ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យទី៩ នៃមន្ទីប្រឆាំងគ្រឿងញៀន។
ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទៅ យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោក ដុសវណ្ណា សុវឌ្ឍនៈ នាយការិយាល័យ បានចុះទៅសហការជាមួយនគរបាលខេត្តស្ទឹងត្រែង បានបើកកិច្ចបង្ក្រាបបទល្មើសគ្រឿងឆ្លងដែនមួយករណី នៅចំណុចស្ពានទី២ ច្រករបៀង ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរ ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ និងរឹបអូសគ្រឿងញៀនសរុប៤៦ដុំ ស្មើប្រមាណ៤៦គីឡូក្រាម។
លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បន្តថា ក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មានច្បាស់ការ ដឹងថាមានឈ្មួញគ្រឿងញៀនមួយក្រុម បានដឹកជញ្ជួនគ្រឿងញៀនរាប់គីឡូក្រាម លោតឆ័ត្រឆ្លងដែនចេញពីប្រទេសឡាវ ឆ្លងកាត់តាមបន្ទាត់ព្រំដែនខេត្តស្ទឹងត្រែង បំណងចូលមកប្រទេសកម្ពុជា នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញ(ក៩)មន្ទីរប្រឆាំងគ្រឿងញៀន និងដោយមានការស្នើសុំចូលរួមបន្ថែមពីកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីឯកឧត្ដមព្រះរាជជាជ្ញា ជេត ខេមរា ។
បានដំណើរការ ស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ អ៊ា ថ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ និងឈ្មោះ ទិន កែវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវដូចគ្នា។ វត្ថុតាងចាប់យកមានសារធាតុញៀន ម៉េតំហ្វេតាមីន(ICE)៤៦ ដុំ ស្មើទម្ងន់ប្រមាណ៤៦គីឡូក្រាម ដែលជនសង្ស័យបានលាក់ទុក កន្លែងផ្សេងៗគ្នា។ ក្រោយកិច្ចប្រតិបត្តការនេះ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធី៕ ដោយ ៖ ឃឹម ប៊ុនណាក់
ចែករំលែកព័តមាននេះ