រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅមុននេះបន្តិចថា អាស្រ័យដោយកូវីដ១៩បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជា ដូច្នេះ សម្តេចសម្រេចបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កន្លងមក ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ ១៩ ក្នុងឆ្នាំ ២០២០ សម្តេចបានកាត់ប្រាក់បៀវត្សទាំងអស់ ក្រោយការបង់ពន្ធលើបៀវត្សជូនរដ្ឋរយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល ។ ដោយក្នុងនោះបៀវត្សរបស់សម្តេច១០លានរៀល/ខែ ត្រូវបង់ពន្ធ៩១០.០០០រៀល/ខែ និងប្រគល់ជូនក្រសួងសុខាភិបាល៩.០៩០.០០០រៀល/ខែសរុប៧ខែចំនួន៦៣.៦៣៩.០០០រៀល។
សម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «អាស្រ័យដោយកូវីដ១៩ បាននឹងកំពុងកើតមានបន្តនៅទូទាំងពិភពលោក រាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សទាំងអស់ក្រោយការបង់ពន្ធរយះពេល៧ខែទៀតជូនទៅក្រសួងសុខាភិបាលដោយចាប់ពីខែកុម្ភះឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១» ។
បន្ថែមពីលើនេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិលនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែង តាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងកូវីដ១៩ ដែលបង្ហាញឲ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនយើង ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន៤៦០ករណី ក្នុងនោះ ករណីជាសះស្បើយមានចំនួន៤១២នាក់ ហើយមានអ្នកជំងឺចំនួន ៤៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរាជធានី-ខេត្ត តែល្អបំផុតគឺពុំមានករណីស្លាប់ដោយសារកូវីដ ១៩ នៅកម្ពុជាឡើយ ៕
ចែករំលែកព័តមាននេះ