ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ មកដល់ពេលនេះ ខណៈដែល​ចរាចរណ៍​កាន់តែកកស្ទះឡើង​ៗ នាំឲ្យ​អ្នកធ្វើការងារ​កាន់តែច្រើន​ នៅរាជធានីភ្នំពេញ មិនបានវិលត្រឡប់ទៅផ្ទះ ទទួលទាន​បាយថ្ងៃត្រង់ទេ គឺ​បាយក្រៅ នៅតាមហាង​បាយ តាមផ្លូវ​ជិតៗកន្លែងធ្វើការរបស់ខ្លួន​។​…

ភ្នំពេញ៖ មកដល់ពេលនេះ ខណៈដែល​ចរាចរណ៍​កាន់តែកកស្ទះឡើង​ៗ នាំឲ្យ​អ្នកធ្វើការងារ​កាន់តែច្រើន​ នៅរាជធានីភ្នំពេញ មិនបានវិលត្រឡប់ទៅផ្ទះ ទទួលទាន​បាយថ្ងៃត្រង់ទេ គឺ​បាយក្រៅ នៅតាមហាង​បាយ តាមផ្លូវ​ជិតៗកន្លែងធ្វើការរបស់ខ្លួន​។​ មុខរបរលក់ម្ហូបអាហារ ក៏កាន់តែមានច្រើនឡើងៗ ដោយបង្កើតជាប្រាក់ចំណូល សម្រាប់ប្រជាជនជាច្រើន។

អ្នកមានប្រាក់ខែច្រើនគួរសម រកបាយ​កម៉្មង់ម្ហូបក្តៅៗ ចម្អិន​ភ្លាមៗ ដែល​តម្លៃម្ហូប​មួយចាន និងបាយ​មួយចម្អែត​ ចន្លោះពី ៨០០០រៀល ទៅ ១០០០០រៀល​។ តែបើ​អ្នក​មានប្រាក់ខែ​មិនច្រើន ក៏ទទួលទាន​បាយថ្ងៃត្រង់ នៅហាងបាយ លក់តាមផ្លូវ ជាម្ហូប​ចម្អិន​ស្រាប់ ដែលមានតម្លៃត្រឹមតែម្ហូប​មួយចាន ៤០០០រៀល ទៅ ៥០០០ រៀល​ប៉ុណ្ណោះ​។

​ក្រៅពីនេះ ក៏មានហាងបាយ ក្នុងម៉ាស៊ីនត្រជាក់ តាមហាងកាហ្វេ តាមរបៀប​អឺរ៉ុប និងខ្មែរ ដែលអាចកម្ម៉ង់ចម្អិនភ្លាមៗបានដែរ​។ ក្នុងហាងម៉ាស៊ីនត្រជាក់នេះ ម្ហូប​អាហារថ្លៃបន្តិច ដោយ​ ១ចាន អាចថ្លៃ​លើសពី ៥ដុល្លារ តាមប្រភេទ​មុខម្ហូប​និមួយៗ​។ ក្នុងហាងកាហ្វេ​ទំនើប តាមបែបអឺរ៉ុប​នេះ គ្រាន់តែកាហ្វេ ១កែវ ថ្លៃចាប់ពី ២,៥ដុល្លារ ឬ ១០០០០រៀល​។ ហាងនេះ សម្រាប់​អ្នកមានប្រាក់ខែ​ខ្ពស់ ចាប់ពី ១០០០ដុល្លារឡើង ឬក៏យូរៗ គេចូលម្តង តែមិន​ប្រចាំរាល់ថ្ងៃនោះទេ​។

ហាងម៉ាស៊ីនត្រជាក់នេះ ផ្នែក​អនាម័យ និង​គុណភាពម្ហូបអាហារ គឺអ្នកទទួលទាន ហាក់ មិនបារម្ភ​​​នោះ​ឡើយ​​។ ហាងម៉ាស៊ីនត្រជាក់ ក៏មិនមានសូម្បីតែរុយមួយ ក្នុងហាងនោះទេ​។ សេវា​ អនាម័យ និងគុណភាព​ ត្រូវបានគេ​គិតជាចម្បង​។

ប៉ុន្តែ​តាមហាងបាយ កន្លែងលក់ម្ហូបអាហារ​​ជាច្រើនទៀត នៅតាមផ្លូវ បញ្ហាអនាម័យ និងគុណភាពចំណីអាហារ ជាក្តីបារម្ភ​នៅឡើយ។ ចង្ក្រានបាយ កន្លែងធ្វើម្ហូប​ ទាំងម្ហូប​កម្ម៉ង់ ចម្អិនភ្លាមៗ និងទាំង​ម្ហូបអាហារ ដែលចម្អិនទុក ឬសម្លរស្រាប់ៗ ទាមទារ​ឲ្យ​មាន​អនាម័យ​ ហើយ​បន្លែ ត្រីសាច់ ដែលយកមកធ្វើម្ហូប ក៏ទាមទារ​ឲ្យ​មានគុណភាព​ដែរ​។

កត្តានេះ តម្រូវ​ឲ្យ​អ្នកលក់ ក៏ដូច​ជាអ្នកចម្អិត​ម្ហូបអាហារ ត្រូវដាក់​ចិត្តដាក់កាយ និង​ត្រូវស្មោះ​ត្រង់នឹងអ្នកទិញ ព្រមទាំងស្មោះត្រង់នឹងខ្លួនឯង ហើយគិតថា ចំណីម្ហូបអាហារ ដែលខ្លួនចម្អិន​លក់ទាំងនេះ ក៏សម្រាប់​ខ្លួនឯង សម្រាប់ក្រុមគ្រួសារខ្លួនឯង ទទួលទាន​រាល់ថ្ងៃដែរ​។

ជាការពិតហើយ មិនមាននរណាម្នាក់ ធ្វើចំណីអាហារ សម្រាប់បរិភោគខ្លួនឯង ដោយ​ខ្វះ​អនាម័យ ឬក៏ចម្អិន​ដោយ​មិនបានលាងសម្អាតបន្លែ ត្រីសាច់​ឲ្យបាន​ត្រឹមត្រូវ​នោះឡើយ។​

ផ្ទុយទៅវិញ បើសិនជា​អ្នកលក់​ណានោះ គ្មានអនាម័យ ធ្វើម្ហូបអាហារ ឲ្យរួចតែពីដៃ លក់​ឲ្យតែបានលុយ គឺជាការ​ផ្កាប់​ឆ្នាំងបាយរបស់ខ្លួនឯង​ នៅពេល​ដែលអ្នកទិញ អ្នកទទួលទាន មើលឃើញថា កន្លែងនោះ ខ្វះអនាម័យ ហើយ​ម្ហូបចំណីអាហារ មិនឆ្ងាញ់ ព្រោះតែ​ត្រីសាច់ អន់សាច់ ខ្វះគុណភាព ជាដើមនោះ​។

​ក្នុងអំឡុងពេលកូវីដនេះ ក៏មានអ្នកធ្វើការមួយចំនួន បានវេចបាយ​មកពីផ្ទះ ដើម្បីទទួល ទាននៅកន្លែងធ្វើការ នាពេលថ្ងៃ​ៗ​ផងដែរ​។ ការធ្វើដូច្នេះ​ ដើម្បី​ការពារ​ការឆ្លងកូវីដផង និង​ក៏ដើម្បី​សន្សំសំចៃ​លុយបានខ្លះដែរ ព្រោះ​ការធ្វើម្ហូបពីផ្ទះ អស់លុយតិច​ជាងការចេញក្រៅ ទៅញ៉ាំបាយនៅពេលថ្ងៃៗ​ នៅជិតកន្លែង​ធ្វើការ ផងដែរ​។ ពេលវេលា ក៏ចំណេញ​មួយផ្នែកដែរ សម្រាប់​អ្នកវេចខ្ចប់បាយ​ពីផ្ទះ មកកន្លែងធ្វើការ​។

យ៉ាងណាក៏ដោយ ​ក៏នៅតែមានអ្នក​មិន​ស៊ាំញ៉ាំ​ ក្រោកពីព្រឹក ធ្វើម្ហូបពីផ្ទះមក នៅតែ​ចេញ​ទៅបាយ​នៅជិតៗកន្លែងធ្វើការ ដោយសារតែពិបាក​ក្នុងការធ្វើដំណើរ​ពីកន្លែង​ធ្វើការ ទៅផ្ទះ ហើយ​ក៏ចង់​ចំណេញពេល​ ក្នុងការសម្រាក និងធ្វើការ​។

ដូច្នេះ​ធ្វើ​អ្វីក៏ដោយ ក៏ទាមទារ​ឲ្យ​ស្អាត អនាម័យ ហើយឆ្ងាញ់។ ឆ្ងាញ់​ ទាល់តែ​របស់​មានគុណភាព​ និងដាក់គ្រឿងត្រូវ​ដែរ​។ បើធ្វើស្អាតល្អ មានអនាម័យ ហើយឆ្ងាញ់ នោះអាជីវកម្មរបស់ខ្លួន មិន​ថា ម្ហូបអាហារ កាហ្វេ ឬបង្អែម បបរ​អ្វីណានោះទេ គឺ​មានអ្នកចូលចិត្តចូលទទួលទាន ទិញ​​ប្រជ្រៀតគ្នា ជាមិនបាន​ខានឡើយ។​ មុខរបរ​ក៏កាក់កប ហើយអ្នកទទួលទាន ក៏រីករាយ មិនស្តាយលុយ ហើយ​ក៏​មិន​កើត​​រោគ​​ គឺល្អទាំងអស់គ្នា ទាំងអ្នកលក់ និងល្អទាំងអ្នក​ទិញ។

ដូច្នេះ វាចាំបាច់ណាស់ ដែលថាអ្នកលក់បាយ និងម្ហូបអាហារ ត្រូវតែចង ចំាពាក្យ​មួយឃ្លាគឺ ថាសុខភាព​របស់អតិថិជន គឺជាសុខភាពរបស់ខ្លួន ជាអ្នកលក់ អ្នកធ្វើម្ហូប ដើម្បីធ្វើម្ហូប អោយមាន​អនាម័យបំផុត ហើយជ្រើសរើសបន្លែ និងសាច់មានគុណភាព មិនប៉ះពាល់ដល់​សុខភាព​របស់​អតិថិជន​ខ្លួន។

នៅពេលដែលអ្នកលក់អាចធានាបានគុណភាពអាហារហើយនោះ វានឹងធ្វើអោយ​អតិថិជន កាន់តែទុកចិត្ត និងមានអ្នកទិញកាន់តែច្រើន។ ដូច្នេះ វានឹងធ្វើអោយ​មុខរបរ​កាន់តែរីកចម្រើន និងរកលុយបានច្រើន។ ចំណែកអ្នកទិញ ក៏មានសុខភាពល្អ។

កូវីដ១៩ បានប្រាប់យើងថា យើងត្រូវតែរស់នៅស្អាត និងមានអនាម័យ។ ស្មារតីនេះ ត្រូវតែ​ជ្រួតជ្រាបដល់មនុស្សគ្រប់រូប ដោយរួមទាំងអ្នកលក់ម្ហូប​អាហារផង៕ ដោយ៖ មុត ស្រីពៅ