រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា សម្តេចនឹងចាក់វ៉ាក់សាំងកូវីដ ១៩ មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយសម្តេចក៏បានបញ្ជារដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង ឲ្យធ្វើជំរឿនប្រជាជនណាដែលចង់ចាក់វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិនព្រោះប្រទេសកម្ពុជា នឹងទទួលបានវ៉ាក់សាំងជំហានដំបូងចំនួន ៣០ម៉ឺនដូសពីចិន នៅខែកុម្ភៈខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា «អ្នកចង់ចាក់ក៏ចាក់ទៅ អ្នកមិនចង់ចាក់ក៏មិនចាក់ទៅ»។ សម្តេចបានបន្តថាហេតុដូច្នេះគឺចាំបាច់ត្រូវ ស្រង់ចំនួនពលរដ្ឋ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម ។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចតេជោ នាឱកាស សម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ មករា សម្ដេច ក៏ប្រកាសថា សម្ដេចនឹងទទួលវ៉ាក់សាំងកូវីដចិនផ្ទាល់តែម្ដង នៅព្រលានយន្តហោះ។
សម្តេចតេជោ បានបន្តថា «ខ្ញុំនឹងចេញទៅទទួលខ្លួនឯង នៅព្រលានយន្តហោះ ព្រោះវាជាទំនិញយុទ្ធសាស្ត្រ»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។ សម្តេចបានបន្តថា សម្តេចនឹងចាក់វ៉ាក់សាំងនេះ មុនគេ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយសម្ដេចនឹងធ្វើសន្និសីទកាសែត ក្រោយការចាក់វ៉ាក់សាំងកូវីដ ១៩ ដើម្បីផ្ដល់ទំនុកចិត្តពលរដ្ឋ ៕
ចែករំលែកព័តមាននេះ