យបានច្បាស់លាស់ នោះសមត្ថកិច្ចជំនាញ នឹងចាប់បង្ក្រាប ដោយគ្មានការលើកលែងឡើយ​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ