បន្ទាយមានជ័យ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យទំនិញ តាមតូបនិងស្តង់ ដោយបានដកហូតទំនិញជាង ២០មុខ ហួសកាលបរិច្ឆេទ ខូចគុណភាពទម្ងន់ជាង៣០០គីឡូក្រាម។ មន្ត្រីជំនាញពិនិត្យ និងដកហូតទំនិញទាំងនេះ បានធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតស្រុកព្រះនេត្រព្រះ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានប្រាប់ថា នៅពេល ដែលមន្ត្រីជំនាញពិនិត្យរយៈពេលកន្លះថ្ងៃ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងស្រុកព្រះនេត្រព្រះ រកឃើញទំនិញ ដែលហួសកាលបរិច្ឆេទ ដែលខូចគុណភាព ត្រូវបានមន្ត្រីជំនាញដកហូត និងធ្វើកិច្ចសន្យាណែនាំ មានប្រមាណជិត ១០តូប ដែលត្រូវបានដកហូតទំនិញ ហួសកាលបរិច្ឆេទចំនួន ២៣មុខ។ ភាគច្រើន ជាទឹកក្រូចដបជ័រ និងផ្លែឈើដបជ័រ ស្រាបៀរកំប៉ុង ទឹកដោះគោ និងនំ ដែលមានចំនួន ១៣៨៨ដប និងកំប៉ុង ស្មើ ៣៣០គីឡូក្រាម។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ការត្រួតពិនិត្យជាប្រចាំនេះ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ហើយលោកបានសំណូមពរ សុំអោយអាជីវករ បញ្ឈប់សកម្មភាព លក់ទំនិញដែលគ្មានកាលបរិច្ឆេទ និងហួសកាលបរិច្ឆេទ ខូចគុណភាព។ ទំនិញទាំងនោះ ត្រូវដកហូត យកទៅកម្ទេចចោល ហើយអ្នកទិញ ត្រូវចេះពិនិត្យកាលបរិច្ឆេទលើមុខទំនិញ និងជៀសវាងទិញទំនិញហួសកាលបរិច្ឆេទ ខូចគុណភាព ដែលយកទៅទទួលទាន នាំឲ្យប៉ះពាល់សុខភាព៕ ដោយ៖ ប៊ុន ធឿន