អ្នក​លេងអុក សុខ លឹ​ម​ហេង បង្ហាញ​មោទនភាព​ និង​ក្ដី​ស្រមៃ​ បន្ទាប់​ពី​បន្ត​ឈ្នះ​​ជើងឯក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​លេងអុក សុខ លឹ​ម​ហេង បង្ហាញ​មោទនភាព​ និង​ក្ដី​ស្រមៃ​ បន្ទាប់​ពី​បន្ត​ឈ្នះ​​ជើងឯក

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ កីឡាករ​វ័យក្មេង សុខ លឹ​ម​ហេង បាន​បង្ហាញ​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​នៅ​តែ​រក្សា​បាន​ជ័យជម្នះ សម្រាប់​ការ​ប្រកួត​អុកចត្រង្គ បន្ទាប់​ពី​រូបគេ​បាន​បន្ត​ឈ្នះ​តំណែង​ជើង​ឯក នៅ​ក្នុង​ការ​ប្រកួត​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ កីឡាករ​វ័យក្មេង សុខ លឹ​ម​ហេង បាន​បង្ហាញ​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​នៅ​តែ​រក្សា​បាន​ជ័យជម្នះ សម្រាប់​ការ​ប្រកួត​អុកចត្រង្គ បន្ទាប់​ពី​រូបគេ​បាន​បន្ត​ឈ្នះ​តំណែង​ជើង​ឯក នៅ​ក្នុង​ការ​ប្រកួត​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២០ កាលពី​ថ្ងៃ​ទី​៧ មក​រា នៅ​ក្លិប​សេះ​ខៀវ រាជធានី​ភ្នំពេញ​។

កីឡាករ​ដែល​ទើប​មាន​អាយុ ២១ ឆ្នាំ សុខ លឹ​ម​ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​៖ «​នៅ​ក្នុង​ការ​ប្រកួត​ចំនួន ៦ ព្រឹត្តិការណ៍​ជាប់​ៗ​គ្នា ក្នុង​រយៈពេល ២ ឆ្នាំ​នេះ គឺ​គិត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អ្នក​ណា​ដណ្តើម​បាន​ជយលាភី​ជើងឯក​ពី​ខ្ញុំ​នៅឡើយ​ទេ។

ទោះបីជា​យ៉ាងណា កីឡាករ​មាន ដើម កំណើត នៅ​ភ្នំពេញ សុខ លឹ​ម​ហេង បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មិន​អាច​ថា ខ្លួន​ខ្ញុំ​ខ្លាំង​ជាងគេ​ទេ ព្រោះ​អាច​មាន​ជើង​ខ្លាំង​មួយ​ចំនួន​ទៀត មិន​ទាន់​ចេញ​មុខ ហើយ​​ការ​ប្រកួត​អាច​ចាញ់ ឬ​ឈ្នះ អាស្រ័យ​លើ​ការ​គិត​បាន​លឿន និង​យុទ្ធសាស្ត្រ​លាក់​ល្បិច មិន​ឲ្យ​ដៃគូ​ចាប់​បាន​»​។

អ្នក​លេងអុក​វ័យក្មេង​មក​ពី​ក្លិប​សេះ​ខៀវ និង​ជា​និស្សិត​សាកលវិទ្យាល័យ​វ៉ា​ន់​ដា​គណនេយ្យ​ឆ្នាំ​ទី​៤ រួប​នេះ បាន​ឈ្នះ​ជើង​ចាស់​ជា​ច្រើន​រូប ដើម្បី​ទទួល​បាន​លេខ ១ ចំនួន ៦ ព្រឹត្តិការណ៍​មក​ហើយ ហើយ​អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​នៅ​ក្នុងស្រុក​ខ្មែរ មិន​ទាន់​មាន​ជើង​ខ្លាំង​ណាមួយ​ប្រជែង​យកឈ្នះ​រូបគេ​បាន​ឡើយ​។​

តាម​ប្រវត្តិ​នៃ​ភាព​ជោគជ័យ​របស់ សុខ លឹ​ម​ហេង គឺ​ទី​១ គេ​បាន​ឈ្នះ​តំណែង​ស្តេច​អុក​នៅ​អង្គរ​សង្ក្រាន្ដ ខេត្តសៀមរាប កាលពី​ឆ្នាំ ២០១៨ ទី​២ ឈ្នះ​ពានរង្វាន់​អុកចត្រង្គ​របស់​សហព័ន្ធ​អុក​ចត្រង្គ​កម្ពុជា កាលពី​ចុងខែ​តុលា ឆ្នាំ ២០១៩ ទី​៣ ឈ្នះ​តំណែង​ជើងឯក​អុកចត្រង្គ​ប្រចាំឆ្នាំ ២០១៩ ទី​៤ ឈ្នះ​តំណែង​ជើងឯក​បុណ្យ​ទន្លេ នៅ​កំពង់ឆ្នាំង​ឆ្នាំ ២០១៩ ទី​៥ ឈ្នះ​ជើងឯក​ព្រឹត្តិការណ៍​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​អកអំបុក កាលពី​ថ្ងៃ​ទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ និង​បន្ត​ឈ្នះ​ជើងឯក​ថ្នាក់​ជាតិ​កាលពី​ថ្ងៃ​ទី​៧ មក​រា ឆ្នាំ​២០២០​។​ម្ចាស់​ជើងឯក​កីឡា​អុកចត្រង្គ សុខ លឹ​ម​ហេង​ក៏​បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ចង់ឱ្យ​កីឡាករ​ខ្មែរ​ឈាន​ទៅ​ដណ្ដើម​យក​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​​២០២៣​​ផង​ដែរ​។

សុខ លឹ​ម​ហេង បាន​រៀបរាប់​ពី​ប្រវត្តិ​លេង​អុក​របស់​ខ្លួន​ថា តាម​ពិត​លោក​ចូល​ចិត្ត​មើល​គេ​លេងអុក​ចត្រង្គ​ខ្មែរ​តាំងពី​នៅ​តូច​ៗ​ម៉្លេះ​រហូត​ដល់​អាយុ​ប្រហែលជា​១០​ឆ្នាំ លោក​ចេះ​លេង
អុក​បាត់​ទៅ​ហើយ​ប៉ុន្តែ​មិនសូវ​ជា​ពូកែ​នោះ​ទេ ។

ពេលទំនេរ​ពី​ការ​រៀនសូត្រ លោក​លេង​ជាមួយ​មិត្តភក្តិ​ជួន​ចាញ់​ជួន​ឈ្នះ ព្រោះ​វា​គ្រាន់តែ​ជា
ការ​លេង​កម្សាន្ត​ប៉ុណ្ណោះ​។ លុះ​ចូល​មក​ដល់​ឆ្នាំ​២០១៧ លោក​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​លោក​បាន​ធ្លាក់​នៅ​ក្នុង​វគ្គ​ជម្រុះ​១៦​នាក់​។​ទោះជា​បែប​នេះ​ក្ដី​លោក​នៅ​តែ​មិន​បោះបង់​ក្ដី​ស្រមៃ​ក្នុង​ការ​ក្លាយជា​ម្ចាស់​ជើងឯក​បាន​ឡើយ ។

ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៨ លោក​បាន​ដាក់​ពាក្យ​ប្រកួត​ជា​លើក​ទី​២​ប៉ុន្តែ​សម្រាប់​ការ​ដាក់​ពាក្យ​ប្រកួត​លើក​នេះ​គឺ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​លើកយក​ទៅ​ធ្វើ​នៅ​ក្នុង​កម្មវិធី​អង្គ​រស​ង្ក្រា​ន នៅ​ឯ​ខេត្តសៀមរាប​។

ក្នុង​ចំណោម​កីឡាករ​ទាំង​៨​រូប​ដែល​មានឈ្មោះ​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ក៏​មាន​រូប​លោក​ម្នាក់​ដែរ ។ អ្វី​ដែល​ធ្វើ​ឱ្យ​លោក​បារម្ភ​នោះ​គឺ​លោក​ត្រូវ​ជួប​ជាមួយ​ស្ដេច​អុក​២​ជំនាន់​ឈាវ បូ​រ៉ា នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ចុង​ក្រោយ ប៉ុន្តែ​លោក​បាន​តាំងចិត្ត​តាំង​អារម្មណ៍​ថា​ត្រូវ​យកឈ្នះ​ឱ្យ​បាន ទីបំផុត​ទោះបីជា​ការ​ប្រកួត​មាន​ភាព​តឹងតែង​ខ្លាំង​បន្តិច​មែន តែ​លោក​នៅ​តែ​អាច​ស​ម្រ​ច​បាន​នូវ​ក្ដី​ស្រមៃ​របស់​ខ្លួន​យ៉ាង​ពិតប្រាកដ ដោយ​លោក​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​អង្គ​រស​ង្ក្រា​ន​ឆ្នាំ​២០១៨ និង​បន្ត​ឈ្នះ​តំណែង​ជើងឯក​អុកចត្រង្គ​ប្រចាំឆ្នាំ​២០១៩ ។​

ចូល​មក​ដល់​ឆ្នាំ​២០២០ លោក​ក៏​បាន​ដាក់​ពាក្យ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ម្ដង​ទៀត ។ លោក​បាន​ឆ្លងកាត់​ពីរ​វគ្គ​ប្រកួត​ជម្រុះ​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រូវ​ប៉ះ​កីឡាករ​ឈាវ បូ​រ៉ា ម្ដងទៀត​។ ប៉ុន្តែ​ការ​ប្រកួត​លើក​នេះ​មិនសូវ​តឹងតែង​ដូច​លើក​មុន​នោះ​ទេ​ព្រោះ​អី​លោក​បាន
ស្គាល់​ពី​ល្បិច​ប្រកួត​របស់​អតីត​ស្ដេច​អុក​២​ជំនាន់​រូប​នេះ​ខ្លះទៅ​ហើយ ។ ទីបំផុត​លោក​បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២០​ទាល់តែ​បាន ។

ជា​ចុង​ក្រោយ ម្ចាស់​ជើងឯក​ថ្នាក់​ជាតិ​កីឡា​អុកចត្រង្គ​ឆ្នាំ​២០២០ សុខ លឹ​ម​ហេង បាន​ប្រាប់​កោះ​សន្តិភាព​ថា សម្រាប់​ការ​ប្រកួត​ឆ្នាំ​ក្រោយ​ៗ​ទៀត លោក​មិន​ប្រាកដ​ថា​នឹង​អាច​គ្រោង​តំណែង​ជា​ម្ចាស់​ពានរង្វាន់​ដូច​លើក​នេះ​ទៀត​ឬ​ក៏​អត់​ទេ ដោយសារ​តែ​លោក​គិត​ថា ធនធាន​កីឡា​អុក​របស់​ខ្មែរ​យើង​គឺ​មាន​ច្រើន ដូច្នេះ​បើ​សិន​ជា​លោក​ចាញ់​ការ​ប្រកួត​លើក​ក្រោយ លោក​នឹង​ទទួលយក​ដោយ​ភាព​សប្បាយ​រីករាយ​។​ លោក​ក៏​ចង់​ឃើញ​កូន​ខ្មែរ​ឈាន​ទៅ​ប្រកួត​ដណ្ដើម​យក​មេ​ដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ផង​ដែរ ៕