ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្មចម្លាក់ថ្ម កំពុងប្រឈម​នឹង​ការ​បាត់បង់ជាង!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សិប្បកម្មចម្លាក់ថ្ម កំពុងប្រឈមនឹងការបាត់បង់ជាង ព្រោះប៉ះពាល់សុខភាព អាចបណ្តាលឲ្យស្លាប់ ដោយជំងឺ​សួតជាបន្តបន្ទាប់ ហើយមានការភ័យព្រួយ ទើបជាងចម្លាក់ ដូរមុខរបរផ្សេង គួបផ្សំនឹងមួយរយៈពេលនេះ…

បន្ទាយមានជ័យ៖ សិប្បកម្មចម្លាក់ថ្ម កំពុងប្រឈមនឹងការបាត់បង់ជាង ព្រោះប៉ះពាល់សុខភាព អាចបណ្តាលឲ្យស្លាប់ ដោយជំងឺ​សួតជាបន្តបន្ទាប់ ហើយមានការភ័យព្រួយ ទើបជាងចម្លាក់ ដូរមុខរបរផ្សេង គួបផ្សំនឹងមួយរយៈពេលនេះ គ្មានភ្ញៀវទិញ​ទៀត។

បងស្រីម្នាក់ ជាម្ចាស់សិប្បកម្ម បានប្រាប់ថា សិប្បកម្មចម្លាក់ថ្ម កំពុងតែប្រឈមនឹងការ​បាត់បងជាងជាបណ្តើរៗហើយ ព្រោះតែជាងប៉ះពាល់សុខភាព បណ្តាលឲ្យ​ស្លាប់ដោយជំងឺសួត​ជាបន្តបន្ទាប់ ហើយមានជាងខ្លះ ដែលមានជំនាញឆ្លាក់ថ្មនេះ ព្រួយបារម្ភ ក៏បានផ្លាស់ប្តូរ​មុខរបរពីជាងចម្លាក់រូប ទៅធ្វើអ្វីផ្សេង ព្រោះតែបារម្ភ​ពីសុខភាព។

បងស្រីបានបញ្ជាក់ថា មុខរបរសិប្បកម្មចម្លាក់ថ្មលក់គ្រឿងអនុស្សារីយ៍ នៅ​ភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ត្រូវបានបង្កើតឡើងរយៈពេលជិត ២០ឆ្នាំមកហើយ តាំងពីចម្លាក់ថ្ម ជារូប ឆ្លាក់ដាប់ដោយដៃ រហូតដល់ទាន់សម័យ ឆាប និងស្វានដោយម៉ូទ័រ ដែលជារូបចម្លាក់អំពីថ្ម មានរូបចម្លាក់ជាគ្រឿងអនុស្សារីយ៍ និងចម្លាក់រូបពុទ្ធបដិមា និងរូបចម្លាក់ផ្សេងៗ ដែលមានរូបធំៗ ដែលទម្ងន់មិនតិចជាង ១០តោន ជាដើម។​

បងប្រុសជាជាងចម្លាក់​ម្នាក់ បានប្រាប់​ថា ជំនាញ និង​មុខរបរចម្លាក់រូប ដែលជាស្នាដៃរចនាបទខ្មែរសម័យដើម ត្រូវចេះតៗគ្នា ហើយ​មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ក៏ដូចជា អង្គការ​ដៃគូ បានចុះមកបង្ហាត់បង្ហាញជំនាញបន្ថែម រហូត​ជាង អាចឆ្លាក់រូបចម្លាក់មានរចនាបទ​រស់រវើក ហើយដែលអាចទាក់ទាញ​ភ្ញៀវទិញជាអនុស្សាវរីយ៍ និងរូបចម្លាក់ព្រះពុទ្ធបដិមា​ធំ ដែលដាក់តាមវត្តអារាមជាស្នា​ដៃកូនខ្មែរ ដូចជា រូបចម្លាក់មួយចំនួន តាមសួន ដោយយកថ្ម នៅភ្នំព្រះនេត្រព្រះ និងថ្មមកពីខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។

បងប្រុសជាជាងចម្លាក់ បានបញ្ជាក់ថា ជាងចម្លាក់ថ្ម មកដល់ពេលនេះ ​បាត់បង់ជាងជំនាញៗ​ខ្លះ ព្រោះតែសុខភាព បណ្តាលឲ្យ​ស្លាប់ជាបន្តបន្ទាប់ ដោយជំងឺ​សួត ហើយជាងមួយចំនួន​ ព្រួយបារម្ភ ក៏បានប្តូរមុខរបរចម្លាក់ថ្មទៅធ្វើអ្វីផ្សេង។

ជាងចម្លាក់ថ្មនេះ អាចរកកម្រៃ១ថ្ងៃ បាន ៤ ទៅ ៥ម៉ឺនរៀល ហើយខ្លះម៉ៅចម្លាក់ជារូប ១ថ្ងៃ រកបាន​រហូតជិត ១០ម៉ឺនរៀល​។

ជាចម្លាក់បន្តថា កាលពីមុនចម្លាក់​ថ្ម ដោយដៃ ប៉ះពាល់សុខភាព ហើយពេលនេះ ឆ្លាក់ថ្ម ដោយឆាប និងស្វានដោយម៉ូទ័រ ក៏នៅតែប្រឈមប៉ះពាល់សុខភាពដូចគ្នា។ ជាងចម្លាក់មួយចំនួន​ បានបាត់បង់ជីវិត ដោយជំងឺសួត ព្រោះតែចម្លាក់ថ្ម។

លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះ បានប្រាប់កោះសន្តិភាព​ថា សិប្បកម្មចម្លាក់ថ្មជារូប និងសិប្បកម្មកាត់ ជាការ៉ូ និងឥដ្ឋ មានប្រមាណជាង ២០កន្លែង នៅស្រុកព្រះនេត្រព្រះ។ ក្នុងនោះ ក៏មានចម្លាក់រូបអនុស្សារីយ៍ និងចម្លាក់ព្រះពុទ្ធបដិមា និងរូបចម្លាក់ផ្សេងៗមានតម្លៃ មិនតិចជាងម៉ឺនដុល្លារ ក៏មាន។

លោកអភិបាល ស្រុកបន្ថែមថា ក្នុងមួយ​រយៈកាលនេះ ជាងខ្លះ គ្រោះថ្នាក់ស្លាប់ ដោយជំងឺ​សួត និងខ្លះទៀត ត្រូវបានផ្លាស់ប្តូរមុខរបរ ដោយព្រួយបារម្ភពីសុខភាព។ តែ​មន្ទីរវប្បធម៌និងវិចិត្រសិល្បះ ខេត្ត បានចុះណែនាំពីវិធីបង្ការទប់ស្កាត់​គ្រោះដោយ​សុខភាព តាមរយៈការពាក់ម៉ាស់ និងរបាំងមុខ ជាដើម នៅពេលឆ្លាក់ថ្មទាំងនោះ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ