ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តន្ទាទោស​នាយ​រង​ប៉ុស្តិ៍​ម្នាក់​ដាក់​ពន្ធនាគារ​១២​ឆ្នាំ ករណី​ឃាតក.ម្ម​បា.ញ់​សម្លា.ប់​អតីត​ប្រពន្ធ និង​កូន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស អតីត​នាយ​រង​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ​ម្នាក់​ឈ្មោះ ជា…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស អតីត​នាយ​រង​ប៉ុស្តិ៍​ទឹកថ្លា ខណ្ឌ​សែន​សុខ​ម្នាក់​ឈ្មោះ ជា ចាន់​បូ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈ​១២​ឆ្នាំ និង​សំណង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ​២​នាក់ ម្នាក់​៨០​លាន​រៀល និង​ម្នាក់​៣០​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។ សាលក្រម​បាន​ទុក​សិទ្ធិ​ឲ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ បើសិនជា​ភាគី​ណាមួយ​កើត​ទុក​មិន​សុខចិត្ត​ចំពោះ​ការ​កាត់ក្តី​នេះ​។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី យប់​ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ (IU) ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់​ចំនួន​២​គ្រាប់ ចូល​ក្នុង​រថយន្ត​ឡិច​ស៊ី​ស RX.300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2M-3050 បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្តាយ​ស្លាប់ និង​កូនរង​របួស​។

ជន​រង​គ្រោះ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ សូរ ពៅ​មរកត អាយុ​៣៩​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ស្លាប់​) និង​កូនស្រី​ឈ្មោះ ជា អា​រី​យ៉ា ភេទ​ស្រី អាយុ​៧​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ (​របួសធ្ងន់​)​។ ក្រោយ​ហេតុ​ការ​ផ្ទុះអាវុធ​នោះ​កើតឡើង នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​សែន​សុខ និង​នគរបាល​ខេត្តកណ្តាល បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែមេសា ឆ្នាំ​២០២០​។

ពេល​ឃាត់ខ្លួន​ជន​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​ប្រើ​អាវុធ​ខ្លី​បាញ់​អតីត​ប្រពន្ធ និង​កូន​២​គ្រាប់ ចូល​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​នោះ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ដែល​ពួក​គេ​បាន​លែងលះ​គ្នា​អស់​រយៈពេល​ច្រើន​ខែ​ហើយ ប៉ុន្តែ​នៅ​មិន​ដាច់​អាល័យ​ពី​អតីត​ប្រពន្ធ និង​កូន​។ ជន​ដៃដល់​បន្ត​ថា ក្រោយ​ពី​លែងលះ​គ្នា​មក គេ​តែងតែ​សង្កេត​ឃើញ​អតីត​ប្រពន្ធ​ទាក់ទង​បុរស​ម្នាក់ ហើយ​ខ្លួន​ធ្លាប់​និយាយ​ថា​ប្រសិនបើ​លះលែង​ជាមួយ​គេ​ហើយ ទៅ​យក​បុរស​ម្នាក់​នោះ​គឺ​គេ​នឹង​តាម​បាញ់​សម្លាប់​។

លុះ​ថ្ងៃ​កើតហេតុ​គេ​បាន​តាមដាន​ឃើញ​អតីត​ប្រពន្ធ និង​កូនស្រី ជិះ​រថយន្ត​ជាមួយ​បុរស​នោះ​មែន ទើប​កើតជា​មាន​កំហឹង​ប៉ុនប៉ង​បាញ់​សម្លាប់​បុរស​នោះ ប៉ុន្តែ​បែរជា​ត្រូវ​ប្រពន្ធ និង​កូនស្រី​ខ្លួនឯង​ទៅ​វិញ​។ លុះ​ពេល​បាញ់​ហើយ​បាន​រត់គេច​ខ្លួន​ផ្ទះ​បងស្រី នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក៏​ត្រូវ​បាន​សមត្ថកិច្ច​នគ​គ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​តែ​ម្តង​ទៅ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ