រាជធានីភ្នំពេញ ៖ ដើម្បីជំរុញពាណិជ្ជកម្មក្រៅប្រទេសបន្ថែម កម្ពុជាបានជំរុញឱ្យមានការធ្វើ ពាណិជ្ជកម្មតាមរយៈការទូត ដោយដាក់ចេញនូវយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ច សម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ។ យុទ្ធសាស្ត្រនេះនឹងពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការ ពឹងផ្អែកលើជំនួយពីខាងក្រៅប្រទសផងដែរ ។
បើតាមឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ បានមានប្រសាសន៍ថា យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ត្រូវបាន រៀបចំឡើងនៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅ នឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួបក្នុងរយៈពេលជាង ៣ទសវត្សចុងក្រោយនេះ ។ ការគំរាមគំហែងនេះបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន ក្នុងនោះកត្តាធំជាងគេ ២ គឺ កត្តា ធម្មជាតិ និងកត្តាមនុស្ស ។ ការផ្ទុះ និងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភព លោកទាំងមូលរង្គោះរង្គើផងដែរ ។
ឯកឧត្តមបន្តថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ មិនត្រឹមតែលាតសន្ធឹងលើ វិស័យសេដ្ឋ កិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើនយោ បាយតូបនីយកម្ម ដើម្បីយកកំហុសនៃអសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ជំងឺនេះទៅទំ លាក់ឱ្យអ្នកដទៃ ។ កត្តាមនុស្សនេះកំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាពរយៈពេលជាង ៧០ឆ្នាំ ដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការប្រជែងគ្នារវាងមហាអំណាចអាមេរិក និងចិន នា
ដើមអាណត្តិរបស់ប្រធានាធិបតី Trump បានចាប់ផ្តើមពីការបង្កសង្គ្រាមពាណិជ្ជកម្មនោះ បាន រីករាលដាលដល់សមរភូមិផ្សេងទៀតមាន សេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា យោធា ចារកម្ម ល្បែងទំលាក់កំហុស និងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងមនោគមវិជ្ជា ។ អ្វីដែល ធ្ងន់ធ្ងរនោះ គឺការរួមបញ្ចូលគ្នានៃកត្តាទាំងពីរក្នុងពេលតែមួយ ពោលគឺរដ្ឋាភិបាលត្រូវចាត់ វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដផង និងដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គម ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺនេះផង ។ ហើយធ្ងន់ធ្ងរបំផុតទៅទៀតសម្រាប់កម្ពុជា គឺថែមពីលើអម្រែកទាំងសងខាងស្មារបស់យើង គឺការដករបបអនុគ្រោះពន្ធក្រោមប្រព័ន្ធ EBA ២០% បន្ថែមទៀត ។
ឯកឧត្តមបន្ថែមទៀតថា ទណ្ឌកម្មដែល EU បានសម្រេចដាក់មកលើកម្ពុជា ក្នុងគ្រា ដែលប្រទេសតូចមួយនេះកំពុងប្រមូលកិច្ចប្រឹងប្រែងគ្រប់យ៉ាង ធនធានគ្រប់ប្រភេទ និងមធ្យោ បាយចំរុះ ដើម្បីទប់ទល់នឹងការរាលដាលនៃជំងឺកូវីដ-១៩ ផង និងទប់កុំឱ្យសេដ្ឋកិច្ចដួលរំលំ ផង ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហៅយ៉ាងច្បាស់ក្នុងសុន្ទរកថា ទៅកាន់មហាសន្និ បាតអង្គការសហប្រជាជាតិលើកទី ៧៥ ថា ជាភាពអយុត្តិធម៌ ។
ជាងនេះទៅទៀតក្រសួងការបរទេសបានប្តេជ្ញា រៀបចំតាក់តែងនូវយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ចនេះ ដើម្បីជាត្រីវិស័យ ក្នុងការពង្រឹងប្រសិទ្ធភាពការងារ ផ្នែកការទូតសេដ្ឋកិច្ច និង ដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពី ខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជា នៅក្នុងតំបន់និងអន្តរជាតិ ដោយផ្តោតទៅ គោលដៅ ៤ ធំៗ គឺការជំរុញពាណិជ្ជកម្មអន្តរជាតិ, ការទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរ ទេស, ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្តូរវប្បធម៌ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យ ដឹងថា តាមរយៈយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ច ក្រសួងការបរទេស នឹងដើរតួជាអ្នកសម្រប សម្រួល និងជំរុញយន្តការដែលមានស្រាប់ ដើម្បីទាក់ទាញការវិនិយោគទុនផ្ទាល់ពីបរទេស ជំរុញឱ្យមានកំណើន នៃការធ្វើពាណិជ្ជកម្មទ្វេភាគី និងពហុភាគី និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការពង្រឹងតម្លៃវប្បធម៌ខ្មែរនៅក្រៅប្រទេស និងអភិវឌ្ឍធនធានអ្នកការទូត ជំនាន់ថ្មី ប្រកបដោយវិជ្ជាជីវៈ សមត្ថភាពខ្ពស់ សកម្មការពារ និងលើកស្ទួយផលប្រយោជន៍ជាតិលើ គ្រប់វិស័យ ៕
ចែករំលែកព័តមាននេះ