រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន និង២នាក់ទៀតរត់គេចខ្លួនបាត់បន្ទាប់ពីធ្វើសកកម្មភាពលួចគោបាន៤ក្បាលដែលលែងចោល នៅទីវាលដឹកឡើងរថយន្តមួយគ្រឿង ហើយត្រូវបានម្ចាស់ទាន់ ដែលហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែ មករា ឆ្នាំ ២០២១ នៅចំណុច ភូមិកោះរងាង ក្នុងសង្កាត់ពន្សាំងខណ្ឌព្រែក រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលឃាត់ខ្លួនពុំត្រូវនគរបាលប្រាប់អោយស្គាល់អត្តសញ្ញាណឡើយ ។ ភ្លាមៗត្រូវបាននគរបាលបញ្ជូនទៅកាន់ស្នាក់ការប៉ុស្តិ៍ ក៏បញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌ ព្រែកព្នៅ ដើម្បីសាកសួរ និងស្រាវជ្រាវឃាត់បក្សពួកបន្តទៀត ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតគោចំនួន៤ក្បាល ព្រមទាំងរថយន្តម៉ាកហ៊ីយ៉ាន ដាយមួយគ្រឿងផងដែរ ។
តាមព័ត៌មានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋ នៅក្នុងភូមិ កោះរងាង ដែល ស្ថិត នៅមាត់បឹងតាមោក បានដឹកគោទៅលែងចោល ដើម្បីអោយស៊ីស្មៅ ។លុះ នៅវេលាល្ងាចម្ចាស់ ក៏បានទៅរកគោ ស្រាប់តែប្រទះឃើញគោចំនួន៤ក្បាល ត្រូវជនមិនស្គាល់មុខ៣នាក់ដឹកឡើងរថយន្តនៅក្នុងព្រៃមាត់បឹងរួចជាស្រេច ។
តាមព័ត៌មានអោយដឹងទៀតថា ភ្លាមៗប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅនគរបាលចុះទៅអន្តរាគមន៍ ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលជាតាកុងរថយន្ត ។ ចំណែក ២នាក់ដែលគេអះអាងថា ជាជនដៃដល់បានរត់គេចខ្លួនបាត់ ។ គោចំនួន ៤ក្បាលនោះ ត្រូវបាននគរបាល អោយដឹងថា មានម្ចាស់ចំនួន៣នាក់ ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យរួមទាំងរថយន្ត ត្រូវបាននគរបាលបញ្ជូន ទៅកាន់អធិការដ្ឋាន ។ ដោយឡែក គោ ប្រគល់អោយម្ចាស់វិញ ៕
ចែករំលែកព័តមាននេះ