អាជ្ញាធរ​ខេត្តកំពង់ចាម​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​បន្ត​ទៀត – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ខេត្តកំពង់ចាម​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​បន្ត​ទៀត

1 ខែ មុន
  • Kampong Cham

ខេត្តកំពង់ចាម ៖ «​ដោយសារ​តែ​កត្តា​សាមគ្គី​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បាន​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ទទួល​ជោគជ័យ ដោយ​មិន​ឆ្លង​ចូល​ក្នុង​សហគមន៍​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា…

ខេត្តកំពង់ចាម ៖ «​ដោយសារ​តែ​កត្តា​សាមគ្គី​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ បាន​ធ្វើ​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​ទទួល​ជោគជ័យ ដោយ​មិន​ឆ្លង​ចូល​ក្នុង​សហគមន៍​» នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្លែង​នៅ​ក្នុង​ឱកាស​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ប្រភេទ DBST ប្រវែង ៦.៥៥០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី​២២ មក​រា ២០២១ នៅ​សាលា​បឋម​សិក្សា​កំពង់​រលីង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

រួម​នឹង​ការ​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ចំនួន​៥​ខ្សែ ប្រវែង​៥.២៥៥​ម៉ែត្រ នៅ​ក្នុង​ក្រុង​កំពង់ចាម​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន ប្រសាសន៍​ឲ្យ​ដឹង​ថា សូម​បញ្ជាក់​ថា​ជំងឺ​កូ​វី​ដ​-១៩ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​អំឡុង​ខែមីនា កន្លង​ទៅ​ដោយ​មាន​កាណូត​ទេសចរណ៍​ដឹក​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​នៅ​ជិត​អតីត​កំពុង​សាឡា​ង​ចាស់ ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ក្នុង​គ្រានោះ​អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​រក​ឃើញ​បន្តបន្ទាប់​។ ក្រោម​កិច្ចសហការ​ជាមួយ​ជំនាញ​សុខាភិបាល​អ្នក​នៅ​លើ​កាណូត​ទាំងអស់​ត្រូវ​បាន​នាំ​យក​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​មេគង្គ​មាត់ទន្លេ​។​

ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន ប្រសាសន៍​បន្ត​ថា កន្លែង​ធ្វើ​ច​ត្តា​ទ្បី​ស័ក​គឺ​មាន​ចំនួន​២​កន្លែង​ក្នុង​នោះ​នៅ​សណ្ឋាគារ​មេគង្គ និង​គរុ​កោ​លស​ល្យ​ខេត្តកំពង់ចាម ដែល​ចំនួន​សរុប​មាន​រហូត​ដល់​ជិត ១.០០០​គ្រែ​ឯណោះ ដែល​ត្រូវ​បាន​ត្រៀម​បម្រុង​ទុក​។ ជាមួយ​នោះ​អាជ្ញាធរ​ខេត្ត​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត​សហការ​ជាមួយនឹង​ស្ថាប័ន​ជំនាញ​ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ ដៃ​បាន​ចាក់​មេក្រូ​ផ្សព្វផ្សាយ​ពីសារ​អប់រំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​បញ្ជ្រាប​ទៅ​ដល់​ស្រទាប់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​យល់​ដឹង​គ្រប់​ៗ​គ្នា​។

រហូត​មក​ដល់​ពេល​នេះ​អាជ្ញាធរ​ខេត្ត​នៅ​តែ​មាន​វិធានការ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព និង​ស្ដាប់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​នៅ​ក្នុង​ខេត្តកំពង់ចាម​គឺ​មិន​មាន​ករណី​ជំងឺ​កូ​វី​ដ​-១៩​ឆ្លង​ចូល​ក្នុង​សហគមន៍​នោះ​ទេ​។ ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បញ្ជាក់​ថា ផ្លូវ​ដែល​ត្រូវ​បើក​ការដ្ឋាន​នេះ​គឺ​ចាប់ពី​ចំណុច​មុខ​សាលា​បឋម​សិក្សា​បឹង​បា​សាក់ បន្ត​រហូត​ដល់​ភូមិ​អូរ​ឈ្លើង ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ដែល​គ្រោង​ចំណាយ​ថវិកា​សរុប​ជាង​២​លាន​ដុល្លារ ផ្លូវ​មាន​ទទឹង​៧​ម៉ែត្រ និង​ចំណី​សងខាង​ផ្លូវ​២​ម៉ែត្រ ដោយ​រយៈពេល​យ៉ាង​យូរ​៦​ខែ​ផ្លូវ​នេះ​នឹង​ស្ថាបនា​រួច​។ ផ្លូវ​មួយ​ខ្សែ​នេះ​គឺ​ប្រជាពលរដ្ឋ​បាន​ទន្ទឹង​រង​ចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ពេល​ខាង​មុខ​បាន​ផ្លូវ​ល្អ​ហើយ​សូម​នាំ​គ្នា​ជួយ​ថែរក្សា​ហើយ និង​ការ​បើកបរ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​៕ ដោយ ៖ យ៉ា​ន់ ចាន់​ថេ​ត