ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវរៀបចំចុះបញ្ជីប្លង់រឹង ឲ្យបានរួចរាល់ ចំពោះទីតាំង​ទឹកស្អាត

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត​បច្ចេក​វិទ្យា និងនវានុវត្តន៍​ បានណែនាំ​ដល់អភិបាល​ខេត្តមណ្ឌលគិរី ត្រូវ​រៀបចំ​ចុះបញ្ជីប្លង់រឹង ​ឲ្យបានរួចរាល់…

ខេត្តមណ្ឌលគិរី៖ ​លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត​បច្ចេក​វិទ្យា និងនវានុវត្តន៍​ បានណែនាំ​ដល់អភិបាល​ខេត្តមណ្ឌលគិរី ត្រូវ​រៀបចំ​ចុះបញ្ជីប្លង់រឹង ​ឲ្យបានរួចរាល់ ចំពោះទីតាំង ដែល​ត្រូវរៀបចំទុកជាប្រភព​ទឹកស្អាតផ្គត់ផ្គង់ សម្រាប់​ក្រុង​សែនម​នោរម្យ ជៀស​វាង​ការលំបាក នៅថ្ងៃក្រោយ។

លោក​រដ្ឋមន្ត្រី ថ្លែង​បែប​នេះ ក្នុងពិធី​​​សម្ពោធ​មន្ទីរ​ឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​​នវានុវត្តន៍ ខេត្តមណ្ឌលគិរី កាលពីថ្ងៃ​ទី​​២០ ខែ​​មករា ឆ្នាំ​​២០២១។

លោក​​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរយ៉ាងខ្លាំង ចំពោះមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្រ្ត​បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី បើទោះ​បីជាខេត្តមួយនេះ មានដង់ស៊ីតេប្រជាជនទាប ការអភិវឌ្ឍន៍​នៅមានកម្រិត ប៉ុន្តែ​ស្មារតីរបស់មន្ត្រី និងលោកប្រធានមន្ទីរ បានពុះពារ គ្រប់ឧបសគ្គតាំងពីនៅ អាគារជួលគេ ដែលជាផ្ទះឈើតូចមួយ រហូតអាចសាងសង់​អាគារ សម្រាប់មន្ត្រីធ្វើការ។

ជាងនេះទៀតសោត មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខ្វះខាតនូវធនធានមនុស្ស ប៉ុន្តែ​ខេត្តមួយនេះ បានបញ្ចប់​បេសកកម្មការងារដ៏ជោគជ័យ ដោយ​មានការគ្រប់គ្រងប្រព័ន្ធ​ការងារ គ្រប់ទីតាំងណែនក្នុងដៃ ជាពិសេស គម្រោងប្រព័ន្ធទឹកស្អាត សម្រាប់ក្រុងសែនមនោរម្យ ទាំងអង្គភាពទឹកស្អាត និងមន្ទីរបានសហការគ្នាយ៉ាងល្អ ក្នុងការសម្រេចបាននូវផែនការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋប្រមាណ​ជិត ២ពាន់ម៉ែត្រគីប ក្នុងមួយថ្ងៃ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ និងជំរុញឲ្យ​មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបន្តយកចិត្តទុកដាក់ជួយសម្រួលការងារ និងអាជីវកម្មសហគ្រាស​តូចធំ នៅក្នុងខេត្ត ឲ្យដំណើរការបានជាប្រក្រតី ជៀសវាង​ការប្រឈមកិច្ច​ការងាររដ្ឋបាល ដែលអាចបង្កការខាតបង់ ឬអាជីវកម្មរបស់ពួកគាត់ ត្រូវលើកទឹកចិត្តដល់អ្នកវិនិយោគ និងជួយសម្រួលដល់ការងារចាំបាច់ ដែលពួកគាត់ត្រូវការ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងថា គិតចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០​ វិស័យឧស្សាហកម្ម ស្ទើរតែគ្មានសកម្មភាព ក្នុងខេត្តមួយនេះ សូម្បីទឹកពិសាបរិសុទ្ធ ក៏ត្រូវនាំចូលមកពីបណ្ដាខេត្តនៅជិតខាង។ ប៉ុន្តែសម្រាប់​សហគ្រាស និងសិប្បកម្មធុនតូច រហូតដល់សព្វថ្ងៃនេះ មានសិប្បកម្មនៅក្នុងខេត្ត រហូតដល់ ៤២៩ មូលដ្ឋាន ដែលជាការបញ្ជាក់​ឲ្យឃើញពីភាពរីកចម្រើន​នៃវិស័យឧស្សាហកម្ម និងសិប្បកម្មក្នុងខេត្តមណ្ឌលគិរី មានការកើនឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ ដែលជាការជួយជំរុញកំណើនសេដ្ឋកិច្ចនៅ​ក្នុងស្រុក ក៏ដូចជាប្រទេស​ផងដែរ។ ម្យ៉ាងទៀត ដោយសារសក្កានុពលពីលើ​វិស័យឧស្សាហកម្ម និងសិប្បកម្ម ដែលកំពុងត្រូវយកចិត្តទុកដាក់ តាមរយៈគោល​នយោបាយរបស់រដ្ឋាភិបាល។

លោក តូវ សុធារ៉ា ប្រធានមន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តមណ្ឌលគិរី ឲ្យដឹងថា សព្វថ្ងៃ មន្ទីរ មានផែនទីសន្ធិប្រភពទឹក ក្នុងខេត្ត ទីតាំង​ស្ថានីយផលិតទឹកស្អាត ដែលមានស្រាប់ និងទីតាំង ដែលមិនទាន់មាន ព្រមទាំង​ចំនួនស្ថិតិខ្នងផ្ទះប្រជាពលរដ្ឋ តាមភូមិស្រុកនីមួយៗ តាមប្រព័ន្ធ google ដើម្បីរៀបខ្លួន ជាស្រេច ក្នុងការផ្ដល់ទិន្និន័យ សម្រាប់វិនិយោគជាមួយវិស័យឯកជន ទៅលើការ​ផ្គត់ផ្គង់ទឹកស្អាត។

ដោយឡែក រដ្ឋាករទឹកស្អាត ខេត្តមណ្ឌលគិរី បច្ចុប្បន្ន បាន និង​កំពុងផ្គត់ផ្គង់ទឹក​ជូន​ប្រជាពលរដ្ឋចំនួន ១៦០០ ម៉ែត្រគីប ក្នុងមួយថ្ងៃ។ តែសមត្ថភាពផលិតទឹកស្អាត ក្នុង​មួយថ្ងៃ ២០០០ ម៉ែត្រ។ ភ្ជាប់ទឹកស្អាតជូនប្រជាពលរដ្ឋ បាន ១៣៦៣​ កុងទ័រទឹក ស្មើនឹង ៤២ភាគរយ ធៀបនឹងគ្រួសារ សរុប ៣២១៣​ គ្រួសារ នៅទីរួមខេត្តមណ្ឌលគិរី​៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ