ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋក្នុងឃុំកងតាណឺង ស្រុកកងមាស ខេត្តកំពង់ចាម នៅតែរក្សាបានមុខរបរត្បាញកន្ទេលកក់ខ្មែរ ពីដូនតារហូតដល់សព្វថ្ងៃ បើទោះបីជាប្រជាពលរដ្ឋរស់ក្នុងឃុំនេះខ្លះងាកទៅធ្វើការងាររោងចក្រ ឬប្រកបរបរផ្សេងៗក្ដី ។ មុខរបរត្បាញកន្ទេលកក់នេះ បានជួយប្រជាពលរដ្ឋក្នុងភូមិកងតាណឹង ទី ១ រហូតដល់ភូមិកងតាណឹង ទី ៨ ឱ្យមានជីវភាពប្រសើរ ដោយមិនចាំបាច់ចំណាកស្រុកទៅរកការងារនៅឆ្ងាយ ។
យ៉ាងណាក្តីអ្នកត្បាញកន្ទេលភាគច្រើនជាមនុស្សចាស់ ដោយកូនៗរបស់ពួកគាត់ ឆ្លៀតជួយត្បាញខ្លះដែរ នៅថ្ងៃសម្រាកពីការងារ ។ មានស្រុកកំណើតនៅភូមិកងតាណឹងទី៨ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម អ៊ុំស្រី យឹម នាថ អាយុជាង ៦០ឆ្នាំ ដែលកំពុងតែអង្គុយត្បាញកន្ទេលកក់នៅខាងក្រោមផ្ទះជាមួយចៅស្រីអាយុ ១២ឆ្នាំ បានរៀបរាប់ឲ្យដឹងថា អ្នកភូមិនេះពីដើមឡើយប្រកបរបរត្បាញកន្ទេលសឹងគ្រប់ផ្ទះ អ្នកនៅភូមិនេះគេត្បាញកន្ទេលច្រើនណាស់ ។ ឥឡូវនេះអស់ខ្លះហើយ បើនិយាយពីកាលមិនទាន់មានរោងចក្រ គេត្បាញចង់គ្រប់ផ្ទះ ព្រោះបើអត់មុខរបស់នេះ តើបានអ្វីហូប ? អ្នកខ្លះគេធ្វើស្រូវ ។ បើនិយាយពីផ្ទះគាត់ តាំងពីគាត់អាយុ ១៥ឆ្នាំចេះត្បាញរហូត ។ កាលពីជំនាន់យាយរបស់គាត់ក៏ធ្វើដែរនិយាយរួម គឺចេះត្បាញតពូជតែម្តងគ្មានរៀនពីគ្រូណានោះទេ ។
ចំណែកអ្នកស្រី សន ស្រីណាក់ អាយុ ៤៥ឆ្នាំ កំពុងតែអង្គុយកូតសម្បកដើមក្រចៅស្រទាប់ខាងក្រៅ ដែលជាស្រទាប់មិនសូវស្វិតចេញ នៅក្រោមផ្ទះរបស់គាត់ដែលមានកម្ពស់ជាង ៣ម៉ែត្រ បានចាប់របរតពីម្ដាយ អ្នកស្រីដាំដើមក្រចៅដោយខ្លួនឯង ដើម្បីយកមកធ្វើខ្សែត្បាញកន្ទេល ។ និយាយបណ្ដើរ ដៃនៅតែបន្តកូតសម្បកដើមក្រចៅបណ្តើរ បានឱ្យដឹងថា ដីប្រាំងក្បាលជាង ២០ម៉ែត្រ គាត់ដាំក្រចៅបានផលច្រើនដែរ បានប្រហែលជា៣០គីឡូក្រាម ។ ក្នុង ១០គីឡូក្រាមក្រចៅ ត្បាញកន្ទេលបាន ១០០គីឡូក្រាមកក់ ដូច្នេះផលដែលបាន អាចត្បាញកក់បានប្រហែល ៣០០គីឡូក្រាមដែរ ។
គាត់ដាំទាំងកក់ និងក្រចៅ ហើយគាត់ក៏ត្បាញខ្លួនឯងទៀតផង ។ អ្នកស្រី សន ស្រីណាក់ បានបន្តទៀតថា កន្ទេលដែលត្បាញបានគាត់លក់ឱ្យឈ្មួញកណ្ដាលនៅក្នុងភូមិក្បែរផ្ទះ មានភាពងាយស្រួល ហើយមិនចាំបាច់ចំណាយពេលលក់យូរ ប៉ុន្តែតម្លៃក៏ខុសពីការលក់រាយដែរ ដោយមួយថ្ងៃគាត់ត្បាញបាន ២កន្ទេល ។ កន្ទេលតូច ១ លក់បានតម្លៃ ៦ម៉ឺនរៀល បើអាធំដូចជា ១ម៉ែត្រ ៣តឹក ឬ ១ម៉ែត្រ ៤តឹក បានតម្លៃ ៨ម៉ឺនរៀល ។ ធ្វើកក់នេះមួយរដូវចាយទុនប្រហែលជា ៦០ម៉ឺនរៀល តែបានមកវិញប្រហែល ២ពាន់ដុល្លារអាមេរិក ។
ឆ្នាំនេះគាត់ធ្វើកក់ហើយ គាត់ស្ទូងស្រូវបានតិចតួចដែរ ។ បើតាមស្ត្រីវ័យ ៤៥ឆ្នាំរូបនេះបានបញ្ជាក់ទៀតថា ដ៏រាបណាអ្នកស្រីនៅមានកម្លាំង អ្នកស្រីនៅតែបន្តត្បាញកន្ទេលកក់នេះតទៅទៀត បើទោះបីជាអ្នកភូមិដែលធ្លាប់តែត្បាញកន្ទេលកក់បានបោះបង់មុខរបរនេះស្ទើរតែទាំងអស់ក៏ដោយ ។
លោកយាយ ហ៊ុន ណន អាយុ ៦០ឆ្នាំក៏បានឲ្យដឹងដែរថា តម្បាញកន្ទេលក្រហម គឺចាប់ផ្ដើមពីខែកក្កដា រហូតដល់ចុងខែកញ្ញា និងខ្លះដល់ដើមខែតុលា ទើបអស់កក់ គឺមានរយៈពេល ២ខែកន្លះ ទៅ ៣ខែ ។ រយៈពេលនេះ ខ្លះត្បាញបាន ១០០កន្ទេល និងខ្លះច្រើនជាងនេះ តាមកក់តិច ឬច្រើន ហើយបើតាមការប្រមាណក្នុងមួយគ្រួសារអាចរកចំណូលបានពី ៦ទៅ ៨លានរៀលក្នុង ១ឆ្នាំ ។
សម្រាប់ថ្លៃលក្ខណ៍ដែលទិញយកមកជ្រលក់កក់ អោយក្លាយជាពណ៌ ខៀវ ក្រហម ឬលឿង តាមតម្រូវការ ក្នុងមួយរដូវចំណាយអស់ប្រមាណជាង ១៥ ទៅ ២០ម៉ឺនរៀលប៉ុណ្ណោះ ។ ដោយឡែកកក់សម្រាប់យកមកត្បាញជាកន្ទេល គឺរាល់ឆ្នាំពួកគាត់តែងទុកគ្រាប់ជាប្រចាំ ហើយដល់ខែមេសា ឬឧសភា ពួកគាត់ចាប់ផ្តើមសាបគ្រាប់កក់ រួមទាំងដើមក្រចៅ ដែលត្រូវយកមកវេញជាខ្សែសម្រាប់ត្បាញ ក៏ត្រូវសាបគ្រាប់ដែរ រយៈពេល ២ខែកន្លះ និងច្រូតកាត់ យករឹតវាអោយសំប៉ែត ចំណែកក្រចៅត្រូវកាប់ដើមយកមកបកសំបកវេញជាខ្សែដែរ ។
លោកយាយក៏សូមអំពាវនាវដល់កូនជំនាន់ក្រោយជួយអភិវឌ្ឍកន្ទេលក្រហមយើងហ្នឹង ! ធ្វើយ៉ាងណាថែរក្សាទៅកន្ទេលក្រហមនេះជារបស់ខ្មែរយើង ។ យើងអាចថែរក្សាឱ្យកូនចៅយើងជំនាន់ក្រោយមើលថា តើគេត្បាញរបៀបណាទើបជាចេញពណ៌ ចេញក្រឡា ។ បើកូនចៅបំភ្លេចអស់ អស់តែពីជំនាន់យាយៗ អ៊ុំៗ មីងៗ ទៅអស់ហើយគ្មានបានអីមើលទៀតទេ ។
សមាជិកក្រុមប្រឹក្សាឃុំកងតាណឹង មួយរូបដែលមានគ្រួសារប្រកបមុខរបរត្បាញកន្ទេលកក់ដែរនោះបានលើកឡើងថា ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមក៏ជាតំបន់ផលិតកន្ទេលក្រហមដោយដៃ ដែលបានបន្សល់ទុកតាំងពីដូនតាមក ។ កន្ទេលក្រហម ជាកន្ទេលដែលទទួលទានដំណេកទៅមានភាពត្រជាក់ខ្នងមិនក្តៅដូចកន្ទេលនីឡុងទេ និងមានពណ៌ស្រស់ស្អាត ។
សូមជួយគាំទ្រ ទិញផលិតផលខ្មែរ មានន័យថា បង្កើនប្រាក់ចំណូលដល់អ្នកភូមិ កាត់បន្ថយចំណាកស្រុកផងដែរ ៕
ចែករំលែកព័តមាននេះ