ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត អបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមលោតឆត្រ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ លោក​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាម​ដែល​បានឆ្លងកាត់វគ្គហ្វឹកហ្វឺន​លោតឆត្រយោងទាំងអស់​។ លោក​​ឧត្តមសេនីយ៍ឯក…

ខេត្តកំពង់ស្ពឺ៖ លោក​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាម​ដែល​បានឆ្លងកាត់វគ្គហ្វឹកហ្វឺន​លោតឆត្រយោងទាំងអស់​។

លោក​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ ក្នុងពិធីបញ្ចុះបឋម​សិលា​សាងសង់សំណង់បចេ្ចកទេសលោតឆត្រយោង សម្ពោធសមិទ្ធផល បិទវគ្គហ្វឹកហ្វឺនជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោក ហ៊ុន ម៉ាណែត ​បានលើកឡើងថា សមិទ្ធផលនានា ដែលត្រូវបានដាក់សម្ពោធថ្ងៃនេះមាន​អគារស្នាក់នៅរបស់សិក្ខាកាម និងអគារអាហារដ្ឋាន រួមទាំងអគារសំណង់បច្ចេកទេសឆត្រយោង ដែលទើបត្រូបានបញ្ចុះបឋមសិលាសាងសង់ ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត គឺជាផ្នែកមួយនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា​របស់សាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ សម្រាប់បម្រើឱ្យការងារហ្វឹកហ្វឺនជំនាញទ័ពពិសេស ដែលស្ថិតនៅក្នុងលំដាប់ការងារអាទិភាពមួយរបស់កងទ័ពជើងគោក។

លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងយោធិនទាំងអស់នៃបញ្ជាការដ្ឋានទ័ពពិសេស ក្នុងការខិតខំប្រឹងប្រែងប្រែក្លាយទីនេះឲ្យទៅជាកន្លែងហ្វឹកហ្វឺនក្នុងការលោតឆត្រដែលជាមូលដ្ឋានរឹងមាំ ដើម្បីកសាងនូវទីតាំងយូរអង្វែង ហើយស្របពេលដែល អង្គភាព៩១១ បានប្រែក្លាយខ្លួនពីកងពលតូចទៅជាបញ្ជាការដ្ឋានទ័ពពិសេស ដោយបង្កើននូវវិសាលភាពតួនាទី និងភារកិច្ចកាន់តែធំជាងមុន។ ទីតាំងនេះ នឹងជាមូលដ្ឋានសម្រាប់ជួយពង្រឹងជំនាញទ័ពពិសេសសម្រាប់គ្រប់អង្គភាពចំណុះ ក៏ដូចជាគ្រប់បណ្តាកងកម្លាំងប្រដាប់អាវុធជាតិទាំងអស់។ ម្យ៉ាងវិញទៀត បញ្ជាការដ្ឋានទ័ពពិសេសមានវិសាលភាពធំធេងក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ដោយហេតុថាជំនាញទ័ពពិសេសនេះ គឺជាតម្រូវការចំាបាច់សម្រាប់បរិបទថ្មីនៃសង្រ្គាមបែបមិនប្រពៃណីដូចជា គ្រោះមហន្តរាយធម្មជាតិ និងអំពើភេរវកម្ម ជាដើម។

លោកមេបញ្ជាការរង សូមអរគុណ និងកោតសរសើរចំពោះបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលកន្លងមកបានចាត់វិធានការប្រុងប្រយ័ត្នរឹងមាំ និងបានអនុវត្តនូវរាល់វិធានការសុខាភិបាលបានយ៉ាងខ្ជាប់ខ្ជួន ដោយមិនទាន់មានយោធិនក្នុងប្រទេសណាម្នាក់រងគ្រោះដោយសារជំងឺកូវីដ-១៩ នៅឡើយ។ ស្ថានភាពទូទៅក្នុងពិភពលោកបច្ចុប្បន្ននៃជំងឺកូវីដ-១៩ នៅមិនទាន់បានធូរស្រាលនៅឡើយ ហើយក្នុងនោះប្រទេសមួយចំនួន កំពុងបន្តរងគ្រោះដោយសាររលកទី២ និងទី៣ ដូច្នេះយើងមិនអាចមើលស្រាល ឬធ្វេសប្រហែសនឹងបញ្ហានេះឡើយ។ យើងត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយអនុវត្តតាមការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងអង្គភាព ក៏ដូចជាចូលរួមបង្ការការឆ្លងនៅក្នុងសហគមន៍គ្រួសារកងទ័ព និងគ្រួសារប្រជាពលរដ្ឋ ដោយរួមទាំងការត្រៀមលក្ខណៈចូលរួមឆ្លើយតប តាមផែនការទិសដៅការងាររបស់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅពេលមានតម្រូវការ។

លោកសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានហែលឆ្លងបញ្ចប់វគ្គហ្វឹកហ្វឺនដ៏លំបាកនេះ។ ជោគជ័យនេះ គឺកើតចេញពីការហាត់ពត់លត់ដំកាយសម្បទា ស្មារតី និងសតិអារម្មណ៍ក្នុងការជម្នះនូវការលំបាកគ្រប់បែបយ៉ាង ហើយគឺមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់រូប ជាមួយការសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខិតខំ​ប្រឹងប្រែងបន្តរៀនសូត្រ និងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺនទាំងនេះ សម្រាប់យកទៅបំពេញរាល់ភារកិច្ចឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង។

 អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក សូមអរគុណចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់​ថ្នាក់ ភាគីមិត្ត និងសប្បុរសជនទាំងអស់ ដែលបានជ្រោមជ្រែងក្នុងកិច្ចការកសាង​សមត្ថភាព​កងទ័ពលើគ្រប់ផ្នែកទាំងការកសាងហេដ្ឋាចរនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងការធានាផ្សេងៗ។ ទាំងអស់នេះបានស្តែងឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដោយឈរលើបុព្វហេតុរួម គឺការកសាងមូលដ្ឋាននៃកិច្ចការពារជាតិ ដើម្បីធានាបាននូវសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាស​សម្រាប់ការអភិវឌ្ឍជាតិ។ និយាយបកត្រឡប់ទៅវិញ សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច ក៏ជាការផ្តល់នូវឱកាស សម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទផងដែរ ជាពិសេសក្នុងពេលដែលកម្ពុជាទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះ ដែលមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាស្ថាបនិក។

សូមរម្លឹកថា ក្នុងពិធីលោតឆត្រយោងបញ្ជាសម្តែង នៅ​ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរ ជំនាន់ទី១០​ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍នឹកស្មានមិនដល់ បានកើតឡើង បណ្តាលឲ្យលោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង ខុសលក្ខណ:បច្ចេកទេស ក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់ រងរបួសធ្ងន់។

បន្ទាប់មក ត្រូវបានអង្គភាព ដឹកយកទៅសង្រ្គោះ​បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២:៣០នាទី ទើ​ប​អង្គភាព ទទួលបានដំណឹងថា លោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ។ មូលហេតុ​ដោយសារតែ​ឆត្រយោងរបស់​លោកវរសេនីយ៍ត្រី លឹម សាយ ទាក់នឹង​ឆត្រយោង​មួយផ្សេងទៀត។ ម្នាក់ទៀតនោះ ក៏ត្រូវបានរាយការណ៍ថា រងរបួសធ្ងន់​ កំពុងសម្រាកព្យាបាល​ផងដែរ​៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ