ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការបារម្ភថាអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍នឹងមិនចូល ធ្វើការក្នុងវិស័យនេះវិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

នៅពេលបាត់បង់ការងារពីវិស័យទេសចរណ៍ អ្នកធ្លាប់ធ្វើការនៅក្នុង​ឧស្សាហកម្មគ្មានផ្សែងនេះ បានទៅប្រកបការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត ខ្លះទៅធ្វើស្រែចម្ការ ខ្លះលក់របស់របរតាមអនឡាញ ខ្លះទៅរៀនសូត្រខាងគ្រូទាយ លក់នំ លក់បន្លែជាដើម។ អ្នកជំនាញបានបារម្ភថា ពួកគាត់ដែលមានបទពិសោធន៍…

នៅពេលបាត់បង់ការងារពីវិស័យទេសចរណ៍ អ្នកធ្លាប់ធ្វើការនៅក្នុង​ឧស្សាហកម្មគ្មានផ្សែងនេះ បានទៅប្រកបការងារផ្សេងៗដើម្បីចិញ្ចឹមជីវិត ខ្លះទៅធ្វើស្រែចម្ការ ខ្លះលក់របស់របរតាមអនឡាញ ខ្លះទៅរៀនសូត្រខាងគ្រូទាយ លក់នំ លក់បន្លែជាដើម។ អ្នកជំនាញបានបារម្ភថា ពួកគាត់ដែលមានបទពិសោធន៍ និងធ្លាប់មានការបណ្តុះបណ្តាលពីវិស័យទេសចរណ៍ហើយនោះ នឹងមិនវិលចូលធ្វើការងារក្នុងវិស័យនេះវិញទេ នាពេលអនាត។ ការព្រួយបារម្ភនេះ បានកើតមានដោយសារតែធនធានមនុស្សក្នុងវិស័យនេះ កំពុងតែខ្វះខាតផង នៅពេលវិស័យទេសចរណ៍មានសកម្មភាពពេញលេញនោះ។

លោក ម៉ៅ ធ្លាប់ជាអ្នកនាំភ្ញៀវទេសចរណ៍ម្នាក់នៅខេត្តសៀមរាប។ លោកបាននិយាយថាមុនក្លាយជាមគ្គទេសក៍ទេសចរណ៍ លោកបានចូល​រៀនវគ្គបណ្តុះបណ្តាលត្រឹមត្រូវនៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្នលោកបាន​ចាប់អាជីពជាជាងថតរូបនៅមុខអង្គរវត្តនិងផលិតវីដេអូឌីថល ផ្សព្វ​ផ្សាយតាមបណ្តាញសង្គម គ្រាន់បានចំណូលខ្លះចិញ្ចឹមជីវិត នៅពេលគ្មានអ្នកទេសចរបរទេស​ចូលមកទស្សនាកម្ពុជា ពេលជំងឺកូវីដ១៩រាតត្បាតនេះ។

បុរសដែលមានកូនពីររូបនេះនិយាយថា មិត្តភក្តិរបស់លោកជាច្រើននាក់ខ្លះបាន​ទៅធ្វើស្រែ ខ្លះទៅចិញ្ចឹមត្រី នៅភូមិស្រុករបស់គេរៀងៗខ្លួន ហើយមួយចំនួន​ទៀតនៅស្វែងរកការងារធ្វើលើទឹកដីអង្ករ រងចំាភ្ញៀវទេសចរបរទេសចូលមកកម្ពុជាវិញ ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគាត់ ហាក់នៅវែងឆ្ងាយទៀត។

លោកមិនដឹងថាពួកគេទំាងនោះនឹងវិលមកបម្រើវិស័យទេសចរណ៍វិញឬយ៉ាងណានោះទេ។ “ចំពោះខ្ញុំ ខ្ញុំនឹងវិលទៅបម្រើការងារជាអ្នកនាំភ្ញៀវិញ ពីប្រោះនេះជាការចូលចិត្តរបស់ខ្ញុំ។ តែខ្ញុំហាក់អស់សង្ឃឹមណាស់ ទំនងយើងត្រូវការពេលវេលាយូរទៀតទើបមានទេសចរបរទេសគេចូលមកកម្ពុជាវិញ ។ ទោះជាកូវីដ១៩អាចធូរស្រាលក្នុងពេលឆាប់ៗនេះ ដោយសារមានវ៉ាក់សំាងក្តី តែមនុស្សគ្រប់គ្នាប៉ះពាល់សេដ្ឋកិច្ច ដូច្នេះមិនអាចដើរលេងធ្លាប់ៗទេ គេត្រូវការពេលវេលាស្តារសេដ្ឋកិច្ចគ្រួសារគេសិនដែរ ទើបអាចដើរលេងដូចដើមវិញនោះ”លោកម៉ៅបញ្ជាក់។

ជាក្រុមហ៊ុនភ្នាក់ងារទេចរណ៍មួយនៅភ្នំពេញ នាយកក្រុមគ្រប់គ្រងក្រុមហ៊ុននោះថា បុគ្គលិកគាត់ ៤០នាក់បានបាត់បង់ការងារជាង១ឆ្នាំមកហើយ។ និយាយក្នុងលក្ខណ្ឌមិនឲ្យបញ្ចេញឈ្មោះថា ប្រធានក្រុមហ៊ុនរូបនេះថា លោកដឹងថាអតីតបុគ្គលិករបស់លោកពួកគេជួបការលំបាកនៅក្នុងជីវភាពជាខ្លំាង នៅពេលអត់ការងារធ្វើនេះ ពួកគេបានជាប់បំណុលគេដោយត្រូវបង់រំលោះផ្ទះ បង់រំលោះរថយន្ត និងបន្ទុកចំណាយលើកូនៗជាដើម។ លោកថាលោកបាន​ឲ្យបុគ្គលិកឆ្លាស់វេនគ្នាមកធ្វការ២០នាក់ម្តង ២០នាក់ម្តងបានបីខែ កាលពីដើមឆ្នាំ២០២០ ដោយទទួលបានប្រាក់បៀវត្ស៥០% ប៉ុន្តែក្រោយមកលោកមិនអាចជួយរយៈពេលវែងបាន គឺបានផ្អាកការងារពួកគេទំាងស្រុងតែម្តងចាប់ពីខែមេសាឆ្នាំ២០២០មក។

លោកថាពេលនេះ បុគ្គលិករបស់លោកទំាងនោះខ្លះលក់ដូរតាមអណាឡាញ ខ្លះនៅផ្ទះមើលកូនៗ ហើយខ្លះទៀតចិញ្ចឹមត្រី។ លោកទទួលស្គាល់បុគ្គលិករបស់​ទំាងនោះគេ​មានបទពិសោធន៍និងរៀនសូត្រច្រើនពីវិស័យទេសចរណ៍។ “ខ្ញុំមិនដឹងថាពួកគេនឹងវិលមកធ្វើវិញឬយ៉ាងណាទេ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុន​ខ្ញុំនឹងបើកក្នុង​ពេលឆាប់ៗនេះ ហើយបុគ្គលិកដែលគេស្រឡាញ់អាជីពនេះ គេនឹងវិលមកធ្វើការវិញ ខ្ញុំស្វាគមន៍ពូកគេជានិច្ច”។

វិបត្តិជំងឺកូវីដ១៩ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ធ្វើឲ្យបុគ្គលិកបម្រើការងារនៅក្នុងឧស្សាហកម្មគ្មានផ្សែងនេះជាច្រើនបានបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ប្រមាណជារយៈពេល១ឆ្នាំមកហើយ។ យ៉ាង​ហោច​ណាស់​ សណ្ឋាគារ​ ផ្ទះ​សំណាក់​ និង​ភោជនីយដ្ឋាន​ជាង​៩០%​នៅ​កម្ពុជា​ បាន​ផ្អាក​ដំណើរការ​ ​ដោយសារ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ​ បុគ្គលិក​ កម្មករ​ នៅ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍​ ​ជាង​៥​ម៉ឺន​នាក់​ បានបាត់បង់​ការងារ។

លោកស្រី ​ឆាយ សៀវលីន​ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះថា គួរត្រូវបង្កើតឡើងជាបន្ទាន់ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍ដែលបាននិងកំពុងទទួលរងគ្រោះ ១ឆ្នាំមកហើយនោះ។

លោកស្រីបានបញ្ជាក់ថា ម្ចាស់សហគ្រាសអស់លទ្ធភាពក្នុងការជួយទំនុកបំរុងដល់បុគ្គលិកហើយ ជាពិសេសទីភ្នាក់ងារទេសចរណ៍ អ្នកជំនាញទេសចរណ៍ បានកំពុងប្រវេប្រវារកការងារផ្សេងៗដោយមិនប្រកាន់ជំនាញដូចជា អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ បុកល្ហុងលក់តាមអនឡាញ រៀនធ្វើគ្រូទាយ លក់នំ លក់បន្លែ ជួយលក់ដីឡូពុះ ធ្វើចំការ និងកាងារសំណង់ជាដើម។

“អ្នកជំនាញទាំងនេះ សុទ្ធតែបានទទួលការបណ្តុះបណ្តាល និង​មានបទពិសោធ៍រាប់សិបឆ្នាំមកហើយ យើងមានក្តីបារម្មណ៍ខ្លាំងណាស់ ខណៈដែលអ្នកជំនាញរបស់យើងបានផ្លាស់ប្តូរអាជីពដែលចាកឆ្ងាយពីជំនាញរបស់គាត់ វិស័យនេះនឹងត្រូវប្រឈមនិងកង្វះខាតធនធានមនុស្សនៅពេលដែល​ស្ថានការត្រូវបានស្តារឡើងវិញ”នេះជាក្តីបារម្ភរបស់ប្រធាន​សមាគម​ទេសច​រណ៍​កម្ពុជា។

ក្រសួងទេសចរណ៍បានកំពុងស្តារឧស្សាហកម្មគ្មានផ្សេងនៅកម្ពុជាឡើងវិញ ដោយបានបង្កើតព្រឹត្តិការណ៍នានា និងពង្រឹងវិស័យទេសចរណ៍សហគមន៍ ហើយហេដ្ឋាចរនាសម្ព័ន្ធបម្រើដល់វិស័ទេសចរណ៍ជាច្រើនបានកំពុងកែលម្អរ ដូចជានៅរមណីដ្ឋានអង្គរជាដើម ជាការត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍អ្នកទេសចរ នៅក្រោយពេលវិបត្តកូវីដ១៩បញ្ចប់ទៅនោះ។ ក្រសួង  ក៍បានកំពុងបើកវគ្គបណ្តុះបណ្តាផ្សេងក្នុងវិស័យទេសចរណ៍នេះដែរ ដូចជាការសិក្សាភាសាចិនជាដើមនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ