រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រៅពីស្នើសុំឱ្យអាជ្ញាធរជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ក៏បានអំពាវនាវទៅដល់ពលរដ្ឋគួរងាកមកប្រើ ឬបរិភោគផលិតផលក្នុងស្រុក ដើម្បីជួយជំរុញកំណើនវារីវប្បកម្មឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃនាពេលខាងមុខនេះ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឱ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញបានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន ។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ ។
ក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញ ដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្មឱ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឱ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀងផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ។
លោក លក លឿង អ្នកចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ ក្នុងខេត្តកំពង់ចាមបានឱ្យដងថា ក្រៅពីមានគម្រោងនៅប៉ុន្មានខែខាងមុខនេះកសិកដ្ឋានចិញ្ចឹមត្រីរបស់លោកគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈការចាប់ផ្តើមចិញ្ចឹមត្រីដំបូងក្នុងឆ្នាំ ២០១១ ទទួលបានផលត្រីត្រឹម ៣០តោនក្នុងមួយឆ្នាំ ។
ពាក់ព័ន្ធនិងការចិញ្ចឹមត្រីនេះបើតាមលោក លក លឿង លើកឡើងថា ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទ ពិសេសត្រីអណ្តែង និងកង្កែបដើម្បីបម្រើឱ្យសេចក្តីត្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្ត្រីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាង និងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបានចំនួន ៤៤ លើផ្ទៃដី ២៧ហិកតា គ្រោងចិញ្ចឹមឱ្យបានពី ៩៥០ ទៅ ១.០០០តោនក្នុងមួយឆ្នាំ និងឡើងដល់ ២.៥០០ តោន ក្នុងមួយឆ្នាំ នៅឆ្នាំ ២០២៣ ខាងមុខ ។
ទាក់ទងនិងតម្លៃត្រីបើតាមឯកត្តម វេងសាខុន គូសបញ្ជាក់ថា បច្ចុប្បន្នតម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឱ្យទីផ្សារ ៕
ចែករំលែកព័តមាននេះ