ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកពេលសវនាការលើសំណុំរឿង រ៉ុង ឈុន និងបក្ខពួក ទៅថ្ងៃទី៣ ខែកុម្ភៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទ​ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម ដែលបទល្មើសនេះ មានចែងក្នុងមាត្រា…

រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទ​ញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម ដែលបទល្មើសនេះ មានចែងក្នុងមាត្រា ៤៩៤ នឹង៤៩៥ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងនេះ ​មានជនត្រូវចោទចំនួន ៤ នាក់ បាននាំមកឈរ​មុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការ សាកសួរដេញដោល​។

សវនាការនេះ ដឹកនាំដោយលោក លិ សុខា ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការ គឺលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​។

សវនាការ បានធ្វើឡើងចំពោះមុខជនត្រូវចោទ ៤នាក់ មាន ១.លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ២.លោក សួង សុភណ្ឌ ៣.លោក តុល និមល និង៤.អ្នកស្រី ស កណិការ ដែលជនត្រូវចោទ សុទ្ធតែមានមេធាវីការពារក្តីរៀងខ្លួន។

សវនាការនេះ ​ក៏​ចូលរួមតាមដានពីសំណាក់តំណាងអង្គទូត និងអង្គការ​សង្គមស៊ីវិលប្រមាណ ១៥ នាក់ និងអ្នកសារព័ត៌មាន ៥ នាក់ ផងដែរ​។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល រាជធានី​ភ្នំពេញ ចាប់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈ ឱ្យអាជ្ញាធរចាត់វិធាន​ការចំពោះ លោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយ ជុំវិញទស្សនៈ​កិច្ច​របស់លោក ទៅកាន់ព្រំដែន រវាងប្រទេសកម្ពុជា និង​ប្រទេស​វៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​។

លោក រ៉ុង ឈុន បានផ្ដល់បទសម្ភាសន៍ តាមវិទ្យុមួយ នៅមុនពេលមានការចាប់ខ្លួន​លោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់នេះថា រូបលោក បានចែករំលែកព័ត៌មានមិនពិត តាមរយៈសេចក្ដីថ្លែងការណ៍ ជាសាធារណៈមួយ ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដី​នៅតាមបណ្ដោយព្រំដែន​។

ក្រោយការចាប់ខ្លួនលោករ៉ុងឈុន ក៏មានក្រុម​លោកសួងសុភ័ណ្ឌ បានចុះទៅពិនិត្យព្រំដែន ក្នុងខេត្តត្បូងឃ្មុំ នៅកន្លែងដែល​លោករ៉ុងឈុន អះអាងថា ការបោះបង្គោលកំណត់ព្រំដែន​រវាង​កម្ពុជា និងវៀតណាម នាំ​ឲ្យកម្ពុជាបាត់បង់ទឹកដី​។ លោកសួងសុភ័ណ្ឌ ប្រធានគណបក្ស​នយោបាយមួយ ក៏បានអះអាងពីការបាត់ដីដូចគ្នានឹងលោករ៉ុងឈុនដែរ​។

ដោយឡែក នៅក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានដាក់ពង្រាយកងកម្លាំងនគរបាល និងប្រជាការពារខណ្ឌ ៧មករា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​។

យ៉ាងណាក្តី​ ព្រឹត្តការណ៍ប្រមូលផ្តុំ​នៅមុខតុលាការនោះ គេបានឃើញវត្តមានលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែល​មានបំណង ចង់ចូលរួមស្តាប់សវនាការនោះដែរ។​ ប៉ុន្តែដោយសារលោក ឡៅ ម៉ុងហៃ មិនបានដាក់ពាក្យស្នើសុំ និងមិនបាន​ទាក់ទង​ទៅផ្នែករដ្ឋបាល​សាលាដំបូងមុន ទើប​ឆ្មាំការពារតុលាការ មិនអនុញ្ញាតឲ្យចូល ដោយយោងទៅលើសាល​ប្រជុំ តូចចង្អៀត និង​ការពារ​ការឆ្លងរាលដាល​មេរោគកូវីដ.១៩។ ​លោក ឡៅ ម៉ុងហៃ ក៏មិនជំទាស់ ហើយបានវិលត្រឡប់ទៅវិញ​។

ក្រៅពីនេះ នៅមានអ្នកមកគាំទ្រក្រុមលោក រ៉ុង ឈុន ប្រមាណ ២៥ នាក់។ ក្នុងនោះ មានក្រុមគ្រូបង្រៀនឯករាជ្យ ១២ នាក់ ហើយអ្វីមិនខាននោះ គឺក្រុមស្ត្រីអ្នកតវ៉ាថ្ងៃសុក្រ ប្រមាណ ១៣ នាក់ ក៏បានមកក្រវែលជុំវិញ​សាលាដំបូងដែរ។ ប៉ុន្តែត្រូវសមត្ថកិច្ចបំបែក និងដេញឲ្យទៅឆ្ងាយ មិនឲ្យរំខានដល់អង្គសវនាការ​។

ក្រៅពីនោះ មានក្រុមសកម្មជនតវ៉ាសហគមន៍​ថ្មគោល អ្នកឃ្លាំមើល​អង្គការសិទ្ធិមនុស្ស ( UN ) ២នាក់ អង្គការលីកាដូ ២ នាក់ និ​ងអ្នកសារព័ត៌មាន ក្នុងស្រុកប្រមាណ ៩នាក់ផងដែរ​។

សវនាការ បាន​សាកសួរដេញដោលលើជនជាប់ចោទ តាមនីតិវិធី និងប្រព្រឹត្តទៅ ដោយតម្លាភាព រហូតដ​ល់ម៉ោង ១១ និង៣០នាទីព្រឹក ត្រូវបានបញ្ចប់។

​លោកចៅក្រមជំនុំជម្រះ បានប្រកាសលើកពេល ដោយបន្តសវនាការលើសំណុំ​រឿងនេះ ទៅ​ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ បន្តទៀត​៕ ដោយ៖​ ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ