ខេត្តព្រះសីហនុ៖ មនុស្ស ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ មានស្ត្រីម្នាក់ រួមជាមួយគ្រឿងញៀនជាច្រើនកញ្ចប់។ ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាលការិយាល័យបង្រ្កាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបាន នាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ឲ្យដឹងថា នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្រុម១៩ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ១/ ជនសង្ស័យឈ្មោះ ធី រ៉ាវីត ភេទប្រុស កើតនៅឆ្នាំ២០០៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅក្រុម១៩ ភូមិ៤ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ។ ២/ឈ្មោះ ធី រ៉ាវុធ ភេទប្រុស កើតនៅឆ្នាំ១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ៣/ ឈ្មោះ ម៉ា ស្រស់ ភេទស្រី កើននៅឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរបម្រើការនៅខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ន នៅក្រុម១៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។
វត្ថុតាង ដកហូត រួមមាន៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ ទូរស័ព្ទ ០៣ គ្រឿង ម៉ូតូ ០២ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង និងថង់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ ទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕ ដោយ៖ គឹម ឈុនហៃ
ចែករំលែកព័តមាននេះ