ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ត្រូវជនសង្ស័យ អា.រ.ក បណ្តាលឱ្យហូរឈាមស្រោចខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រួចប្លន់ម៉ូតូមួយគ្រឿងយកទៅបាត់ បន្ទាប់មកសមត្ថកិច្ចជំនាញពាក់ព័ន្ធបានដាក់កម្លាំងតាមប្រម៉ាញ់គ្រប់ច្រកល្ហក ប៉ុន្តែមិនដល់១ម៉ោងផង ជនសង្ស័យត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន ខណៈកំពុងបើកម៉ូតូព្យាយាមគេចខ្លួន ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ មករា ឆ្នាំ២០២១ នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះឈ្មោះប្រាក់ សុខុម ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះឈុំពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ដោយឡែកម៉ូតូមួយគ្រឿងដែលជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១AL-៦១១០ ជារបស់ជនរងគ្រោះខាងលើ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅជនរងគ្រោះឲ្យដឹកពីចំណុចមុខរោងចក្រអែសស៊ីវ៉ាដូ(រោងចក្រហាតឌីស្កិ) ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល លុះមកដល់ចំណុចកើតហេតុដែលជាកន្លែងស្ងាត់ ជនសង្ស័យក៏ធ្វើសកម្មភាពយកកាំបិតចិតបន្លែចុងស្រួចអា.រ.ក ជនរងគ្រោះតែម្តង។
តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ក្រោយពីធ្វើសកម្មភាពប្លន់យកបានម៉ូតូរួចហើយ ជនសង្ស័យបានព្យាយាមបើកគេចដែរ ប៉ុន្តែដោយសារប្រព្រឹត្តអំពើអាក្រក់ ព្រះមិនជួយ ក៏ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រម៉ាញ់ចាប់បាននៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ដោយបានដកហូតម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះយកមកវិញផងដែរ ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ចំណែកជនសង្ស័កំពុងត្រូវបានអាវុធហត្ថធ្វើការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ