ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការតាមប្រមាញ់អស់​១៧​ថ្ងៃ ដោយ​បញ្ចប់ជីវិត.ឃាត.ករ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ផ្តល់​មធ្យោបាយ​ឲ្យ​ឧក្រិដ្ឋជន​ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​ជា​ជន​ដៃដល់​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល លោក​រ៉េ​ត ស៊ី​ណែ​ត…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ផ្តល់​មធ្យោបាយ​ឲ្យ​ឧក្រិដ្ឋជន​ឈ្មោះ អ៊ា ណា​រ៉េ​ន ដែល​ជា​ជន​ដៃដល់​បាញ់​សម្លាប់​នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល លោក​រ៉េ​ត ស៊ី​ណែ​ត ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃនេះ​ទី​១៨ ខែមករា ឆ្នាំ​២០២១ ។

ជនសង្ស័យ​រូប​នោះ​ មានឈ្មោះ កាន់ ចា​ន្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សា​ទ្ប​ង់​១ ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ សូម​បញ្ជាក់​ថា លទ្ធផល​ប្រតិបត្តិការ​បង្ក្រាប​ឃាតករ​បាញ់​សម្លាប់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ ក្រោយ​ពី​ជនសង្ស័យ​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​តបត​ទៅ​វិញ​ទៅ​មក បណ្តាល​ឲ្យ​ឈ្មោះ អ៊ា ណា​រ៉េ​ន ហៅ រ៉េ​ន បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណុច​ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។ សូម​បញ្ជាក់​ថា ប្រតិបត្តិការ​តាម​ប្រមាញ់​ជន​ជា​ឃាតករ​រូប​នេះ​គឺ​សមត្ថកិច្ច​បាន​តាម​រុករក​អស់​រយៈពេល​១៧​ថ្ងៃ ។

ក្រោយ​ពី​បញ្ចប់​ប្រតិបត្តិការ​ខាងលើ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បន្ត​ការ​ស្រាវជ្រាវ​រក​ឃើញ​អ្នក​រួមគំនិត​ជាមួយ​ខ្មាន់កាំភ្លើង​២​នាក់​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ផ្តល់​មធ្យោបាយ​គឺ​ម៉ូតូ​១​គ្រឿង ឲ្យ​ជនសង្ស័យ​ជិះ​គេចខ្លួន ។ ជន​សង្ស័យ​ទាំង​២​នាក់​នោះ​គឺជា​ប្តី​ប្រពន្ធ ដែល​ប្តី​ឈ្មោះ កាន់ ចា​ន្នា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ឈ្មោះ ហា​យ ធីតា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ភូមិ​សា​ទ្ប​ង់​១ ឃុំ​ដារ ស្រុក​មេ​មត់ ខេត្ត​ត្បូងឃ្មុំ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​បន្ថែម​ទៀត​រួម​មាន ៖

អាវុធ​ខ្លី​មួយ​ដើម​ម៉ាក រ៉ូ​ទ្បូ លេខ M0D 31 (14399) គ្រាប់​ចំនួន​៦​គ្រាប់ គ្រាប់​អាកា​៤៧ ចំនួន​២៣​គ្រាប់ និង​ជ​ញ្ជើ​ង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង ។ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ និង​ចាប់​វត្ថុ​តាង​នោះ​មក លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​នេះ ឲ្យ​ទៅ​សមត្ត​កិច្ច​នគរបាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី ។

បើ​តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានបង្ហើប​ឲ្យ​ដឹង​ថា ទំនង​បញ្ជូន​តែ​ប្តី​ម្នាក់​ទៅ​សា​លាដំបូង​រាជធានី​ភ្នំពេញ​ទេ ចំណែក​ប្រពន្ធ​អាច​អនុញាត​ឲ្យ​ទៅ​ផ្ទះ​វិញ ដោយសារ​ប្រពន្ធ​មិន​ជាប់​ពាក់ព័ន្ធ និង​ជា​ស្ត្រី​មានកូន​ខ្ចី​២​ខែ​ផង ។ មន្ត្រី​នគរបាល​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ការ​ឃាត់​ជនសង្ស័យ​ខាងលើ​នេះ សមត្ត​កិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ ៖

ទី​១-​ជន​​​សង្ស័យ​​បាន​ផ្តល់​ម៉ូតូ​១​គ្រឿង​ជា​មធ្យោបាយ សម្រាប់​ឲ្យ​ឧក្រិដ្ឋជន​ជិះ​គេចខ្លួន បន្ទាប់​ពី​បុក​បា​រ៉ា​ស​សមត្ត​កិច្ច ។ទី​២-​ជនសង្ស័យ​ជា​មនុស្ស​ជាប់​ពាក់ព័ន្ធ រកស៊ី​ជួញដូរ​គ្រឿងញៀន​ជាមួយ​គ្នា ។ទី​៣-​ពាក់ព័ន្ធ​ករណី​កាន់កាប់​អាវុធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ។

សមត្ថកិច្ច​បន្ត​ថា បេសកកម្ម​តាម​ប្រមាញ់​ឃាតករ​បាន​ប្រើ​អស់​រយៈពេល​១៧​ថ្ងៃ ទម្រាំ​បាន​បញ្ចប់​ប្រតិបត្តិការ​នេះ​បន្ទាប់​ពី​សម្លាប់​ជន​ដៃដល់​ដែល​តដៃ​មិន​ព្រម​ប្រគល់​ខ្លួន​ឈ្មោះ អ៊ា ណា​រ៉េ​ន ដោយ​ជោគជ័យ ។ មុន​ពេល​ឈាន​ដល់​ជម្រើស​បញ្ចប់ជីវិត​ជន​ជា​ឃាតករ​នេះ​ដោយសារ​តែ​ខណៈ​មានការ​ផ្ទុះអាវុធ​មក​លើ​កម្លាំង​សមត្ត​កិច្ចសហការ​គ្នា​តាំងពី​ថ្នាក់​ក្រសួង រាជធានី ខេត្ត ហើយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ល្អ​ដែរ ។

ក្រោយ​បញ្ចប់ជីវិត​ខ្មាន់កាំភ្លើង​គេ​បាន​សង្កេត​ឃើញ​នៅ​កន្លែង​លាក់ខ្លួន​របស់​ឧក្រិដ្ឋជន​មាន​ឧបករណ៍​សម្ភារៈ និង​ស្បៀង​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន ហាក់បីដូចជា​មាន​លក្ខណៈ​គេចខ្លួន​យូរអង្វែង ឬ​ត្រៀមប្រយុទ្ធ​ជាមួយ​សមត្ថកិច្ច​ដូច​ចោរព្រៃ មាន​ដូច​ជា​កន្ទេល​​ក្រាល​ដេក​១ អង្រឹង​១ ភួយ​១ មុង​១ ស្រោមជើង​២​គូ អាវ​ក្រណាត់​ដៃ​វែង ខោ​ជើងវែង ស្រោមដៃ​២​គូ អំបោះ​ដេរ​ពណ៌​ខ្មៅ​១​ដុំ ភ្ជាប់​ជាមួយ​ម្ជុល​១ កៅស៊ូ​តង់​២​សម្រាប់​ប្រក​ធ្វើ​ជា​ដំបូល ស្លាបព្រា​សម្រាប់​ហូប​បាយ​២ កន្ត្រៃ​តូច​១ មី​ម៉ា​ម៉ា​៣​កញ្ចប់ ច្រាស​និង​ថ្នាំដុសធ្មេញ ប្រេងកូឡា​១​ដប ត្រីខ​២​កំប៉ុង ថ្នាំពេទ្យ​ច្រើន​មុខ​និង​ច្រើន​គ្រាប់ សាប៊ូ​កក់សក់​២​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន សម្បក​ដប​ទឹក​សុទ្ធ​២ និង​ក៏​មាន​ចំណីអាហារ​ដូច​ជា ចេក​ខ្ចី និង​នំ​បុ័ង​មួយ​ថង់ ។ សម្ភារៈ​ទាំងអស់​នេះ​ត្រូវ​បាន​សមត្ថកិច្ច នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ប្រមូល​ទុក​ជូន​តុលាការ​ជា​វត្ថុ​តាង​ផង​ដែរ ។

ជុំវិញ​ប្រតិបត្តិការ​១៧​ថ្ងៃជុំវិញ​រង្វង់​ប្រតិបត្តិការ ដឹកនាំ​ចាប់ខ្លួន​ជន​សមគំនិត និង​ជន​ដៃដល់ ដែល​បាន​បាញ់ប្រហារ លោក​វរសេនីយ៍ទោ រ៉េ​ត ស៊ី​ណែ​ត នោះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន បាញ់​សម្លាប់ ខណៈ​ជនសង្ស័យ​ដក​កាំភ្លើង បម្រុង​បាញ់​សំដៅ​មក​លើ​កងកម្លាំង​ដោយ​មិន​ព្រម​ប្រគល់​ខ្លួន​តាម​សម្រួល ។អស់​រយៈពេល​១៧​ថ្ងៃ ដែល​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ចុះ​ធ្វើការ​នេះ​យ៉ាង​ម៉ត់ចត់​យកចិត្តទុកដាក់​បំផុត ។

ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុ​ិ​ន បូ​រ៉ា អគ្គស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នង​ការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ ។ ដោយ​បាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ កម្លាំង​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​ខេត្តបាត់ដំបង មណ្ឌល​គី​រី រតនគីរី ស្ទឹង​ត្រែង និង​ខេត្តក្រចេះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ អ៊ា ណា​រ៉េ​ន អាយុ ៣៩​ឆ្នាំ ធ្លាប់​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​បាញ់​ប្លន់​យក​ទូរស័ព្ទ​៩២០០ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ កាលពី​កំឡុង​ឆ្នាំ​២០០៣ ទើបនឹង​ចេញពី​គុក​ក្នុង​ឆ្នាំ​២០១៨ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​សម្លាប់​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ មក​រា ២០២១ នេះ ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ អូរ​កណ្តៀរ ក្នុង​ដីចម្ការ​ស្វាយចន្ទី ភ្នំ​អូរ​កណ្តៀរ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ខណៈ​សមត្ថកិច្ច​ឡោម​ព័ទ្ធ​ជាប់​បញ្ជា​ឱ្យ​ទម្លាក់អាវុធ ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ។ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម បាន​ដក​កាំភ្លើង​បម្រុង​បាញ់​មក​លើ​កងកម្លាំង ទើប​សមត្ថកិច្ច​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ។ ខណៈនោះ​ជនសង្ស័យ​ជា​ឃាតករ​បាន​បាញ់​តប​ជាមួយ​សមត្ថកិច្ច​អស់​១​បង់ ក៏​ត្រូវ​សមត្ថកិច្ច​យើង​បាញ់​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

គួរ​រំលឹក​ថា នៅ​យប់​ថ្ងៃ​ទី​២៩ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ២០២០ ជនសង្ស័យ​បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ស៊ី​ណែ​ត ឋានន្តរសក្តិ​វរសេនីយ៍ទោ នាយ​រង​ការិ​យាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​មុខ​ព្រ​លាន​យន្តហោះ​ពោធិ៍​ចិន​តុង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្តើម​ចេញពី​គ្រោះថ្នាក់​ចរាចរណ៍ ។

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន បើក​រថយន្ត​ដែល​ជិះ យក​ទៅ​ផ្លុ​ង​ចោល​ក្បែរ​ផ្ទះ​មួយ​ស្ថិត​ភូមិ​ស្វាយ​ឧត្តម សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ ។ ក្រោយមក​ទើប​ជនសង្ស័យ​បាន​បែងចែក​គ្នា​រត់គេច​ខ្លួន ដោយ​ឈ្មោះ កែវ សុខ​មាន រត់​ទៅ​សម្ងំ​លាក់​ខ្លួន​ជាមួយ​មិត្តភក្តិ ក្នុង​បន្ទប់​ជួល​ក្បែរ​វត្ត​ទួល​តា​ឯក ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​ទី​៣ មក​រា ២០២១ ។

ចំណែក​ជន​ដៃដល់​ឈ្មោះ អ៊ា ណា​រ៉េ​ន បាន​បើករថយន្ត​ជាមួយ​ប្រពន្ធ​កូនស្រី​និង​ស្ត្រី​ម្នាក់​ទៀត​សំដៅ​ទៅ​ខេត្តមណ្ឌលគិរី ហើយ​បាន​បុក​ប៉ា​រ៉ា​ស់​សមត្ថកិច្ច​ដាក់​គោលដៅ ចំនួន​៣​គោលដៅ​នៅ​រសៀល​ថ្ងៃ​ទី​៤ មក​រា ២០២១ ក្នុងស្រុក​កោះ​ញែក ។ ថ្ងៃ​ទី​៥ មក​រា ជនសង្ស័យ​បាន​ដើរ​ឆ្លងកាត់​តាម​ព្រៃ មក​ដល់​ខេត្តរតនគិរី និង​បន្ត​ថ្មើរជើង​តាម​ព្រៃ ឆ្លង​ចូល​ខេត្តស្ទឹងត្រែង​បន្ត​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​ការ​បង្ក្រាប​ឃាត់ខ្លួន​មួយ​នេះ​ពិបាក​បំផុត ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​បំផុត​ផង​ដែរ ព្រោះ​ជន​ដៃដល់​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ឆ្លងកាត់​រៀនសូត្រ​ជា​កង​កុម្ម៉ង់ដូ​ពិសេស​យ៉ាង​ស្ទាត់ជំនាញ ។

រហូត​ដល់​វេលា​ម៉ោង​៥​រសៀល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ ហើយ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​គ​របាល​ខេត្តក្រចេះ ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វ​ដ​វន ចុះ​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១​របស់​លោក លិ សុ​ផា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

នៅ​វេលា​ម៉ោង​១៧​និង​៤៦​នាទី កម្លាំង​សមត្ថកិច្ច​យើង​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ចំណុច​មាត់​អូរ​ជាប់ជើង​ភ្នំ​អូរ​កណ្តៀរ ក្នុង​ដីចម្ការ​ស្វាយចន្ទី ស្តិ​ត​ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ហើយ​សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​ប្រគល់​ខ្លួន​តាម​សម្រួល ប៉ុន្តែ​ខណៈ​ពេល​នោះ​ជនសង្ស័យ​រឹងរូស​មិន​ព្រម​ប្រគល់​ខ្ល​ន និង​បាន​បាញ់​មក​លើ​សមត្ថកិច្ច​យើង ថែម​ទៀត ។

ភ្លាម​នោះ​ សមត្ថកិច្ច​យើង​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ដោយ​បាញ់​តបត​គ្នា​ទៅ​វិញ​ទៅ​មក​បណ្តាល​ឲ្យ​ឃាតករ​កំណាច​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ ។ វត្ថុ​តាង​ដកហូត​មាន​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក CZ 75B លេខ 5493V ពណ៌​ទឹកប្រាក់ ។ បច្ចុប្បន្ន​សាកសព​ទុក​នៅ​វត្ត​អូរ​កណ្តៀរ​បាន​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ