ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ពន្លះ​រថយន្ត​ស៊េរី​ទំនើប​​ ម្ចាស់​​ទារ​សំណង​ជាង​​២​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ម៉ាក Chevrolet មួយ​គ្រឿង បាន​ក្រពឹត និង​បែក​កញ្ចក់​ផ្នែក​ខាងឆ្វេង​រង​ការ​ខូ​ច​ខាត​យ៉ាងដំណំ ខណៈ​ពេញ​ដែល​កំពុង​តែ​បើកបរ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ម៉ាក Chevrolet មួយ​គ្រឿង បាន​ក្រពឹត និង​បែក​កញ្ចក់​ផ្នែក​ខាងឆ្វេង​រង​ការ​ខូ​ច​ខាត​យ៉ាងដំណំ ខណៈ​ពេញ​ដែល​កំពុង​តែ​បើកបរ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ឆ្លងផ្លូវ​ជិត​ផុត​ទៅ​ហើយ​នោះ ក៏​ស្រាប់តែ​ត្រូវ​រថយន្តក្រុង​​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុន្នី មួយ​គ្រឿង បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​មក​បុក​ពេញ​មួយ​ទំហឹង​តែ​ម្តង សំណាងល្អ​មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ត្រូវ​ភាគី​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​ថ្លៃ​ជួសជុល​រថយន្ត​ចំនួន ២ ៥០០០​ដុល្លារ​។

សេចក្តីរាយការណ៍​បន្ត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​លេខ ១០៨ កែង​ផ្លូវ​០៩ (​ខាងលិច​ផ្សារ​ចាស់​) ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា រថយន្ត​បង្ក​ដែល​ជា​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុន្នី ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ៣E-៦៩៨០ ចំណែកឯ​រថយន្ត​ស៊េរី​ទំនើប​ដែល​រង​ការ​ខូចខាត​នោះ គឺ​ម៉ាក Chevrolet ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២BA-២៩៥៥​។

ប្រភព​ដែល​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ម៉ាក Cherovlet បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​០៩ ពី​ត្បូង​ទៅ​ជើង ឆ្លងកាត់​សួនច្បារ​ផ្សារ​ចាស់ ជិត​ផុត​ទៅ​ហើយ ក៏​ស្រាប់តែ​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន រិ​ទ្ធិ​មុន្នី បាន​បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​គ្មាន​បង្អន់ល្បឿន​ឡើយ​តាម​ផ្លូវ​លេខ​១០៨ ពី​លិចទៅ​កើត ក៏​មក​បុក​ចំ​ទ្វារ​ផ្នែក​ខាងឆ្វេង​ដែល​ជា​កន្លែង​អ្នកបើកបរ បណ្តាល​ឱ្យ​ក្រពឹត​អស់​មួយ​ចំហៀង និង​បែក​កញ្ចក់​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ស៊េរី​ទំនើប​ដែល​មាន​តម្លៃ​រាប់​សិប​ម៉ឺន​នេះ​ដែរ គឺ​កើតឡើង ដោយសារ​តែ​អ្នកបើកបរ​រថយន្តក្រុង​បើកបរ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌដូនពេញ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​ដែល​រង​ការ​ខូចខាត​អស់​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងធ្ងន់ធ្ងរ​នោះ បាន​ទាមទារ​សំណង​ជួសជុល​ពី​ភាគី​រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ចំនួន ២ ៥០០០​ដុល្លារ ប៉ុន្តែ​ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​ឡើយ ទើប​សមត្ថកិច្ច​ក៏​បញ្ជូន​រថយន្ត​ទាំង​២​គ្រឿង​នេះ​បន្ត​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ជា​បន្ត​ទៅ​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ