ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ខណៈពេលជនរងគ្រោះទាំង៤នាក់បានធ្វើដំណើរត្រឡប់វិញជិតដល់លំនៅដ្ឋានរបស់ខ្លួនទៅហើយ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង30នាទីយប់ ថ្ងៃទី16 ខែមករា ឆ្នាំ២០២១ គ្នាពេកជនរងគ្រោះទាំង 4 នាក់ ធ្វើដំណើរត្រឡប់ ជិតដល់លំនៅដ្ឋាន របស់ខ្លួន។
យោងតាមប្រភពបឋមពីកន្លែងកើតហេតុ លោកវរសេនីយ៍ឯក ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ថ្ងៃទី១៦ មករា ២០២១ វេលាម៉ោង១១និង៣០នាទីយប់ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 ធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃ រួចក៏បុកជាមួយនឹងរថយន្ត១គ្រឿងទៀតម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2C-0818 មានទិសដៅពីផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ៤៨ឆ្នាំ (បាត់បង់ជីវិត) និងអ្នករួមដំណើរចំនួន៣នាក់ទៀត ១-ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ៤១ឆ្នាំ (របួសធ្ងន់), ២-ឈ្មោះ សាសា ភេទប្រុស អាយុ១១ឆ្នាំ (របួសធ្ងន់) និង៣-ឈ្មោះ លីន អាយុ២៩ឆ្នាំ (បាត់បង់ជីវិត) អ្នកទាំង៤មានទីលំនៅក្នុងភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឱ្យមនុស្សចំនួន២នាក់ត្រូវបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំង២នាក់ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជន នៅឃុំអូរឧកញ៉ាហេង រីឯវត្ថុតាងរថយន្តទាំង២ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ស្រមោល ក្រោយពេលកើតហេតុផងដែរ ។
ចែករំលែកព័តមាននេះ