រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មភ្លាមៗ ខណៈដែលរូបគាត់ និងបុរសជាអ្នកធ្វើការជាមួយគ្នា២នាក់ទៀត (សរុបគ្នា៣នាក់) បាននាំគ្នាវាយជញ្ជាំងបេតុងនៅក្នុងភោជនីយដ្ឋានម្ហូបចិនមួយកន្លែងជិតដួល ហើយក៏នាំគ្នាទៅរុញផ្តួលនោះ ក៏ស្រាប់តែបាក់សង្កត់តែម្តង ។ ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចភោជនីយដ្ឋានចិនមួយកន្លែង ផ្លូវចៃកា (ម្តុំខាងក្រោយស្ថានទូតរុស្ស៊ី) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើមានឈ្មោះ សៀង ធាវី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិជ្រៃរុន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ បុរសជាកម្មករសំណង់រងគ្រោះ រួមនឹងបុរសជាកម្មករសំណង់ធ្វើការងារជាមួយគ្នាចំនួន២នាក់ទៀត (សរុបគ្នា៣នាក់) បាននាំគ្នាវាយជញ្ជាំងបេតុងមួយខាងក្នុងហាងម្ហូបចិនខាងលើ។

ប្រភពដដែលប្រាប់បន្តទៀតថា នៅពេលដែលក្រុមកម្មករសំណង់ទាំង៣នាក់បានវាយជញ្ជាំងដាច់ជើងខាងក្រោមស្ទើរតែអស់ហើយនោះ ក៏បាននាំគ្នាទៅរុញបន្ថែម ដើម្បីឱ្យដួល ក៏ស្រាប់តែបាក់រលំសង្កត់ពីលើបុរសជនរងគ្រោះម្នាក់ខាងលើជាប់តែម្តង ចំណែកបុរស២នាក់ទៀតស្ទុះរត់ចេញទាន់ និងមិនរងរបួសអ្វីឡើយ។

ភ្លាមៗនោះ ក្រុមកម្មករសំណង់ដែលធ្វើការជាមួយគ្នានាំគ្នាវាយ និងលើកជញ្ជាំងថ្មបេតុងនោះចេញ ដើម្បីជួយសង្គ្រោះបុរសរងគ្រោះ តែជាអកុសលរូបគាត់បានបាត់បង់ជីវិតទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានចុះមកធ្វើការត្រួតពិនិត្យភោជនីយដ្ឋានម្ហូបចិនកើតហេតុខាងលើ និងប្រគល់សាកសពបុរសកម្មករសំណង់រងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។

ចែករំលែកព័តមាននេះ