សត្វអូដ្ឋដើរក្នុងព្រិលទឹកកក បន្ទាប់ពីមានអាកាសធាតុចុះត្រជាក់ខ្លាំង រហូតដល់ព្រិលបានធ្លាក់នៅវាលខ្សាច់សាហារ៉ា នៅភាគនិរតីនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលសីតុណ្ហភាពធ្លាក់ចុះទាបរហូតដល់ដក -២អង្សាសេ ក្រោមសូន្យ ។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះគេហទំព័រសារព័ត៌មានអង់គ្លេស Daily Mail បានរាយការណ៍ថា ព្រិលបានធ្លាក់ចុះនៅតំបន់ជ្រលងភ្នំ Sarawat ភាគនិរតី នៃប្រទេសអារ៉ាប់ ខណៈពេលដែលសីតុណ្ហភាពធ្លាក់ចុះដល់ -២អង្សាសេ អ្នកស្រុករស់នៅតំបន់នោះ និយាយថា វាមិនដែលកើតឡើងទេ ក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ ។
ជាមួយគ្នានេះ លោក Karim Buchetata ជាអ្នកថតរូបអាជីព ជនជាតិអាល់ហ្សេរី បានចាប់យករូបភាពដ៏ស្រស់ស្អាត មានទាំងចៀមវាលខ្សាច់ និងសត្វអូដ្ឋ ពួកវាបានដើរក្នុងព្រិល គ្របដណ្តប់នៅលើវាលខ្សាច់ដ៏ធំល្វឹងល្វើយ ដែលសីតុណ្ហភាពចុះទាបដល់ -៣អង្សាសេ ហើយមនុស្សម្នានាំគ្នាចេញមកមើលព្រិលធ្លាក់ មិនគួរឲ្យជឿ ប៉ុន្តែវាកើតឡើង ជាការពិត ។
មានមនុស្សមួយចំនួន ក៏បាននិយាយថា ពួកគេសប្បាយរីករាយ ដែលសាហារ៉ា គឺជាវាលខ្សាច់ក្តៅនៅទ្វីបអាហ្វ្រិក ហើយធំជាងគេបំផុតនៅលើពិភពលោកនោះ វាបានធ្លាក់ព្រិលហើយ ។ ទន្ទឹមនឹងនេះដែរ ពួកគាត់មានការព្រួយបារម្ភថា តើមានអ្វីកើតឡើងចំពោះអាកាសធាតុពិភពលោក នាពេលអនាគត ? ៕ ប្រភព DailyMail